ទីក្រុងហ្វូចូវ/ប្រទេសចិន៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា, មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា ចំនួន៧រូប បានអញ្ជើញចូលរួមក្នុង«សិក្ខាសាលាស្តីពីការកសាងសមត្ថភាពអភិបាលកិច្ចសម្រាប់បណ្តាប្រទេសនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (BRI)» ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ខែមិថុនា ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង និងទីក្រុងហ្វូចូវ ខេត្តហ្វូជៀន សាធារណរដ្ឋប្រជាមានិតចិន។
សិក្ខាសាលាដ៏មានសារៈសំខាន់កម្រិតអន្តរជាតិនេះ រៀបចំឡើងដោយក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន (MOFCOM) សហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិនៃខេត្តហ្វូជៀន (Fujian) ដោយមានការអញ្ជើញចូលរួមពីសិក្ខាកាមប្រមាណជិត ៣០រូប មកពីបណ្តាប្រទេសចំនួន ៦ រួមមាន៖ ព្រះរាជាណាចក្រកម្ពុជា (Cambodia), សាធារណរដ្ឋតួកគី (Türkiye), សាធារណរដ្ឋអាស៊ែបៃហ្សង់ (Azerbaijan), សាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា (Sri Lanka), សាធារណរដ្ឋកេនយ៉ា (Kenya) និងសាធារណរដ្ឋសៀរ៉ាឡេអូន (Sierra Leone)។
តំណាងគណៈប្រតិភូនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន និងគណៈកម្មការរៀបចំកម្មវិធី ដែលបានផ្តល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ។ តំណាងប្រតិភូកម្ពុជាបានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលរយៈពេល ៣សប្តាហ៍នេះ គឺជាវេទិកាដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការផ្លាស់ប្តូរទស្សនទាន និងបទពិសោធន៍ជាក់ស្តែងលើការងារអភិបាលកិច្ចឌីជីថល និងការធ្វើទំនើបកម្មរដ្ឋបាលសាធារណៈ ដែលឆ្លើយតបចំបញ្ហាប្រឈមក្នុងយុគសម័យបច្ចុប្បន្ន។
សម្រាប់កម្ពុជា រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កំពុងអនុវត្តយ៉ាងសកម្មនូវ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» ដោយផ្តោតលើមុំគន្លឹះចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ដូច្នេះ បទពិសោធន៍ជោគជ័យរបស់មិត្តចិន លើការកែទម្រង់រដ្ឋបាលសាធារណៈ និងការកាត់បន្ថយភាពក្រីក្រ តាមរយៈអភិបាលកិច្ចល្អ នឹងក្លាយជាមេរៀនដ៏សំខាន់ សម្រាប់មន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាយកទៅសម្របសម្រួល និងអនុវត្តក្នុងស្ថាប័នឱ្យកាន់តែមានប្រសិទ្ធភាព។
ទន្ទឹមនឹងការប្តេជ្ញាចិត្តក្រេបជញ្ជក់ចំណេះដឹង និងបទពិសោធន៍ពីការចុះកម្មសិក្សាផ្ទាល់នៅខេត្តហ្វូជៀន វត្តមានរបស់គណៈប្រតិភូមន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជានាពេលនេះ ក៏ជួយរឹតចំណងមិត្តភាពរវាងកម្ពុជា-ចិន ក្នុងនាមជា «មិត្តដែកថែប» និងជា «សហគមន៍វាសនារួម ក្នុងយុគសម័យថ្មី» ឱ្យកាន់តែរឹងមាំ ព្រមទាំងបង្កើតនូវបណ្តាញទំនាក់ទំនងការងារយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសដៃគូ BRI ផ្សេងទៀតផងដែរ៕



