ស្ទឹងត្រែង៖ឯកឧត្តមបណ្ឌិត លី ឆេង អនុប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា (តំណាង លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិលប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា) នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង ដឹកនាំដោយ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សរ សុពុត្រា អភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត តំណាងរាស្ត្រមណ្ឌលខេត្តស្ទឹងត្រែង។
គោលបំណងសំខាន់នៃជំនួប គឺដើម្បីស្វែងយល់ពីលទ្ធផលការងារ និងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រដ្ឋបាលខេត្តពិនិត្យប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងប្រមូលព័ត៌មានជុំវិញបញ្ហាប្រឈមនានា ប្រមូលសំណូមពររបស់ខេត្ត ដើម្បីរាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ។
ជាលទ្ធផល គណៈកម្មការទី៩បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តនិងបានផ្តល់អនុសាសន៍គន្លឹះៗលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវ ទឹក ភ្លើង) ការគ្រប់គ្រងអាជីវកម្មរ៉ែ ការចុះបញ្ជីដីធ្លី ការធ្វើបរិវត្តកម្មឌីជីថល (Digital Transformation) ក្នុងការផ្តល់សេវាសាធារណៈ និងការផ្សព្វផ្សាយច្បាប់ឱ្យកាន់តែទូលំទូលាយ៕














