សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីផ្លូវថ្នល់ និងត្រៀមចុះបេសកកម្មនៅភូមិភាគឦសាន
គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីផ្លូវថ្នល់ និងត្រៀមចុះបេសកកម្មនៅភូមិភាគឦសាន
Prepaired By: NA0989 ​ Date: (6/9/2026 9:36:25 PM )

វិមានរដ្ឋសភា៖ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា (គណៈកម្មការទី៩) នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នេះបានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យ និងពិភាក្សាលើ «សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់» ដែលស្នើឡើងដោយរាជរដ្ឋាភិបាល។

កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានពិនិត្យលើសេចក្តីព្រាងច្បាប់នេះ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ។ លោកជំទាវប្រធាន បានដឹកនាំសមាជិក សមាជិកា ពិភាក្សា និងពិនិត្យលម្អិត ដើម្បីរៀបចំជារបាយការណ៍ដាក់ជូនសម័យប្រជុំពេញអង្គរបស់រដ្ឋសភានាពេលខាងមុខ។

គួររំលឹកដែរថា ច្បាប់ស្តីពីផ្លូវថ្នល់នេះ ត្រូវបានអនុម័តដោយរដ្ឋសភានីតិកាលទី៥ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៤ និងអនុម័តដោយព្រឹទ្ធសភានៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៤ ព្រមទាំងត្រូវបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការដោយព្រះរាជក្រម ចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៤។

បើតាមការបញ្ជាក់ពីខាងរាជរដ្ឋាភិបាល បទប្បញ្ញត្តិមួយចំនួននៃច្បាប់ចាស់មិនទាន់មានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីឆ្លើយតបទៅនឹងការវិវត្តជាក់ស្តែងនៃសភាពការណ៍សេដ្ឋកិច្ច-សង្គម ទាំងក្នុងប្រទេស តំបន់ និងសកលលោកនៅឡើយ។ ហេតុនេះ ការធ្វើវិសោធនកម្មឡើងវិញ (ដែលមានចំនួន ១៥មាត្រា) គឺជារឿងចាំបាច់បំផុត ដើម្បីបម្រើដល់ផលប្រយោជន៍រួមរបស់ប្រជាជាតិ។

ក្រៅពីរបៀបវារៈខាងលើ គណៈកម្មការទី៩ ក៏បានពិភាក្សារៀបចំផែនការលម្អិត ដើម្បីត្រៀមលក្ខណៈចុះបំពេញបេសកកម្មការងារនៅខេត្តស្ទឹងត្រែង និងខេត្តរតនគិរី នាពេលខាងមុខនេះផងដែរ។

គោលបំណងសំខាន់នៃបេសកកម្មនេះ គឺដើម្បី៖

តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ លើប្រសិទ្ធភាពការងាររបស់រដ្ឋបាលថ្នាក់ដឹកនាំខេត្ត។

ចុះស្វែងយល់ផ្ទាល់ នៅតាមមន្ទីរជំនាញពាក់ព័ន្ធនឹងវិស័យទាំង៧ ដែលស្ថិតនៅក្រោមសមត្ថកិច្ចទទួលខុសត្រូវរបស់គណៈកម្មការទី៩ នៃរដ្ឋសភា៕