សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភា ទទួលពិនិត្យនិងសិក្សាសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ តាមសំណើរបស់រាជរដ្ឋាភិបាល
រដ្ឋសភា ទទួលពិនិត្យនិងសិក្សាសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ តាមសំណើរបស់រាជរដ្ឋាភិបាល
Prepaired By: NA0989 ​ Date: (6/9/2026 9:02:49 PM )

ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីពិនិត្យសេចក្តីព្រាងច្បាប់ស្តីពី «វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់» ដែលស្នើឡើងដោយរាជរដ្ឋាភិបាល។

ជាលទ្ធផលនៃកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍បានសម្រេចប្រគល់សេចក្តីព្រាងច្បាប់នេះ ទៅជូនគណៈកម្មការ សាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា ដើម្បីធ្វើការពិនិត្យ សិក្សាស្រាវជ្រាវ និងធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញជាប្រញាប់។

ច្បាប់ស្តីពីផ្លូវថ្នល់នេះ ត្រូវបានអនុម័តដោយរដ្ឋសភានីតិកាលទី៥ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៤ និងអនុម័តដោយព្រឹទ្ធសភានៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៤ ព្រមទាំងត្រូវបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការដោយព្រះរាជក្រមចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៤។

ឆ្លងកាត់រយៈពេលជាង ១២ឆ្នាំ នៃការអនុវត្តច្បាប់នេះ

រាជរដ្ឋាភិបាលបានពន្យល់ថា បទប្បញ្ញត្តិមួយចំនួនមិនទាន់មានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីឆ្លើយតបទៅនឹងការវិវត្តជាក់ស្តែងនៃសភាពការណ៍សេដ្ឋកិច្ច-សង្គម ទាំងក្នុងប្រទេស តំបន់ និងសកលលោកនោះឡើយ ដែលទាមទាការធ្វើវិសោធនកម្មឡើងវិញ (ដែលមានចំនួន ១៥មាត្រា) គឺជារឿងចាំបាច់បំផុត ដើម្បីបម្រើផលប្រយោជន៍រួមរបស់ប្រជាជាតិ។

យោងតាមសេចក្តីថ្លែងហេតុរបស់រាជរដ្ឋាភិបាល សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់នេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗដូចជា៖

_ កាត់បន្ថយការចំណាយលើការដឹកជញ្ជូន៖ ជួយសម្រួល និងកាត់បន្ថយថ្លៃដើមលើប្រតិបត្តិការដឹកជញ្ជូន និងឡូជីស្ទិករបស់វិស័យឯកជន ព្រមទាំងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងប្រទេស និងលើឆាកអន្តរជាតិ។

_ ធានាចីរភាពហេដ្ឋារចនាសម្ព័ន្ធ៖ បង្កើតយន្តការកាន់តែមានប្រសិទ្ធភាព ក្នុងការទប់ស្កាត់យានយន្តដឹកទម្ងន់លើសកម្រិតកំណត់ ដែលជាឫសគល់នៃការខូចខាតផ្លូវថ្នល់។

_ ពង្រឹងការអនុវត្តច្បាប់៖ កំណត់ទោសប្បញ្ញត្តិ និងការពិន័យអន្តរកាលឱ្យបានច្បាស់លាស់ មានតម្លាភាព និងមានសមធម៌ជាងមុន។

_ ទាក់ទាញវិនិយោគិន៖ បង្កើតទំនុកចិត្តដល់វិនិយោគិនជាតិ និងអន្តរជាតិ តាមរយៈការធ្វើបច្ចុប្បន្នភាពក្របខណ្ឌគតិយុត្ត ឱ្យស្របទៅនឹងការវិវត្តនៃបច្ចេកវិទ្យាយានយន្តទំនើបៗ។

_ ធានាសុវត្ថិភាពសង្គម៖ ចូលរួមចំណែកពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដើម្បីធានាសុវត្ថិភាពខ្ពស់ជូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទូទាំងប្រទេស។

បន្ទាប់ពីគណៈកម្មការជំនាញ (គណៈកម្មការទី៩) ពិនិត្យនិងសិក្សាសេចក្តីព្រាងច្បាប់នេះចប់សព្វគ្រប់ របាយការណ៍ លម្អិតនឹងត្រូវដាក់ជូនសម័យប្រជុំពេញអង្គរបស់រដ្ឋសភា ដើម្បីធ្វើការពិភាក្សា និងអនុម័តនាពេលឆាប់ៗខាងមុខនេះ៕