សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមបណ្ឌិត លី ឆេង អញ្ជើញដឹកនាំកិច្ចប្រជុំសំណេះសំណាល និងស្វែងយល់ពីវឌ្ឍនភាពការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខណ្ឌ និងសង្កាត់ទាំង៨ ក្នុងមូលដ្ឋានខណ្ឌ៧មករា
ឯកឧត្តមបណ្ឌិត លី ឆេង អញ្ជើញដឹកនាំកិច្ចប្រជុំសំណេះសំណាល និងស្វែងយល់ពីវឌ្ឍនភាពការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខណ្ឌ និងសង្កាត់ទាំង៨ ក្នុងមូលដ្ឋានខណ្ឌ៧មករា
Prepaired By: NA0989 ​ Date: (6/9/2026 9:02:45 PM )

រាជធានីភ្នំពេញ៖ ក្នុងក្របខណ្ឌនៃការចុះបំពេញបេសកកម្មជួបសំណេះសំណាល និងស្តាប់របាយការណ៍វឌ្ឍនភាពការងារនៅតាមមូលដ្ឋាន កាលពីថ្ងៃអាទិត្យ ទី០៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា (គណៈកម្មការទី៩) បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំរដ្ឋបាលខណ្ឌ និងក្រុមប្រឹក្សាសង្កាត់ទាំង៨ ក្នុងមូលដ្ឋានខណ្ឌ៧មករា រាជធានីភ្នំពេញ។

ពិធីសំណេះសំណាល មានការអញ្ជើញចូលរួមពី លោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ៧មករា, លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា រួមជាមួយលោក-លោកស្រី ជាសមាជិកក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលរងខណ្ឌ មន្ត្រីរាជការសាលាខណ្ឌ និងលោក-លោកស្រីជាចៅសង្កាត់ ចៅសង្កាត់រង ព្រមទាំងសមាជិកក្រុមប្រឹក្សាសង្កាត់ទាំង៨ នៃខណ្ឌ៧មករា ។

លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បានឡើងធ្វើរបាយការណ៍ស្វាគមន៍ និងជម្រាបជូនអង្គពិធីទាំងមូលអំពីស្ថានភាពទូទៅ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ លទ្ធផលនៃការផ្តល់សេវា រដ្ឋបាលជូនប្រជាពលរដ្ឋ ព្រមទាំងសមិទ្ធផលនានាដែលរដ្ឋបាលខណ្ឌ និងសង្កាត់ទាំង៨ សម្រេចបានក្នុងរយៈពេលកន្លងមក។ ជាមួយគ្នានោះ លោកអភិបាលខណ្ឌ ក៏បានលើកឡើងពីបញ្ហាប្រឈម តម្រូវការចាំបាច់របស់មូលដ្ឋាន និងទិសដៅការងារបន្ត ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។

ឆ្លៀតក្នុងឱកាសនោះ ថ្នាក់ដឹកនាំសង្កាត់ទាំង៨ ក៏បានផ្លាស់ប្តូរមតិយោបល់ និងរាយការណ៍ដោយផ្ទាល់ជូន ឯកឧត្តមបណ្ឌិតតំណាងរាស្ត្រ អំពីវឌ្ឍនភាពការងារអភិវឌ្ឍន៍ភូមិ-សង្កាត់ និងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» នៅតាមមូលដ្ឋានរៀងៗខ្លួន។

ឯកឧត្តមបណ្ឌិត លី ឆេង ក្នុងនាមជាតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ បាននាំនូវការសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ជូនដល់អង្គពិធីទាំងមូល។

ឯកឧត្តមបណ្ឌិត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ស្មារតីទទួលខុសត្រូវ និងសាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំរបស់ថ្នាក់ដឹកនាំខណ្ឌ ក្រុមប្រឹក្សាសង្កាត់ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការបម្រើប្រជាពលរដ្ឋ និងចូលរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ទោះបីជាត្រូវប្រឈមមុខនឹងការលំបាកនានាក៏ដោយ។

ដើម្បីបន្តលើកកម្ពស់ប្រសិទ្ធភាពការងារដឹកនាំ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ឯកឧត្តមបណ្ឌិត លី ឆេង បានផ្តល់នូវអនុសាសន៍ណែនាំគន្លឹះៗ និងការតម្រង់ទិសដៅការងារសំខាន់ៗមួយចំនួនដូចខាងក្រោម៖

1.    ពង្រឹងការផ្តល់សេវារដ្ឋបាល៖ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការផ្តល់សេវាសាធារណៈ (សេវាតម្រូវការ និងសេវាសំណូមពរ) ជូនប្រជាពលរដ្ឋនៅតាមយន្តការច្រកចេញចូលតែមួយឱ្យបានលឿន រហ័ស តម្លាភាព និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។

2.    ថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់៖ ត្រូវរឹតបន្តឹងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដោយផ្តោតលើការបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ គ្រឿងញៀន និងបញ្ហាក្មេងទំនើង ដើម្បីបង្កើនភាពកក់ក្តៅជូនប្រជាពលរដ្ឋ។

3.    ការចុះមូលដ្ឋានផ្ទាល់៖ ថ្នាក់ដឹកនាំសង្កាត់ត្រូវបន្តចុះជួបប្រជាពលរដ្ឋដល់ខ្នងផ្ទះ ដើម្បីក្តាប់ឱ្យបានច្បាស់លាស់ពីសុខទុក្ខ ជីវភាពរស់នៅ និងបញ្ហាប្រឈមនានា រួចស្វែងរកដំណោះស្រាយជូនពួកគាត់ឱ្យបានទាន់ពេលវេលា។

4.    ពង្រឹងសាមគ្គីភាព៖ ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ របៀបរបបធ្វើការងារសមូហភាព និងការបែងចែកការទទួលខុសត្រូវច្បាស់លាស់។

ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិត លី ឆេង បានបញ្ជាក់ថារាល់របាយការណ៍ បញ្ហាប្រឈម និងសំណូមពរដែលទទួលបានពីកិច្ចប្រជុំនេះ នឹងត្រូវយកទៅបូកសរុប ដើម្បីរាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងរាជរដ្ឋាភិបាល ក្នុងការពិនិត្យ និងស្វែងរកដំណោះស្រាយសមស្រប ក្នុងគោលដៅជំរុញការអភិវឌ្ឍរាជធានីភ្នំពេញ និយាយារួម និងនិយាយដោយឡែក គឺខណ្ឌ៧មករា ឱ្យកាន់តែមានការរីកចម្រើនប្រកបដោយចីរភាព៕