វិមានរដ្ឋសភា៖ ដើម្បីពង្រឹងសមត្ថភាព និងលើកកម្ពស់ប្រសិទ្ធភាពការងារស្ថាប័ន អគ្គលេខាធិការដ្ឋានរដ្ឋសភា នាសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញសរសេររបាយការណ៍ និងកំណត់ហេតុ» ជូនដល់មន្ត្រីរាជការក្រោមឱវាទ។ វគ្គបណ្តុះបណ្តាលនេះ ដឹកនាំបង្រៀននិងចែករំលែកបទពិសោធន៍ផ្ទាល់ដោយ ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ អគ្គលេខាធិការរង និងជាប្រធានក្រុមទីប្រឹក្សារដ្ឋសភា។
នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យឧទ្ទេសបានគូសបញ្ជាក់ថា របាយការណ៍គឺជាឧបករណ៍ដ៏មានឥទ្ធិពល ក្នុងការតាមដានវឌ្ឍនភាពការងារ ការគ្រប់គ្រងកាលបរិច្ឆេទកំណត់ និងជាមូលដ្ឋានគ្រឹះក្នុងការផ្តល់ទិន្នន័យច្បាស់លាស់ ជូនថ្នាក់ដឹកនាំដើម្បីធ្វើសេចក្តីសម្រេចចិត្តជាយុទ្ធសាស្ត្រ។
ដើម្បីឱ្យមន្ត្រីរាជការអាចអភិវឌ្ឍខ្លួនទៅជាអ្នកសរសេររបាយការណ៍ប្រកបដោយវិជ្ជាជីវៈខ្ពស់ ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ បានសង្កត់ធ្ងន់លើគន្លឹះស្នូលសំខាន់ៗដែលជាគ្រឹះមិនអាចខ្វះបាន រួមមាន៖
· ១. ការក្តោបអត្ថន័យ និងខ្លឹមសារស្នូល៖ អ្នកសរសេរត្រូវមានសមត្ថភាពស្តាប់ និងចាប់យកចំណុចសំខាន់ៗ (Key Points) នៃប្រធានបទ ឬលទ្ធផលនៃកិច្ចប្រជុំឱ្យបានច្បាស់លាស់ ដោយមិនលំអៀង ឬបាត់បង់ខ្លឹមសារដើម។
· ២. ការយល់ដឹងពីសាវតា៖ ត្រូវសិក្សា និងយល់ដឹងពីប្រភព ឫសគល់ ឬសាវតានៃបញ្ហាដែលកំពុងជជែកពិភាក្សាឱ្យបានគ្រប់ជ្រុងជ្រោយ ទើបអាចសរសេរពន្យល់សាច់រឿងបានក្បោះក្បាយ និងមានសណ្តាប់ធ្នាប់។
· ៣. ភាពសាមញ្ញ តែមានទម្ងន់៖ ការប្រើប្រាស់ភាសារដ្ឋបាលដែលខ្លីខ្លឹម បង្កប់ន័យគ្រប់គ្រាន់ ងាយយល់ និងចៀសវាងការប្រើពាក្យដដែលៗដែលធ្វើឱ្យអ្នកអានធុញទ្រាន់។
វគ្គបណ្តុះបណ្តាលនេះ មិនត្រឹមតែជាការផ្ទេរចំណេះដឹង និងជំនាញធ្វើការផ្នែករដ្ឋបាលបន្ថែមដល់មន្ត្រីប៉ុណ្ណោះទេ ថែមទាំងដើរទន្ទឹមគ្នាយ៉ាងសកម្ម នឹងដំណើរការធ្វើទំនើបកម្មរដ្ឋបាលរដ្ឋសភាផងដែរ។
ការរៀបចំរបាយការណ៍ និងកំណត់ហេតុដែលមានស្តង់ដារ និងវិជ្ជាជីវៈខ្ពស់ នឹងក្លាយជាកាតាលីករ ក្នុងការជំរុញឱ្យស្ថាប័នរដ្ឋសភាទាំងមូល ដើរទៅមុខប្រកបដោយ តម្លាភាព វិជ្ជាជីវៈ គណនេយ្យភាព និងទាន់សម័យកាល ឆ្លើយតបទៅនឹងការវិវត្តនៃបច្ចេកវិទ្យា និងតម្រូវការជាក់ស្តែងរបស់សង្គមជាតិ ក្នុងនីតិកាលបច្ចុប្បន្ន និងទៅអនាគត៕






















