ខេត្តកំពត៖ ឯកឧត្តម វ៉ាន់ ដារ៉ា តំណាងរាស្ត្រមណ្ឌលខេត្តកំពត និងជាសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា ព្រមទាំងលោកជំទាវ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌ចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ១៦គ្រួសារ ស្ថិតក្នុងភូមិត្នោត ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។
ក្នុងឱកាសដ៏ស្និទ្ធស្នាលនោះ ឯកឧត្តម វ៉ាន់ ដារ៉ា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ដោយក្ដីនឹករលឹកបំផុតពីសំណាក់ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា ជាពិសេស សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចកាល សម្ដេច និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងតែយកចិត្តទុកដាក់ គិតគូរខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយមិនទុកឱ្យពលរដ្ឋណាម្នាក់រងគ្រោះដោយមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ។
អំណោយដែលបានចែកជូនដល់គ្រួសារខ្វះខាតទាំង ១៦គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ១០គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, ទឹកស៊ីអ៊ីវ ១យួរ និងក្រមា ១។ ជាមួយគ្នានោះ ឯកឧត្តមក៏បានឧបត្ថម្ភសៀវភៅចំនួន ៣៥ក្បាល និងថវិកាជូនដល់ប្រជាការពារឃុំចំនួន ១០០,០០០រៀល, ជូនលោកយាយ ផាន់ តឿក ចំនួន ៥០,០០០រៀល និងលោក សៅ សេប ចំនួន ១០០,០០០រៀល ផងដែរ៕







