ខេត្តព្រៃវែង៖ ឯកឧត្តម ជាម ប៉េអា តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង និងជាសមាជិកគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា អមដំណើរដោយអគ្គនាយកក្រុមហ៊ុន MSA នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ នេះ បានអញ្ជើញជួបសំណេះសំណាល និងលើកទឹកចិត្តដល់ក្រុមកីឡាបាល់ទាត់នារីនៃវិទ្យាល័យព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្តាល។
ក្នុងឱកាសនោះ ឯកឧត្តមបានលើកទឹកចិត្ត ដល់ក្រុមកីឡាបាល់ទាត់នារីទាំងអស់កសាងសាមគ្គីភាព និងការយោគយល់គ្នា, លេងដោយមានវិន័យ និងការតាំងចិត្តខ្ពស់ ដើម្បីនាំមោទនភាពជូនមូលដ្ឋាន និងខេត្តព្រៃវែង។
ដើម្បីជាការគាំទ្រដល់ការហ្វឹកហាត់ និងការត្រៀមខ្លួនចេញទៅប្រកួតតំណាងឱ្យ ស.ស.យ.ក. ស្រុកស៊ីធរកណ្តាល នៅរាជធានីភ្នំពេញនាពេលខាងមុខ ឯកឧត្តមតំណាងរាស្ត្រ និងអគ្គនាយកក្រុមហ៊ុន MSA បានឧបត្ថម្ភភេសជ្ជៈប៉ូការីស្វេត ចំនួន ២០០ កេស ព្រមទាំងសម្ភារកីឡាមួយចំនួនធំផងដែរ។
ជាការឆ្លើយតប ក្រុមកីឡាការិនីបានប្តេជ្ញាចិត្តយ៉ាងមុតមាំថានឹងខិតខំប្រកួតឱ្យអស់ពីសមត្ថភាព ដើម្បីដណ្តើមជ័យលាភីជូនស្រុកកំណើតរបស់ខ្លួនផងដែរ៕












