វិមានរដ្ឋសភា៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ បានរៀបចំ ការបណ្តុះបណ្តាលស្តីពី "គោលនយោបាយសាធារណៈ និងការវិភាគ" ក្រោមប្រធានបទ "ប្រាស្រ័យទាក់ទងគោលនយោបាយសាធារណៈ" ក្នុងគោលបំណងចែករំលែកពីវិធានក្នុងការបង្កើត និងផ្សព្វផ្សាយគោលនយោបាយប្រកបដោយប្រសិទ្ធិភាព។
វគ្គបណ្តុះបណ្តាលវគ្គទី២នេះដឹកនាំបង្រៀនដោយ ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ អគ្គលេខាធិការរង និងជាប្រធានក្រុមទីប្រឹក្សារដ្ឋសភា។
តាមរយៈការបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់ទទួលបាននូវទស្សនទានថ្មីៗ ដែលជាទុនយ៉ាង សំខាន់សម្រាប់ការអភិវឌ្ឍស្ថាប័ន។
ជាកិច្ចបញ្ចប់នៃវគ្គបណ្ដុះបណ្ដាល ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងរដ្ឋសភាប្រចាំការ និងជានាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា និងឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ អគ្គលេខាធិការរងរដ្ឋសភា បានចែកជូន នូវវិញ្ញាបនបត្រដល់សិក្ខាកាម និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់សិក្ខាកាមទាំងអស់ផងដែរ។
វគ្គសិក្សានេះមិនត្រឹមតែជាការផ្ទេរចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាវេទិកានៃការជជែកពិភាក្សា និងផ្លាស់ប្តូរយោបល់យ៉ាងផុសផុល ដែលឆ្លុះបញ្ចាំងពីការរីកចម្រើននៃធនធានមនុស្សនៅក្នុងស្ថាប័នរដ្ឋសភា៕


















