ខេត្តកំពត៖ ក្នុងបរិយាកាសដ៏សប្បាយរីករាយនៃការត្រៀមអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ ឯកឧត្តម វ៉ាន់ ដារ៉ា តំណាងរាស្ត្រមណ្ឌលខេត្តកំពត និងជាសមាជិកគណៈកម្មការទី៣ នៃរដ្ឋសភា បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធី «សង្ក្រាន្តបន្ទាយមាស» ដែលប្រារព្ធឡើងនៅវត្តសុវណ្ណបទុម ស្ថិតក្នុងឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត។
ក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តម វ៉ាន់ ដារ៉ា បានពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់ថ្នាក់ដឹកនាំរដ្ឋសភា ជូនចំពោះបងប្អូនប្រជាពលរដ្ឋក្នុងស្រុកបន្ទាយមាសទាំងអស់។
ទន្ទឹមនឹងនេះ ឯកឧត្តមបានកោតសរសើរចំពោះការរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មី ដែលបង្ហាញឱ្យឃើញនូវការរួបរួមគ្នា ដើម្បីថែរក្សា និងលើកតម្កើងទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ដូនតាខ្មែរ។ការរៀបចំនេះ មិនត្រឹមតែផ្ដល់នូវការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបណ្ដុះស្មារតីស្រឡាញ់ជាតិ និងវប្បធម៌ដល់ស្រទាប់យុវជនជំនាន់ក្រោយ។
ឯកឧត្តមតំណាងរាស្ត្រ ក៏បានលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេសស្រទាប់យុវវ័យ ចូលរួមលេងល្បែងប្រជាប្រិយខ្មែរឱ្យបានច្រើនកុះករ ដូចជា បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ វ៉ៃក្អម និងរាំវង់ជាដើម ដើម្បីបង្ហាញពីភាពរីករាយ សាមគ្គីភាព និងជៀសវាងនូវល្បែងទាំងឡាយណាដែលបង្កគ្រោះថ្នាក់ ឬខុសច្បាប់។
ក្នុងឱកាសនោះ ឯកឧត្តមបានឧបត្ថម្ភក្រមាចំនួន១០០, ក្អម ៣០០, សៀវភៅ ៣០០ក្បាល, ប៊ិក ៣០០ដើម និងថវិកាចំនួន ១លានរៀល ប្រគេនព្រះគ្រូចៅអធិការវត្តសុវណ្ណបទុម សម្រាប់ទ្រទ្រង់កម្មវិធីសង្ក្រាន្តនេះផងដែរ។
ដោយឡែក នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ដដែលនេះ ឯកឧត្តម វ៉ាន់ ដារ៉ា ក៏បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយជូនដល់ពលករចំណាកស្រុកចំនួន ៣គ្រួសារ ដែលទើបវិលត្រឡប់មកស្រុកកំណើតវិញ ស្ថិតក្នុងឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស។ អំណោយដែលបានចែកជូនក្នុងមួយគ្រួសារៗរួមមាន៖ ឃីត (សម្ភារប្រើប្រាស់) មួយកញ្ចប់, អង្ករ និងថវិកាមួយចំនួន៕








