ឯកឧត្តម ប៉ាន សូរស័ក្កិ លេខាធិការគណៈកម្មការទី៩ នៃរដ្ឋសភា និងជាប្រធានសហព័ន្ធកីឡាទោចក្រយានកម្ពុជា ក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលបច្ចេកទេសគ្រូបង្វឹកកីឡាទោចក្រយានកម្រិត១ នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការបណ្តុះបណ្តាលធនធានគ្រូបង្វឹកជាតិឱ្យស្របតាមស្តង់ដារអន្តរជាតិ ដើម្បីជាគ្រឹះក្នុងការអភិវឌ្ឍគុណផលកីឡាករ ឆ្ពោះទៅសម្រេចចក្ខុវិស័យវែងឆ្ងាយក្នុងនាមជាម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិ។
ក្នុងនាមជាប្រធានសហព័ន្ធ ឯកឧត្តម ប៉ាន សូរស័ក្កិ បានតាមដានយ៉ាងយកចិត្តទុកដាក់លើវគ្គបណ្តុះបណ្តាលរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែកុម្ភៈ កន្លងទៅនេះ ដែលរៀបចំឡើងក្នុងគោលបំណងអភិវឌ្ឍសមត្ថភាពគ្រូបង្វឹកមកពីបណ្តារាជធានី-ខេត្តដើម្បីឱ្យការបង្វឹកកីឡាករមានភាពអនុលោមទៅតាមស្តង់ដារបស់សម្ព័ន្ធកីឡាទោចក្រយានអន្តរជាតិ និងសហព័ន្ធកីឡាទោចក្រយានទ្វីបអាស៊ី ។
ឯកឧត្តម ប៉ាន សូរស័ក្កិ បានសង្កត់ធ្ងន់ថា ការបណ្តុះបណ្តាលគ្រូបង្វឹកនៅតាមបណ្តាក្លឹប និងសមាគមនាពេលនេះ គឺជាយុទ្ធសាស្ត្រគន្លឹះស្របពេលដែលកម្ពុជាកំពុងត្រៀមលក្ខណៈរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាយុវជនអាស៊ី លើកទី៦ ឆ្នាំ២០៣១។ ឯកឧត្តមមានជំនឿយ៉ាងមុតមាំថា គ្រូបង្វឹកដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ នឹងក្លាយជាអ្នកផលិតធនធានកីឡាករប្រកបដោយគុណភាពសម្រាប់ជាតិ។
បន្ទាប់ពីបានប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមទាំង ២៥រូប ដែលមកពីភ្នំពេញ កំពង់ឆ្នាំង ព្រះវិហារ សៀមរាប និងកំពង់ស្ពឺ រួចមក ឯកឧត្តម ប៉ាន សូរស័ក្កិ បានផ្ដល់អនុសាសន៍សំខាន់ៗជាច្រើន សំដៅណែនាំ និងលើកទឹកចិត្តដល់សិក្ខាកាមដែលបានបញ្ចប់វគ្គនេះ ត្រូវយកបច្ចេកទេសដែលបានរៀនសូត្រទៅបណ្តុះបណ្តាលកីឡាករនៅតាមមូលដ្ឋានឱ្យមានប្រសិទ្ធភាព និងការត្រៀមលក្ខណៈបច្ចេកទេសសំដៅឆ្ពោះទៅការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៦ ដែលគ្រោងនឹងរៀបចំឡើងនៅរាជធានីភ្នំពេញនាពេលឆាប់ៗខាងមុខ។
ឯកឧត្តមប្រធានសហព័ន្ធ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបានផ្ដល់ការគាំទ្រ និងសហការយ៉ាងស្អិតរមួត រហូតធ្វើឱ្យវគ្គបណ្តុះបណ្តាលបច្ចេកទេសគ្រូបង្វឹកនេះ បញ្ចប់ទៅដោយរលូន និងជោគជ័យ៕


















