លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) និងជាប្រធានក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្ត្រី នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ បានអញ្ជើញជួបពិភាក្សាការងារជាមួយតំណាងមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) និងអង្គការសហប្រជាជាតិដើម្បីសមភាពយេនឌ័រ និងបង្កើនអំណាចដល់ស្ត្រី (UN Women) នៅវិមានរដ្ឋសភា ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការរៀបចំកម្មវិធី «សភាធ្វើត្រាប់» ដែលនឹងប្រព្រឹត្តទៅនាពេលឆាប់ៗខាងមុខនេះ។
កម្មវិធី «សភាធ្វើត្រាប់» ត្រូវបានរៀបចំឡើងក្នុងគោលដៅយុទ្ធសាស្ត្រ ដើម្បីលើកទឹកចិត្ត និងពង្រឹងសមត្ថភាពស្ត្រី និងក្មេងស្រី ឱ្យត្រៀមខ្លួនជាស្រេចក្នុងតួនាទីជាថ្នាក់ដឹកនាំនយោបាយ។ កម្មវិធីនេះនឹង ផ្តល់ឱកាសដល់បេក្ខនារីមកពីទាំង ២៥ រាជធានី-ខេត្ត រួមមានទាំងយុវតី និងស្ត្រីដែលជាថ្នាក់ដឹកនាំនៅមូលដ្ឋាន ដូចជា មេភូមិ មេឃុំ និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ឱ្យចូលរួមអនុវត្តតួនាទីជា «តំណាងរាស្ត្រ»។
បេក្ខនារីនឹងទទួលបានការហ្វឹកហ្វឺនលើជំនាញសំខាន់ៗតាមរយៈកម្មវធីសភាត្រាប់ រួមមាន ការថ្លែងមតិជាសាធារណៈ និងការតស៊ូមតិប្រកបដោយវិជ្ជាជីវៈ,ការសិក្សាពីយន្តការការងារសភា និងនីតិវិធីនៃការតាក់តែងច្បាប់, ការពិភាក្សាដេញដោលលើសេចក្តីព្រាងច្បាប់ និងគោលនយោបាយសាធារណៈ និង ការទទួលបានការណែនាំផ្ទាល់ពីសមាជិកាសភាស្ត្រីដែលជាការផ្សារភ្ជាប់ ទំនាក់ទំនងអន្តរជំនាន់ដ៏មានតម្លៃ។
តាមរយៈជំនួបនៅថ្ងៃនេះ លោកស្រី Sandra Bernklau តំណាង UNFPA និង លោកស្រី ឃុន សុភា អ្នកសម្របសម្រួលកម្មវិធីប្រចាំប្រទេសរបស់ UN Women រួមជាមួយប្រតិភូរដ្ឋសភាដឹកនាំដោយ លោកជំទាវ ឡោក ខេង បានពិភាក្សាយ៉ាងលម្អិត និងពិស្ដារអំពីនីតិវិធីជារួមនៃអនុវត្តកម្មវិធី ដែលគ្រោងនឹងរៀបចំធ្វើនៅវិមានរដ្ឋសភា។
ជំនួបនេះបានសម្រេចនូវលទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់ ដោយភាគីទាំងអស់បានឯកភាពគ្នាជារួមលើផែនការការងារ ហើយក្នុងនោះអង្គការ UN Women ក៏បានប្រកាសឧបត្ថម្ភថវិកាសម្រាប់ការរៀបចំកម្មវិធីនេះផងដែរ។
រដ្ឋសភា និងថ្នាក់ដឹកនាំអង្គការអន្តរជាតិទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរួមគ្នាក្នុងយុទ្ធនាការជំរុញសមភាពយេនឌ័រ។ ភាគីទាំងអស់យល់ឃើញថា វិសមភាពយេនឌ័រគឺជាបញ្ហាដែលត្រូវដោះស្រាយតាមរយៈការអនុវត្តជាក់ស្តែង ហើយកិច្ចសហការនៅពេលនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនភាពក្លាហាន និងជំនឿចិត្តដល់ស្ត្រី ដើម្បីឱ្យពួកគេក្លាយជាដៃគូដ៏រឹងមាំរបស់បុរសក្នុងការធ្វើសេចក្តីសម្រេចចិត្ត ដើម្បីផលប្រយោជន៍សហគមន៍ និងជាតិទាំងមូល។
រដ្ឋសភាកម្ពុជា និងដៃគូអន្តរជាតិ ជឿជាក់យ៉ាងមុតមាំថា ការវិនិយោគលើសមត្ថភាពស្ត្រីវ័យក្មេងនៅថ្ងៃនេះ គឺជាការធានានូវយុត្តិធម៌សង្គម និងការអភិវឌ្ឍប្រកបដោយចីរភាព។ កម្មវិធី «សភាធ្វើត្រាប់» នឹងក្លាយជាទ្វារចំហឱ្យស្ត្រីកម្ពុជាឈានជើងចូលក្នុងឆាកនយោបាយដោយភាពជឿជាក់ និងស្មើភាព៕













