ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ប្រធានគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ (គណៈកម្មការទី១០) នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពត នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ បានលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធបន្តលើកកម្ពស់ការអប់រំទាំងក្នុងសាលារៀន និងវត្តអារាម ជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។
ការលើកឡើងនេះ ក្នុងឱកាសដែលឯកឧត្តមបណ្ឌិត បានចុះជួបសំណេះសំណាលជាមួយសិស្សានុសិស្ស តាជីយាយជី និងព្រះសង្ឃ ព្រមទាំងបានចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់សមិទ្ធផលនានារបស់វត្តឧត្តមមានជ័យ នៅឃុំកណ្តោល និងវត្តជុំគ្រៀល នៅឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ដែលឯកឧត្តមបានចូលរួមចំណែកថវិកាកសាងមួយចំនួនធំ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានលើកឡើងថា ចំណេះវិជ្ជា គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃខ្ពស់បំផុត និងមិនចេះអស់ ដែលអាចជួយលើកកម្ពស់ជីវភាពរស់នៅរបស់បុគ្គល គ្រួសារ និងសង្គមទាំងមូល ហើយកាន់តែចែករំលែក កាន់តែចម្រើនឡើង ខុសពីទ្រព្យសម្បត្តិដែលអាចបាត់បង់ ឬខូចខាតបាន។
ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា ការអប់រំមានតួនាទីសំខាន់ក្នុងការពង្រឹងសមត្ថភាពគិតវិភាគ ការសម្រេចចិត្តត្រឹមត្រូវ និងការច្នៃប្រឌិត ស្របតាមគោលការណ៍វិទ្យាសាស្ត្រ និងការអភិវឌ្ឍធនធានមនុស្ស និងមូលធនមនុស្សសម័យថ្មី។
ឯកឧត្តមបណ្ឌិត បានបន្ថែមថា វត្តអារាមមិនត្រឹមតែជាទីកន្លែងសម្រាប់អប់រំផ្លូវព្រះធម៌ និងសីលធម៌ប៉ុណ្ណោះទេ ប៉ុន្តែជាមជ្ឈមណ្ឌលសិក្សាដ៏សំខាន់មួយ សម្រាប់អប់រំផ្លូវចិត្ត និងបណ្តុះបញ្ញា ស្របតាមព្រះពុទ្ធសាសនា ដែលផ្តោតលើការអភិវឌ្ឍមនុស្សឲ្យមានបញ្ញា សីលធម៌ សមាធិ និងការយល់ដឹងអំពីហេតុផលនៃជីវិត និងផ្តល់ឱកាសដល់ព្រះសង្ឃអាចបង្កើនការអប់រំចិត្ត ចម្រើនសីល សមាធិ និងបញ្ញា។
ឯកឧត្តមបានបន្ថែមថា ការរួមបញ្ចូលការអប់រំតាមបែបវិទ្យាសាស្ត្រ និងព្រះពុទ្ធសាសនា គឺជាកត្តាសំខាន់ក្នុងការបង្កើតសង្គមមានសន្តិភាព វិន័យ និងការរស់នៅដោយសុភមង្គល។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត បានអំពាវនាវឲ្យព្រះសង្ឃ អាជ្ញាធរមូលដ្ឋាន គណៈកម្មការវត្ត និងប្រជាពលរដ្ឋទាំងអស់ បន្តសហការគ្នាគាំទ្រដល់វិស័យអប់រំ ដោយចូលរួមលើកកម្ពស់ការសិក្សារៀនសូត្ររបស់កុមារ យុវជន និងព្រះសង្ឃឲ្យកាន់តែប្រសើរ ជាពិសេសការលើកទឹកចិត្តពីក្រុមគ្រួសារ ជីដូនជីតា ឪពុកម្តាយ និងគ្រូអាចារ្យក្នុងការជំរុញកូនចៅ និងសមណសិស្សឲ្យសិក្សាបានខ្ពស់។
ឯកឧត្តម បានបញ្ជាក់បន្ថែមថា ការអភិវឌ្ឍធនធានមនុស្ស និងមូលធនមនុស្ស គឺជាគោលដៅយុទ្ធសាស្ត្រសំខាន់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកសាងប្រទេសជាតិឲ្យកាន់តែរីកចម្រើន ប្រកួតប្រជែង និងស្ថិរភាពយូរអង្វែង ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌៕














