ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ អគ្គលេខាធិការរង និងជាប្រធានគម្រោងស្រាវជ្រាវស្តីពី តួនាទីអង្គភាពនីតិប្បញ្ញត្តិថ្នាក់មូលដ្ឋាន ក្នុងការលើកកម្ពស់ដំណើរការប្រជាធិបតេយ្យពេញលេញនៅប្រទេសចិន (WPPD) រួមជាមួយ ឯកឧត្តម ឃួន ដាវិត អគ្គលេខាធិការរង និងជាប្រធានសម្របសម្រួលគម្រោងស្រាវជ្រាវ នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ បានដឹកនំាកិច្ចប្រជុំក្រុមការងារគម្រោងស្រាវជ្រាវ WPPD នៅវិមានរដ្ឋសភា។
កិច្ចប្រជុំនេះបានពិភាក្សាលើរបៀបវារៈចំនួនពីរ រួមមាន៖ ១. ការពិនិត្យវឌ្ឍនភាពនៃការរៀបរៀងសៀវភៅគម្រោងស្រាវជ្រាវ និង ២. ការរៀបចំកិច្ចប្រជុំតុមូល ដើម្បីទទួលធាតុចូលបន្ថែមទៅលើសៀវភៅគម្រោងស្រាវជ្រាវស្តីពី តួនាទីអង្គភាពនីតិប្បញ្ញត្តិថ្នាក់មូលដ្ឋាន ក្នុងការលើកកម្ពស់ដំណើរការប្រជាធិបតេយ្យពេញលេញ នៅប្រទេសចិន។
សូមបញ្ជាក់ជូនថា គម្រោងស្រាវជ្រាវរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា បានទទួលការឧបត្ថម្ភគាំទ្រថវិកាពី សភាតំណាងប្រជាជនទូទាំងប្រទេសចិន តាមរយៈស្ថានទូតចិនប្រចាំកម្ពុជា ដែលបានអនុញ្ញាតដល់ក្រុមការងារស្រាវជ្រាវ ដែលជាថ្នាក់ដឹកនាំ និងមន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភា បានទៅបំពេញទស្សនកិច្ចសិក្សាស្វែងយល់អំពីដំណើរការប្រជាធិបតេយ្យពេញលេញនៃប្រទេសចិន នៅទីក្រុងសៀងហៃ កាលពីខែតុលា ឆ្នាំ២០២៥ និងបានធ្វើការស្រាវជ្រាវតួនាទីរបស់ទីស្នាក់ការរដ្ឋសភាខេត្ត-ក្រុង នៃព្រះរាជាណាចក្រកម្ពុជា កាលចុងឆ្នាំ២០២៥។
លទ្ធផលនៃដំណើរទស្សនកិច្ចនៅប្រទេសចិន និងការស្រាវជ្រាវនៅកម្ពុជា ក្រុមការងារគម្រោងស្រាវជ្រាវ បានចងក្រងជាសៀវភៅគម្រោងស្រាវជ្រាវស្តីពី តួនាទីអង្គភាពនីតិប្បញ្ញត្តិថ្នាក់មូលដ្ឋាន ក្នុងការលើកកម្ពស់ដំណើរការប្រជាធិបតេយ្យពេញលេញ នៅប្រទេសចិន ដែលនឹងបោះពុម្ភផ្សាយ នៅពេលខាងមុខ៕







