ក្នុងជំហានថ្មីនៃស្មារតីអនុវត្តន៍ផែនការកំណែទម្រង់ស្ថាប័នឱ្យទទួលបានជោគជ័យ នៅព្រឹកថ្ងៃទី២៧ ខែ មករា ឆ្នាំ២០២៦នេះ អគ្គលេខាធិការដ្ឋានរដ្ឋសភា តាមរយៈអគ្គនាយកដ្ឋាននីតិកម្ម និងស្រាវជ្រាវ បានរៀបចំបាឋកថាដ៏មានសារៈសំខាន់មួយក្រោមប្រធានបទ «ក្របខណ្ឌសន្តិសុខសេដ្ឋកិច្ចសម្រាប់កម្ពុជា»។ បាឋកថានេះបានរៀបចំធ្វើឡើងនៅវិមានរដ្ឋសភា មានគោលបំណងតម្រង់ទិសមន្ត្រីរដ្ឋសភាឱ្យក្លាយជា «សេនាធិការដ៏រឹងមាំ» ក្នុងការរួមចំណែកការពារផលប្រយោជន៍ជាតិ ចំពោះមុខការប្រែប្រួលនៃសណ្តាប់ធ្នាប់ពិភពលោកដ៍គ្រោះថ្នាក់។
ក្នុងនាមជាវាគ្មិនកិត្តិយស ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ អគ្គលេខាធិការរង និងជាប្រធានក្រុមទីប្រឹក្សានៃរដ្ឋសភា បានគូសបញ្ជាក់ថា បច្ចុប្បន្នពិភពលោកកំពុងស្ថិតក្នុងស្ថានភាព «បែកបាក់ភូមិសាស្ត្រនយោបាយ» ដែលជះឥទ្ធិពលផ្ទាល់ដល់ខ្សែចង្វាក់ផ្គត់ផ្គង់ និងការប្រើប្រាស់សេដ្ឋកិច្ចជាឧបករណ៍នយោបាយ។
តាមរយៈបាឋកថា ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ នៅថ្ងៃនេះ បានសង្កត់ធ្ងន់លើចំណុចគន្លឹះសំខាន់ៗ ជាច្រើនដែលមានលក្ខណៈវិទ្យាសាស្ត្រកើតចេញពីលទ្ឋផលនៃការស្រាវជ្រាវ ដែលកម្ពុជាត្រូវយកចិត្តទុកដាក់ក្នុងនោះរួមមាន ការគិតគូរត្រៀមខ្លួនទុកជាមុនក្នុងការងារតម្រង់ទិស ទៅរកសកលលោកភាគខាងត្បូង (Global South)ដែល ជាយុទ្ធសាស្ត្រពិពិធកម្ម ដើម្បីកាត់បន្ថយការពឹងផ្អែកខ្លាំងលើប៉ូលសេដ្ឋកិច្ចតែមួយ ការធ្វើសមាហរណកម្មចូលទៅក្នុងតំបន់ឱ្យបានច្រើន និងសកម្ម តាមរយៈ ការទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិប្បរមាពីកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយតំបន់( RCEP) និងកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិកទូលំទូលាយ និងរីកចម្រើន (CPTPP) ដើម្បីពង្រីកទីផ្សារកម្ពុជា និងការរៀនសូត្រពីករណីធ្វើសង្គ្រាម រំលោភអធិបតេយ្យភាពកម្ពុជាពីសំណាក់ប្រទេសថៃ មកធ្វើជាមូលដ្ឋានគ្រឹះក្នុងការរៀបចំគោលនយោបាយការពារជាតិជាដើម។
ដើម្បីជំរុញសន្តិសុខសេដ្ឋកិច្ចឱ្យមានប្រសិទ្ធភាព ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ បានបង្ហាញនូវផែនទីចង្អុលផ្លូវសម្រាប់មន្ត្រីជំនាញ រួមមានការគិតគូរអភិវឌ្ឍន៍ លើការងារ សន្តិសុខបច្ចេកវិទ្យា និងសាយប័រ តាមរយៈការការពារប្រព័ន្ធទិន្នន័យជាតិ និងការផ្ទេរបច្ចេកវិទ្យាទៅកាន់យុវជន ព្រមទាំងការងារសន្តិសុខធនធាន ដោយត្រូវរួមគ្នាគិតគូរទាញយកប្រយោជន៍ប្រកបដោយចីរភាពលើការងារការគ្រប់គ្រងធនធានធម្មជាតិ និងថាមពលឱ្យមាននិរន្តរភាព ការអភិវឌ្ឍមូលធនមនុស្សដោយបន្តគិតគូរអនុវ្តតន៍ជាក់ស្តែងលើការងារ ការកសាងសមត្ថភាពមន្ត្រីឱ្យមានចំណេះដឹងស៊ីជម្រៅលើការវិភាគសេដ្ឋកិច្ចអនាគតជាដើម។
បាឋកថាដែលបានរៀបចំឡើងនាថ្ងៃនេះ គឺជាការអនុវត្តជាក់ស្តែងនូវផែនការកំណែទម្រង់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដែលផ្តោតលើអភិបាលកិច្ចល្អ និងអាទិភាព «ប្រសិទ្ធភាព តម្លាភាព បច្ចេកវិទ្យា និងទំនើបកម្ម» ក្នុងនោះ "ការវិនិយោគលើធនធានមនុស្ស គឺជាអាទិភាពខ្ពស់បំផុតរបស់រដ្ឋសភា។ មន្ត្រីរាជការរដ្ឋសភាគ្រប់រូបត្រូវតែជា 'សេនាធិការដ៏រឹងមាំ' ដើម្បីបម្រើការងារជូនតំណាងរាស្ត្រ និងប្រជាពលរដ្ឋក្នុងយុគសម័យឌីជីថល។"
គួរបញ្ជាក់ផងដែរថា បាឋកថារបស់ ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ ក្រោមប្រធានបទ «ក្របខណ្ឌសន្តិសុខសេដ្ឋកិច្ចសម្រាប់កម្ពុជា» នៅថ្ងៃនេះ គឺជាបាឋកថាដំបូងក្នុងចំណោមបាឋកថាទាំង ១០ ដែលគ្រោងនឹងរៀបចំនៅឆ្នាំ ២០២៦ នេះ ក្នុងគោលបំណងកសាងវប្បធម៌ «ការសិក្សាពេញមួយជីវិត» ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការសម្រេចឱ្យបាននូវ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១៕















