គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា និងជាប្រធានគណៈប្រតិភូ អមដោយ ឯកឧត្តម អង្គ វង្សវឌ្ឍនា ប្រធានគណៈកម្មការទី៦ នៃរដ្ឋសភា ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា និងឯកឧត្តម ស្មាន ម៉ាណាន ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្របារ៉ែន និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា-រដ្ឋសភា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងពិធីបើកមហាសន្និបាត និងកិច្ចពិភាក្សាទូទៅក្នុងកិច្ចប្រជុំពេញអង្គ រួមនិងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍របស់ APA ចំនួនមួយផងដែរ ស្តីពីសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព នៅទីក្រុងម៉ាណាម៉ា ប្រទេសបារ៉ែន។
ពីធីបើកមហាសន្និបាតលើកទី១៦ APA ប្រព្រឹត្តទៅដោយមានការអញ្ជើញជាអធិបតីភាពពី ឯកឧត្តម Ahmed bin Salman Al-Musallam ប្រធានក្រុមប្រឹក្សាអ្នកតំណាងរាស្រ្ត នៃព្រះរាជាណាចក្របារ៉ែន និងជាប្រធានសភាតំបន់អាស៊ី APA ដែលមានគណៈប្រតិភូមកពីបណ្ដាប្រទេសជាសមាជិកចំនួន ១៩ និង អង្គការសង្កេតការណ៍ចំនួន ៨ ព្រមទាំងអគ្គលេខាធិការដ្ឋានអចិន្រ្ដៃយ៍ APA ផងដែរ។
ថ្លែងក្នុងឱកាសនៃកិច្ចពិភាក្សាទូទៅ (General Debate) ប្រធានគណៈប្រតិភូតំណាងសភាកម្ពុជា បានឡើងធ្វើសេចក្តីថ្លែងការណ៍ ទៅលើមូលបទរួមនៃមហាសន្និបាត APA លើកទី១៦ ស្តីពី “តួនាទីរបស់សភាអាស៊ីក្នុងការពង្រឹងកិច្ចសន្ទនាអន្តរវប្បធម៌ និងអន្តរអរិយធម៌នៅអាស៊ី៖ កាលានុវត្តភាព ការប្រឈម និងផ្លូវនាពេលអនាគត” ដោយបានសង្កត់ធ្ងន់លើភាពចម្រុះខាងអរិយធម៌ដ៏សម្បូរបែបរបស់អាស៊ីជាមូលដ្ឋានសម្រាប់ការសន្ទនា បានគូសបញ្ជាក់ពីឱកាសសម្រាប់សភាក្នុងការលើកកម្ពស់ការអត់ឱន ការចូលរួមរបស់យុវជន និងគោលនយោបាយរួមបញ្ចូល ទទួលស្គាល់បញ្ហាប្រឈមដូចជា ភាពជ្រុលនិយម ព័ត៌មានក្លែងក្លាយ និងការបែងចែកសង្គម ព្រមទាំងបានអំពាវនាវឱ្យសភាអាស៊ីពង្រឹងក្របខ័ណ្ឌច្បាប់ កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការអប់រំ ដើម្បីកសាងអាស៊ីមួយដែលមានសន្តិភាព សុខដុមរមនា និងវិបុលភាព។
ចំពោះកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពីសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព អង្គប្រជុំបានសម្រេចអនុម័តលើសេចក្តីសម្រេចចំនួនបី ដើម្បីដាក់ជូនមហាសន្និបាត រួមមាន៖ (១) កិច្ចការហិរញ្ញវត្ថុ, (២) អនាម័យ និងទឹកនៅក្នុងតំបន់អាស៊ីជារួម និង (៣) គោលការណ៍សេដ្ឋកិច្ចហាឡាល៕






