ដោយមើលឃើញពីទុក្ខលំបាករបស់បងប្អូនប្រជាជនភៀសសឹក លោកជំទាវ ឡោក ខេង ប្រធានក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្ត្រី និងជាប្រធានគណ:កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី (គណៈកម្មការទី៨) នៃរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំគណ:ប្រតិភូក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្ត្រី និងគណ:ប្រតិភូគណ:កម្មការទី៨ នៃរដ្ឋសភាចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងចែកអំណោយជូនជនភៀសសឹកថ្មីមកពីខេត្តព្រះវិហារ និងខេត្តឧត្តមានជ័យ មករកទីតាំងសុវត្ថិភាពក្នុងស្រុកចំនួន៥ នៃខេត្តកំពង់ធំ ក្នុងនោះគឺមានស្រុកសន្ទុក ស្រុកបារាយណ៍ ស្រុកកំពង់ស្វាយ ស្រុកស្ទឹងសែននិងស្រុកតាំងគោក ស្មើ៦១៨គ្រួសារ ដោយធ្វើឡើនៅក្នុងបរិវេណវត្តឧទុម្ពរ ស្ថិតក្នុងស្រុកតាំងគោក ខេត្តកំពង់ធំ។
លោកជំទាវ ឡោក ខេង បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀម អនុប្រធានទី១ នៃរដ្ឋសភា ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នូវការនឹករលឹកគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលភៀសសឹក មកកាន់ទីសុវត្ថិភាព ជៀសពីការរំលោភបំពានលើអធិបតេយ្យ នៃព្រះរាជាណាចក្រកម្ពុជាពីសំណាក់យោធាថៃ។
ថ្លែងក្នុងពិធីនេះ លោកជំទាវ ឡោក ខេង ក៏បានថ្លែងអំណរគុណដល់វីរកងទ័ពជួរមុខ ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ និងអាយុជីវិត ដើម្បីការពារបូរណភាពទឹកដី និងសេចក្តីសុខសាន្តរបស់ប្រជាជន។ នេះគឺជាការលះបង់ដ៏ធំធេង និងជាគុណបំណាច់ដែលពុំអាចកាត់ថ្លៃបានចំពោះប្រជាជាតិកម្ពុជាទាំងមូល ដែលយើងគ្រប់គ្នាត្រូវតែគោរពស្រឡាញ់ ដឹងគុណ និងផ្តល់តម្លៃជាវីរបុរស។ លោកជំទាវប្រធាន ក៏បានផ្តាំផ្ញើដល់ប្រជាជនទាំងអស់ ត្រូវបន្តជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវរបស់ថ្នាក់ដឹកនាំ ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ ឡោក ខេង ក៏បានសម្តែងការកោតសរសើរនូវការដឹកនាំដ៏ឈ្លាសវៃរបស់ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ដែលបានខិតខំយកចិត្តទុកដាក់ និងការលះបង់អស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ដើម្បីជួយដោះស្រាយជីវភាពជូនប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួនផងក៏ដូចជាបងប្អូនជាជនភៀសសឹកនៅពេលនេះ។ លោកជំទាវក៏បានផ្តាំផ្ញើរដល់បងប្អូនភៀសសឹកទាំងអស់ត្រូវថែទាំសុខភាព ក៏ដូចជាការរស់នៅឱ្យបានស្អាតជៀសវាងពីជំងឺដង្កាត់នានា ជាពិសេសត្រូវមានជំនឿទុកចិត្តលើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី។
ក្រោយពីជួបសំណេះសំណាលរួចមកលោកជំទាវ ឡោក ខេង ព្រមលោកជំទាវជាសមាជិកសភាជាតិកម្ពុជា នៃអ្នកនយោបាយស្ត្រីបាននាំយកនូវអំណោយរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ចែកជូនជនភៀសសឹកចំនួន ៦១៨គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន ឃីត១ កន្សែង១ សាប៊ូដុតខ្លួន ២ដុំ សំឡីអនាម័យ ២ដុំ សាប៊ូលាងចាន១ ថ្នាំដុសធ្មេញ១ ស្ករសរ ១កញ្ចប់ អំបិល ១កញ្ចប់ ឆៃប៉ូវ ១ថង់ សាច់ក្រក ត្រីខ និងមី ទឹកស៊ីអ៊ីវ ១ដប ទឹកត្រី ១ដប សៀង ១ដប អង្ករ ៥គីឡូក្រាម ព្រមទាំងថវិកា៥ម៉ឺនរៀល។ ដោយឡែក ឯកឧត្ត សេង ញ៉ក់ សមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា បានចែកអំណោយជូនជនភៀសសឹកចំនួន ៦១៨គ្រួសាររួមមាន៖ នំសូកូឡា ១កញ្ចប់ ចាហួយ ១កែវ ស្ពៃកុងឆាយ ១កែវ និងមីសួរ កន្លះគីឡូក្រាម៕
































