សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង បានអញ្ជើញបូជាផ្កាភ្ញីទៀនធូប និងថ្វាយភ្លេងនៅបូជនីយដ្ឋានប្រាសាទភ្នំធាតុ ស្ថិតក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដើម្បីសុំសេចក្តីសុខសប្បាយជូនដល់ប្រទេសជាតិ និងប្រជាជន នាព្រឹកថ្ងៃពុធ ៥កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥។
ក្នុងឱកាសនោះ មានការអញ្ជើញចូលរួមអមដំណើរដោយ លោកជំទាវ ដួង វណ្ណា តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង, ឯកឧត្តម ផៃ ប៊ុនឈឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តស្ទឹងត្រែង, ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត, និងឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាពជុំវិញខេត្តជាច្រើនរូប។
បានបួងសួងប្រគេនពរជ័យដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងថ្វាយព្រះពរជ័យដល់ព្រះមហាក្សត្រ ព្រះមហាក្សត្រី និងគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ថ្នាក់ដឹកនាំ សមាជិក-សមាជិកា ព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋខ្មែរ សូមឲ្យជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗ គ្នា ប្រទេសជាតិមានសន្តិភាពជារៀងរហូត។
សម្តេចកិត្តិសង្គហបណ្ឌិត បានបួងសួងថ្វាយព្រះពរជ័យដល់ព្រះមហាក្សត្រ ព្រះមហាក្សត្រី ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយរឹទ្ធិនារីកម្ពុជា ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សេចក្តីចម្រើនគ្រប់ក្រុមគ្រួសារ និងតាមជួយប្រោសព្រំពរជ័យដល់វីរៈកងទ័ពដ៏អង់អាចរបស់យើង ដែលកំពុងឈរជើងការពារទឹកដីពីខ្មាំងសត្រូវ ពិសេសក៏បានឧទ្ទិសកុសលផលបុណ្យជូនទៅដល់ដួងវិញ្ញាណក្ខន្ធបុព្វបុរស កសាងប្រាសាទ វីរៈកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ និងបូរណភាពទឹកដីកម្ពុជា និងសូមមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនជានិច្ចនិរន្តរ៍ ដល់គ្រប់ក្រុមគ្រួសារខ្មែរនៅទូទាំងកម្ពុជរដ្ឋ៕













