ឯកឧត្តម ទី សុគន្ធ លេខាគណៈកម្មការទី៥នៃរដ្ឋសភា និងជាអនុប្រធានក្រុមសមាជិកសភាអាស៊ីអាគ្នេយ៍ប្រឆាំងអំពើពុករលួយ(SEAPAC) បានអញ្ជើញចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ប្រឆាំងអំពើពុករលួយជាមួយសភាអឺរ៉ុប (European Parliament) នៅទីក្រុងប្រ៊ូសែល ប្រទេសប៊ែលហ្ស៊ិក ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១២ ខែ ធ្នូ ឆ្នាំ២០២៥ ។
ក្រៅពីការផ្លាស់ប្តូរបទពិសោធន៍លើការងារប្រឆាំងអំពើពុករលួយជាមួយស្ថាប័នជំនាញនានារបស់សហភាពអឺរ៉ុប ឯកឧត្តមបានអញ្ជើញជួបពិភាក្សាជាមួយ ឯកឧត្តម Martin HOJSÍK សមាជិកសភាអឺរ៉ុបនិងជាអនុប្រធានសភាអឺរ៉ុប ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ (ASEAN និង AIPA) នារសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ដោយឯកឧត្តម ទី សុគន្ធ បានជម្រាបជូនឯកឧត្តមអនុប្រធានសភាអឺរ៉ុបពីការឈ្លានពានរបស់កងទ័ពថៃ មកលើអធិបតេយ្យជាតិនិងបូរណភាពទឹកដីកម្ពុជា ជាសមាជិកអាស៊ានដូចគ្នា យ៉ាងសាហាវឃោរឃៅបំផុត ដោយមិនបានគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ថ្ងៃ២៦ តុលា ២០២៥ ដែលបានចូលរួមផ្តួចផ្តើមគំនិត និងសម្របសម្រួល ដោយឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ជេ ត្រាំ និងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់ វ៉ាអ៊ីប្រាហ៊ីម ប្រធានអាស៊ានឆ្នាំ២០២៥នោះទេ។
ឯកឧត្តម ទី សុគន្ធ ក៏បានស្នើសុំឱ្យមានការយកចិត្តទុកដាក់និងជួយចែករំលែកបទពិសោធន៍ដោះស្រាយបញ្ហាជំលោះរវាងប្រទេសសមាជិកសហភាពអឺរ៉ុប ពីឯកឧត្តម អនុប្រធានសភាអឺរ៉ុបផង ។
បន្ទាប់មកនៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ក្នុងឱកាសជួបជាមួយលោកជំទាវ Kajsa OLLONGREN តំណាងពិសេសសហភាពអឺរ៉ុបទទួលបន្ទុកសិទ្ធិមនុស្ស ឯកឧត្តម ទី សុគន្ធ ក៏បានលើកឡើងនិងស្នើសុំឱ្យមានការយកចិត្តទុកដាក់ និងវិធានការសមស្របចំពោះការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរបំផុតដោយប្រទេសថៃ ជាពិសេសកងទ័ពថៃ ដែលបាននិងកំពុងប្រព្រឹត្តយ៉ាងឃោរឃៅបំផុតមកលើប្រជាជនកម្ពុជានិងកងទ័ពកម្ពុជាផងដែរ ។ ទន្ទឹមនេះ គណៈប្រតិភូកម្ពុជាក៏បានចែកផ្សាយញាត្តិថ្កោលទោសរបស់សភាកម្ពុជាចំពោះសង្រ្គាមឈ្លានពានរបស់ថៃមកលើព្រះរាជាណាចក្រកម្ពុជា ជូនដល់សមាជិកគណៈប្រតិភូសមាជិកសភាអាស៊ីអាគ្នេយ៍ប្រឆាំងអំពើពុករលួយ និងតំណាងសហភាពអឺរ៉ុប ដែលបានចូលរួមផងដែរ ។









