Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្ដមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្សត្រៀមប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច
ឯកឧត្ដមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្សត្រៀមប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច
Prepaired By: NA0336 ​ Date: (8/6/2025 8:42:26 PM )

ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង អមដំណើរដោយឯកឧត្តម អុិត បូព៌ារដ្ឋាដេត អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រឡាច លោក វន ស៊ីផា អភិបាលនៃគណៈអភិបាលស្រុកកំពង់ត្រឡាច លោក ងួន លាងហួរ ប្រធានការរិយាល័យអប់រំ យុវជន និងកីឡា ស្រុកកំពង់ត្រឡាច នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ ដែលត្រៀមប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួន ៣៥៣នាក់ នៅវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ជាកិច្ចចាប់ផ្ដើម ឯកឧត្ដមបណ្ឌិត បានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សដែលបានចំណាយពេលវេលាចូលរួមពិធី​សំណេះសំណាល​នេះ។ ជាកិច្ច​បន្ត ឯកឧត្តមបណ្ឌិត​ បានសាកសួរអំពីគោលបំណងរបស់សិស្ស លើមុខជំនាញបន្ទាប់ពីប្រឡងបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ។

ជាមួយ​គ្នា​នោះ​ដែរ​ ឯកឧត្ដមបណ្ឌិត ក៏បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ និងជូនពរឱ្យទទួលជោគជ័យ សំណាងល្អ និងលទ្ធផលល្អក្នុងពេលប្រឡង។ ក្នុងនោះដែរ ឯកឧត្ដមបណ្ឌិត បានណែនាំការជ្រើសរើសមុខជំនាញសម្រាប់សិក្សាបន្ត ត្រូវជ្រើសរើសមុខវិជ្ជា ឬជំនាញណាដែលខ្លួនស្រលាញ់ ពេញចិត្តស្របជាមួយនឹងតម្រូវការទីផ្សារការងារ ក៏ប៉ុន្តែមិនគួរសិក្សាលើជំនាញពីរ ឬមហាវិទ្យាល័យពីរក្នុងពេលតែមួយនោះទេ ពីព្រោះដើម្បីទុកឱកាសសម្រាប់ស្វែងរកការងារធ្វេីក្នុងកំឡុងពេលកំពុងសិក្សា ដេីម្បីដកស្រង់បទពិសោធន៍ការងារ។

ឯកឧត្តមបណ្ឌិត បានឧបត្ថម្ភថវិកាដល់លោកគ្រូ អ្នកគ្រូ ចំនួន ១៩នាក់ និងឧបត្ថម្ភកាហ្វេចំនួន ២៨កញ្ចប់ធំ សរុបជាថវិកាចំនួន ១,៩៦១,៥០០ រៀល៕