សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម សុក ខា អតីតអនុប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដែលជាឪពុកក្មេក សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋានសពក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ឯកឧត្តម សុក ខា បានទទួលមរណភាពនៅថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១៧ : ៥៥ នាទី ក្នុងជន្មាយុ ៩០ឆ្នាំ ដោយជរាពាធ។
ក្នុងបរិយាកាសដ៏សែនសោកសង្រែកស្រណោះអាឡោះអាល័យនេះ សម្តេចប្រធានរដ្ឋសភា ចូលរួមរំលែកនូវមរណទុក្ខដ៏មហាក្រៀមក្រំនេះជាមួយក្រុមគ្រួសារសព និងបានចាត់ទុកមរណភាពរបស់ ឯកឧត្តម សុក ខា គឺជាការបាត់បង់នូវ ឪពុកក្មេក ឪពុកបង្កើត ជីតា និងជីតាទួត ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌ដ៏បវរប្រពៃ។ កន្លងមក ឯកឧត្តម សុក ខា បានបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងការរួមចំណែកដឹកនាំគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ឱ្យសម្រេចបាននូវស្នាដៃដ៏ធំធេង សមិទ្ធផលនានា និងការរីកចម្រើនឥតឈប់ឈរ។ ជាងនេះទៅទៀត ឯកឧត្តម សុក ខា ជាកុលបុត្រកម្ពុជាដ៏ឆ្នើមមួយរូប ដែលបានលះបង់ខ្ពស់ចំពោះបុព្វហេតុបម្រើ “ជាតិ សាសនា ព្រះមហាក្សត្រ» ។