សេចក្តីជូនដំណឹង ស្តីពី ដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពរបស់ ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល-សេក្ខ ប្រធានសភាអារ៉ាប៊ីសាអូឌីត នៅព្រះរាជាណាចក្រកម្ពុជា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងថ្នាក់ដឹកនាំរដ្ឋសភា សូមក្រាបបង្គំទូលថ្វាយ សារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការទី៨នៃរដ្ឋសភា ចូលរួមចំណែកក្នុងការលើកទឹកចិត្ត ដល់កងទ័ពជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
គណៈកម្មការទី៨នៃរដ្ឋសភា ចូលរួមចំណែកក្នុងការលើកទឹកចិត្ត ដល់កងទ័ពជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
Prepaired By: NA0989 ​ Date: (6/26/2025 6:54:13 PM )
លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា ( គណៈកម្មការទី៨) នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិភាក្សាអំពីកិច្ចការងារមួយចំនួន ដូចជាបញ្ហាព្រំដែន និងការងាររៀបចំសៀវភៅលទ្ធផលការងាររបស់គណៈកម្មការ ក្នុងឆ្នាំទី២ នីតិកាលទី៧នៃរដ្ឋសភាជាដើម។
 
នៅក្នុងកិច្ចប្រជុំដែលបានរៀបចំឡើងនៅបន្ទប់ប្រជុំគណៈកម្មការទី៨ នៃរដ្ឋសភានាពេលនេះ លោកជំទាវ ឡោក ខេង ក៏បានជម្រាបជូនអង្គប្រជុំអំពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ កន្លងមក ដែលបានធ្វើការពិភាក្សាគ្នាទៅលើបញ្ហាសំខាន់ជាច្រើន ក្នុងនោះក៏បានលើកឡើងអំពីបញ្ហាព្រំដែនជាមួយប្រទេសថៃ ដែលកំពុងមានទំនាស់ជាមួយកម្ពុជាផងដែរ។ តាមស្មារតីអង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា គឺបានបង្ហាញពីការយកចិត្តទុកដាក់នៅក្នុងការជួយគាំទ្រ និងលើកទឹកចិត្តចំពោះកងទ័ពជួរមុខ ដែលសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានឹងអញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋសភា ចុះទៅជួបសំណេះសំណាល សួរសុខទុក្ខ និងលើកទឹកចិត្ត ដល់កងទ័ពជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មានដូចជា នៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី នាដើមខែកក្កដាខាងមុខនេះ។
 
ដើម្បីចូលរួមចំណែកលើកទឹកចិត្តដល់កងទ័ពជួរមុខនេះដែរ គណៈកម្មការទី៨ បានឯកភាពគ្នា ដកថវិកា របស់គណៈកម្មការចំនួន ២៥ លានរៀល សម្រាប់ចូលរួមឧបត្ថម្ភដល់កងទ័ពជួរមុខ ចំណែកឯកឧត្តមបណ្ឌិត ឈុនស៊ីរុន លេខាធិការគណៈកម្មការ ក៏បានចូលរួមឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ១លានរៀលបន្ថែមទៀត ដែលសរុបរួមបានចំនួន ២៦,០០០,០០០ រៀល ។
 
នៅក្នុងឱកាសនោះដែរ កិច្ចប្រជុំគណៈកម្មការទី៨ នៃរដ្ឋសភា ក៏បានថ្លែងនូវការគោរព និងកោតសរសើរ ចំពោះមនសិការស្នេហាជាតិ ដ៏ស្មោះស មោះមុតខ្ពង់ខ្ពស់បំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានផ្តល់អនុសាសន៍ និងចែករំលែកនូវបទពិសោធន៍ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ជូនដល់រាជរដ្ឋាភិបាលនិងជនរួមជាតិ។ ទន្ទឹមនឹងនេះ ថា្នក់ដឹកនាំ និងសមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា បានស្ម័គ្រចិត្ត ចូលរួមនូវថវិកាជាមួយ ” មូលនិធិតេជោ ការពារព្រំដែន” ផងដែរ ដែលសរុបរួមសម្រាប់ការចូលរួមក្នុង មូលនិធិតេជោ ការពារព្រំដែន ទទួលបានចំនួន ៨៨,០០០,០០០ រៀល ក្នុងនោះមាន៖
 
១. លោកជំទាវ លោក ខេង ប្រធានគណៈកម្មការ ចូលរួមថវិកាចំនួន ៤០ លានរៀល
២. ឯកឧត្តម សោម ចិន អនុប្រធានគណៈកម្មការ ចូលរួមថវិកាចំនួន ៥ លានរៀល
៣. ឯកឧត្តមបណ្ឌិត ឈុន ស៊ីរុន លេខាធិការគណៈកម្មការ ចូលរួមថវិកាចំនួន ៥ លានរៀល
៤. ឯកឧត្តម ពេជ្រ ជីវ័ន សមាជិកគណៈកម្មការ ចូលរួមថវិកាចំនួន ៥ លានរៀល
៥. ឯកឧត្តម ឃឹង នុភាព សមាជិកគណៈកម្មការ ចូលរួមថវិកាចំនួន ៥ លានរៀល
៦. ឯកឧត្តម សេង ញ៉ក់ សមាជិកគណៈកម្មការ ចូលរួមថវិកាចំនួន ២០ លានរៀល
៧. លោកជំទាវ សាន្ត អរុណ សមាជិកាគណៈកម្មការ ចូលរួមថវិកាចំនួន ៤ លានរៀល និង
៨. ឯកឧត្តម លី ស៊ុគ្រី សមាជិកគណៈកម្មការ ចូលរួមថវិកាចំនួន ៤ លានរៀល។