ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អើមីនីហ្គីដូ គូប៉ា ឡូប៉េស (Ermenegildo Kupa Lopes) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។
ក្នុងជំនួបនេះ ឯកឧត្តមអគ្គលេខាធិការ បានមានប្រសាសន៍ថា សភាកម្ពុជាគ្រោងនឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ាលើកទី១៦ (AIPA Caucus) ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។ ព្រឹត្តិការណ៍នេះនឹងមានគណៈប្រតិភូសភា មកពីបណ្ដាប្រទេសជាសមាជិកអាយប៉ា មកជួបជុំគ្នាដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរសភា និងជំរុញសមាហរណកម្មអាស៊ាន។
ឯកឧត្តមឯកអគ្គរដ្ឋទូតប្រទេសទីម័រខាងកើត បានមានប្រសាសន៍ជម្រាបជូនឯកឧត្ដមអគ្គលេខាធិការរដ្ឋសភា ពីគម្រោងរបស់ លោកជំទាវ Maria Fernanda Lay ប្រធានសភានៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ដែលគ្រោងនឹងមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅអំឡុងខែកក្កដា ខាងមុខ។ ជាមួយគ្នានេះលោកជំទាវក៏នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ AIPA Caucus លើកទី១៦ នាពេលនោះផងដែរ គឺក្នុងនាមជាអ្នកសង្កេតការណ៍ ដែលប្រាថ្នាចង់ក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន។
ភាគីទាំងពីរ បានពិភាក្សាអំពីការរៀបចំដំណើរទស្សនកិច្ចផ្លូវការលម្អិតរបស់ លោកជំទាវប្រធានសភាទីម័រខាងកើត និងការចូលរួមក្នុងកិច្ចការងារកម្រិតខ្ពស់មួយចំនួន រួមទាំងការចូលជួបសម្តែងការគួរសមនិងកិច្ចប្រជុំទ្វេភាគី ជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សំដៅពង្រឹងការងារការទូតសភា ការចែករំលែកបទពិសោធន៍ផ្នែកនីតិប្បញ្ញត្តិ និងការពង្រឹងការយល់ដឹងពីគ្នាទៅវិញទៅមក នៅក្នុងការគាំទ្រដល់ដំណើរការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រខាងកើត។