នៅថ្ងៃសៅរ៍ ៣រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបិទ វគ្គបណ្តុះបណ្តាលលើជំនាញពិធីករ-ពិធីការិនី ជូនដល់យុវជនយុវនារី និងមន្រ្តីរាជការចំណុះអង្គភាពរដ្ឋបាលស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ វគ្គបណ្ដុះបណ្ដាលនេះ ក៏បានការអញ្ជើញបើកក្រោមអធិបតីភាពឯកឧត្តម សុះ ស៊ុបអ៊ី អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងក្រោមការផ្ដួចផ្ដើមដោយឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ឆ្នាំង ដោយកិច្ចសហការជាមួយនឹងមន្ទីវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង និងរដ្ឋបាលស្រុកកំពង់ត្រឡាច ដោយបានការអញ្ជើញពី វាគ្មិនជំនាញៗដែលមានបទពិសោធន៍ជាច្រើនឆ្នាំមកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
គោលបំណងរួមនៃការបង្កើតឱ្យមាន វគ្គបណ្ដុះបណ្ដាលនេះ គឺដើម្បីអភិវឌ្ឍន៍លើចំណេះដឹង និងជំនាញបន្ថែមដល់សិក្ខាកាម ដែលមាន មូលដ្ឋានជាពិធីករ-ពិធីការិនីផង និងជាមូលដ្ឋានគ្រឹះដល់សិក្ខាកាមថ្មីៗ ដែលមានបំណងចង់ចេះ និងចង់ចាប់យកជំនាញ ធ្វើជាពិធិករ-ពិធិការិនី សម្រាប់កម្មវិធីផ្លូវការនានា។ ជាពិសេសគឺដើម្បីឆ្លើយតបទៅនឹងភាពកង្វះខាតអ្នកកាន់កម្មវិធីផ្សេងៗ ដូចជាកម្មវិធី ថ្នាក់ក្រោមជាតិ ថ្នាក់ស្រុក ថ្នាក់ឃុំ ថ្នាក់ភូមិ វេទិកាសាធារណៈ កម្មវិធីនៅតាមសាលារៀន និងកម្មវិធីការប្រគំតន្រ្តីនានា ដែលពិបាករក អ្នកកាន់កម្មវិធី។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថា សក្ដានុពលនៃមន្រ្តីវ័យក្មេងក្នុងពេលបច្ចុប្បន្ននេះ ត្រូវតែជាមន្រ្តី ដែលរឹងមាំលើចំណេះដឹង តាមរយៈការទទួលបានវគ្គបណ្ដុះបណ្ដាលថ្មីៗ ឱ្យស្របទៅតាមតម្រូវការការងារនាពេលបច្ចុប្បន្ន។
ឯកឧត្តមបណ្ឌិត សង្ឃឹមថា វគ្គបណ្ដុះបណ្ដាលនេះ ក្រៅពីពង្រឹងលើសមត្ថភាពជាពិធីករ-ពិធីការិនី ប៉ុន្តែវគ្គនេះនឹងពង្រឹងបន្ថែមទៀត ដល់ទេពកោសល្យរបស់មន្រ្តីលើការសរសេរព័ត៌មាន ការសរសេរដំណឹងក្ដៅ ការសរសេរ និងផលិតបទយកការណ៍ បទអត្ថាធិប្បាយ និងការនិយាយជាសាធារណៈលើវេទិកា ការធ្វើបទបង្ហាញ ឬអង្គប្រជុំផ្សេងៗប្រកបដោយទំនុកចិត្ត និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ដើម្បីឆ្លើយតបនឹងភាពជឿនលឿននៃបច្ចេកវិទ្យាសម័យទំនើបនៃយុគសម័យបច្ចេកវិទ្យា ដែលកំពុងដំណើរការជុំវិញពិភពលោក។
ឯកឧត្តមបណ្ឌិត បានបន្ថែមទៀតថា វគ្គបណ្តុះបណ្តាលនេះ នឹងជាចំណេះដឹងដ៏សារៈសំខាន់ សម្រាប់ការអភិវឌ្ឍន៍ សមត្ថភាពរបស់សិក្ខាកាមទាំងអស់ ដែលបានចូលរួមឱ្យមានភាពរលូន ប្រសិទ្ធភាព និងភាពទាក់ទាញ ព្រមទាំងគោរពតាមបទដ្ឋានពិធីការ និងអាចប្រើប្រាស់ជំនាញ ដែលទទួលបានក្នុងវគ្គបណ្តុះបណ្តាលនេះ ដើម្បីទុកជាដើមទុនយកទៅប្រើប្រាស់ក្នុងការអភិវឌ្ឍសមត្ថភាព របស់ខ្លួនជាមួយនឹងជំនាញមួយនេះសម្រាប់កម្មវិធីផ្លូវការនានាឱ្យមានប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ជូនថា នៅក្នុងវគ្គបណ្ដុះបណ្ដាលជំនាញពិធីករ-ពិធីការិនីនេះ មានសិក្ខាកាមចូលរួមចំនួន ១៥០ នាក់ ដែលមានរយៈពេលចំនួន ១ ថ្ងៃ៕
