លោកជំទាវ ឡោក ខេង ផ្តល់បទសម្ភាសន៍ជាមួយនឹងអ្នកសម្របសម្រួលកម្មវិធីប្រចាំប្រទេសរបស់អង្គការUNwomen __ ឯកឧត្តម វ៉ាន់ ដារ៉ា អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនស្ត្រីមេម៉ាយ នៅឃុំស្ទឹងកែវ __ ឯកឧត្តម ឡេង ប៉េងឡុង ដឹកនាំកិច្ចប្រជុំជាមួយក្រុមប្រឹក្សាអ្នកច្បាប់ នៃរដ្ឋសភា __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រយាងបំពេញព្រះរាជទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ __ ឯកឧត្តម ជាម ប៉េអា៖ មូលដ្ឋានធនធានមនុស្សប្រកបដោយជំនាញ និងចំណេះដឹងច្បាស់លាស់គឺ ជាការធានាកំណើនសេដ្ឋកិចប្រកបដោយ ប្រសិទ្ធភាពខ្ពស់ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវ ឡោក ខេង៖ រដ្ឋសភានឹងបន្តកិច្ចសហការជាមួយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីក្នុងការអនុវត្តអនុសញ្ញា CEDAW ប្រកបដោយប្រសិទ្ធភាពខ្ពស់
លោកជំទាវ ឡោក ខេង៖ រដ្ឋសភានឹងបន្តកិច្ចសហការជាមួយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីក្នុងការអនុវត្តអនុសញ្ញា CEDAW ប្រកបដោយប្រសិទ្ធភាពខ្ពស់
Prepaired By: NA002 ​ Date: (12/16/2024 7:18:26 PM )

នៅសណ្ឋាគារហៃយ៉ាត់ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃ១៧ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវ ឡោក ខេង ប្រធានគណ:កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន​ យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្ត្រី បានអញ្ជើញចូលរួមក្នុងកិច្ចសន្ទនាស្តីពី​ អនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ (CEDAW) និងសេចក្តីសង្កេតសន្និដ្ឋាន (Concluding Observation)។

លោកជំទាវ ឡោក ខេង បានមានប្រសាសន៍លើកឡើងថា អនុសញ្ញានេះគឺជាឯកសារកិច្ចព្រមព្រៀងអន្តរជាតិ ដែលសរបញ្ជាក់អំពី កិច្ចខិតខំប្រឹងប្រែង និងឆន្ទៈនយោបាយនៃបណ្តាប្រទេសចំនួន១៨៩ នៅលើសកលលោកក្នុងការលុបបំបាត់ ការរើសអើងផ្លូវភេទ និងអនុញ្ញាតឱ្យស្ត្រី និងក្មេងស្រីអាចប្រើប្រាស់ជីវិតរបស់ពួកគេ នៅក្នុងគ្រប់ទិដ្ឋភាព នៃសង្គមដោយស្មើភាពគ្នា ជាមួយនឹងបុរស។ លោកជំទាវបន្តថា ក្នុងអាណត្តិនៃការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បច្ចុប្បន្នជា ប្រធានព្រឹទ្ធសភាកម្ពុជា ដែលបានចាត់ទុក “ស្ត្រីជាឆ្អឹងខ្នង នៃសេដ្ឋកិច្ច និងសង្គមជាតិ” បានគិតគូរជាពិសេស លើការលើកកម្ពស់ សមភាពយេនឌ័រ និងផ្តល់ភាពអង់អាចដល់ស្ត្រី គឺជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល គ្រប់នីតិកាល និងបានដាក់បញ្ចូលនៅក្នុង គ្រប់របៀបវារៈគោលនយោបាយ រាប់ចាប់តាំងពីយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណទាំងបួនដំណាក់កាល។

មួយវិញទៀត រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ នៅតែបន្តកិច្ចខិតខំប្រឹងប្រែងពង្រឹង​ និងពង្រីកវិសាលភាពនៃការចូលរួមរបស់ស្ត្រីនៅក្នុងគ្រប់ទិដ្ឋភាពសង្គម សេដ្ឋកិច្ច និងនយោបាយ តាមរយ:ការបញ្ជ្រាបសមភាពយេនឌ័រទៅក្នុងគោលនយោបាយ និងកម្មវិធីកំណែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាល​ សម្តេចធិបតី បានលើកឡើងផងដែរថា “ពិភពលោកនឹងកាន់តែមានសុវត្ថិភាព ស្រស់បំព្រង​ និងកក់ក្តៅជាងមុន​ ប្រសិនបើមានស្ត្រីក្លាយជាអ្នកដឹកនាំ កាន់តែច្រើន”។


ក្នុងនាមស្ថាប័ននីតិប្បញ្ញត្តិ​ រដ្ឋសភាបានអនុម័តច្បាប់សំខាន់ៗ ជាច្រើនដែលមានលក្ខណ:ទូលំទូលាយ​ និងគ្របដណ្តប់នៅក្នុងការបញ្ជ្រាប សមភាពយេនឌ័រ នៅក្នុងគោលនយោបាយសាធារណៈ និងច្បាប់ដែលគិតគូរពី បញ្ហាប្រឈមរបស់ស្ត្រី ព្រមទាំងបានអនុម័តតម្លើង កញ្ចប់ថវិកាប្រចាំឆ្នាំលើគ្រប់វិស័យ​ ជាពិសេសលើវិស័យសុខាភិបាល និងអប់រំ ក្នុងគោលបំណងលើកកម្ពស់សេចក្តីថ្លៃថ្នូរ សុខដុមនីយកម្មនៅក្នុងគ្រួសារ និងសង្គមជាតិទាំងមូល។

រដ្ឋសភាក៏បាន និងកំពុងដើរតួនាទីយ៉ាងសកម្មក្នុងការលុបបំបាត់ គម្លាតយេនឌ័រទាំងប្រពៃណី និងមិនមែនប្រពៃណី​ លើកកម្ពស់សិទ្ធិស្ត្រី និងសមភាពយេនឌ័រ កាត់បន្ថយអត្រាមរណភាពមាតា និងទារក ជាពិសេសការផ្តល់ភាពអង់អាចដល់ស្ត្រី​ និងក្មេងស្រី ក្នុងការប្រែក្លាយ​ និងអភិវឌ្ឍន៍ខ្លួនជាអ្នកដឹកនាំ តាមរយៈការបញ្រ្ជាបទិដ្ឋភាពយេនឌ័រ ទៅក្នុងរាល់សេចក្តីព្រាងច្បាប់ និងគោលនយោបាយ ផែនការយុទ្ធសាស្ត្រជាតិសំដៅលើក កម្ពស់ភាពជាតំណាងរបស់ស្ត្រី​ ព្រមទាំងការគិតគូរផ្សេងទៀតដែលជាបញ្ហា ដាច់ដោយឡែក របស់ស្ត្រីដូចជាយុទ្ធនាការពណ៌ទឹកក្រូច យុទ្ធនាការ #Girl2Leader ដែលជាគំនិតផ្តួចផ្តើមផ្ទាល់របស់ “ក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្ត្រី” (ក.ស.ក.ន.ស.) សំដៅជំរុញទឹកចិត្តក្មេងស្រីឱ្យហ៊ានមានក្តីស្រមៃក្លាយជាអ្នកដឹកនាំ និងបានផ្តល់ឱកាស ឱ្យក្មេងស្រី បានជួបដោយផ្ទាល់ជាមួយ អ្នកនយោបាយស្ត្រី ដើម្បីស្តាប់នូវបទពិសោធ​ និងប្រវត្តិតស៊ូ និងការរៀបចំសិក្ខាសាលាផ្សេងៗ ដើម្បីលើកកម្ពស់ការយល់ដឹងពីជំងឺមិនឆ្លង និងផលប៉ះពាល់មកលើសមភាពយេនឌ័រ​ ។ល។

កិច្ចខិតខំប្រឹងប្រែងទាំងនេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ របស់រដ្ឋសភាកម្ពុជា ក្នុងការឆ្លើយតបនឹងយេនឌ័រ ក្រោមការដឹកនាំរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ជាស្ត្រីដំបូងក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលបានក្លាយជាប្រធានរដ្ឋសភា ជាពិសេសស ម្តេចក៏ជាអ្នកផ្តួចផ្តើមគំនិតផ្ទាល់ ក្នុងការបង្កើតក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្ត្រី ដែលបានក្លាយជាបណ្តាញតភ្ជាប់ សមាជិកាព្រឹទ្ធសភា និងរដ្ឋសភាដើម្បីចូលរួមលើកកម្ពស់តួនាទី អ្នកនយោបាយសភាស្ត្រីទាំងលើឆាកជាតិ និងអន្តរជាតិ​ រហូតសម្រេចបាន សមិទ្ធផលគួរជាទីមោទនៈជាច្រើន។

លោកជំទាវ ឡោក ខេង ជឿជាក់ថា​ កិច្ចសន្ទនាក្នុងថ្ងៃនេះនឹងអនុញ្ញាតឱ្យសមាជិកសភា ជាពិសេសសមាជិក ទើបនឹងមកកាន់មុខតំណែងថ្មី ព្រមទាំងក្រសួង-ស្ថាប័ន បានស្វែងយល់កាន់តែច្បាស់អំពី កាតព្វកិច្ចអន្តរជាតិរបស់កម្ពុជា ដើម្បីបំពេញកិច្ចការនេះ រដ្ឋសភា នឹងបន្តកិច្ចសហការជាមួយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីក្នុងការធានាការអនុវត្តអនុសញ្ញា CEDAW ប្រកបដោយប្រសិទ្ធភាពខ្ពស់។