ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា បានអនុញ្ញាតឱ្យឯកឧត្តម សាលា អេសសា (Hon. Mr. Salah Essa) ឯកអគ្គកុងស៊ុលកិត្តិយសនៃសាធារណៈរដ្ឋសាយព្រឹស ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។
ក្នុងនាមរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប មានការជឿជាក់ថា ការបង្កើតស្ថានកុងស៊ុល កិត្តិយស នៃសាធារណៈរដ្ឋសាយព្រឹស នៅទីក្រុងភ្នំពេញ គឺជាការបង្ហាញពីពេលវេលាដ៏សំខាន់មួយ ក្នុងការពង្រឹងចំណងមិត្តភាព រវាងប្រទេសទាំងពីរ កម្ពុជា សាយព្រឹស។ ម្យ៉ាងទៀត ស្ថានកុងស៊ុលថ្មីនេះ ក៏អាចកំណត់បានថាជាមជ្ឈមណ្ឌលនៃការផ្លាស់ប្តូរការទូត វប្បធម៌ និងសេដ្ឋកិច្ច ដែលជំរុញឱ្យមានការយល់ដឹងកាន់តែ ស៊ីជម្រៅ និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិ និងប្រទេស ទាំងពីរផងដែរ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានមានប្រសាសន៍ទៀតថា សភាកម្ពុជាបាននិងកំពុងបន្តពង្រឹង និងពង្រីកទំនាក់ទំនងការទូតសភា តាមរយៈ សកម្មភាពចូលរួម និងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃវេទិកា សភាអន្តរជាតិនានា សំដៅរួមចំណែកលើកកម្ពស់ ការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងសកលលោក។ ជាមួយគ្នានេះដែរ រដ្ឋសភាកម្ពុជាក៏បានបង្កើតក្រុមមិត្តកម្ពុជា-សាយព្រឹស នៅក្នុងអាណត្តិទី៧ សម្រាប់ឆ្នាំ២០២៣-២០២៨នេះ ផងដែរ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានមានប្រសាសន៍លើកឡើង ពាក់ព័ន្ធនឹងការជំរុញ វិស័យទេសចរណ៍ ការតភ្ជាប់ផ្លូវអាកាស ដោយការហោះហើរត្រង់ពី សាយព្រឹស មកកម្ពុជា និងការជំរុញទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ ដែលនៅមានកម្រិតនៅឡើយ ឱ្យកាន់តែប្រសើរថែមទៀត ខណៈសក្តានុពលនៃ ប្រទេសទាំងពីរមានច្រើន ស្ទើរគ្រប់វិស័យ ដូចនេះប្រទេសទាំងពីរ គួរជំរុញ សមាហរណកម្មរួមគ្នា លើផលិតផលសំខាន់ៗដូចជា កសិផលកសិកម្មជាដើម ពិសេសការនាំយកផលិតផលកម្ពុជា ដែលមានគុណភាព ល្អទៅកាន់ប្រទេសសាយព្រឹសក៏ដូចជាទីផ្សារអឺរ៉ុប ផងដែរ។
ម្យ៉ាងទៀតដោយសារតែប្រទេសសាយព្រឹស មានប្រព័ន្ធអប់រំលំដាប់ពិភពលោក ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានស្នើសុំតាម រយៈឯកឧត្តមឯកអគ្គកុងស៊ុល នៅក្នុងការពិនិត្យលទ្ធភាពទាំងក្របខណ្ឌរដ្ឋាភិបាល និងក្របខណ្ឌផ្សេងៗ ដើម្បីផ្តល់អាហារូបករណ៍ របស់ប្រទេសសាយព្រឹស និងផ្តល់ឱកាសកាន់តែច្រើនដល់ និស្សិតកម្ពុជា បានទៅបន្តការសិក្សានៅប្រទេសសាយព្រឹស។
ឯកឧត្តម សាលា អេសសា (Hon. Mr. Salah Essa) ឯកអគ្គកុងស៊ុលកិត្តិយសនៃសាធារណៈរដ្ឋសាយព្រឹស ប្រចាំកម្ពុជា បានមាន ប្រសាសន៍ ថ្លែងអំណរគុណចំពោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ដែលបានអនុញ្ញាតឱ្យមាននូវ កិច្ចពិភាក្សានាពេលនេះ ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ដោយសារថា ទំនាក់ទំនងប្រទេសទាំងពីរ បានចាប់ផ្ដើមឡើងតាំងពី ចុងឆ្នាំ១៩៩០ និងបានបន្ត ពង្រឹងទំនាក់ទំនងជាមួយគ្នា ជាបន្តបន្ទាប់មក។
ឯកឧត្តម បានធ្វើការកត់សម្គាល់ថា ប្រទេសកម្ពុជាមានការអភិវឌ្ឍ រីកចម្រើនជាខ្លាំង ជាពិសេសក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីពេលកន្លងមក ក៏ដូចជាសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នាពេលបច្ចុប្បន្ន។ នៅក្នុងគោលដៅរឹតចំណងមិត្តភាព ឱ្យកាន់តែស៊ីជម្រៅថែមទៀត ប្រទេសទាំងពីរ សាយព្រឹស-កម្ពុជា បានចុះកិច្ចព្រមព្រៀងទីក្រុងបងប្អូន រវាងទីក្រុងភ្នំពេញ និងទីក្រុងឡាណាកា(Lanarca) ដើម្បីផ្លាស់ប្ដូរនូវទំនាក់ទំនង ទាំង ទេសចរណ៍ វប្បធម៌ និងនយោបាយ។
ឯកឧត្តម សាលា អេសសា បានបន្តថា ប្រជាជនកម្ពុជានិងសាយព្រឹស មានបេះដូងបើកទូលាយ និងមានភាពរួសរាយរាក់ទាក់ដូចគ្នា ដោយសង្ឃឹមថា យើងនឹងខិតខំពង្រឹងទំនាក់ទំនង ការទូតជាមួយគ្នាបន្ថែមទៀត។ ដោយសារថា កម្ពុជាបានដើរតួយ៉ាងសំខាន់ នៅក្នុងតំបន់ ជាពិសេសក្នុងសមាគមអាស៊ាន សាយព្រឹស ជាសមាជិករបស់សហគមន៍អឺរ៉ុប ដូចនេះយើងអាចស្វែងរកនូវ កាលានុវត្តភាពនានា ដើម្បីអភិវឌ្ឍគ្រប់វិស័យ នូវទំនាក់ទំនងរបស់ប្រទេសយើងទាំងពីរ។
ឯកឧត្តមឯកអគ្គកុងស៊ុលកិត្តិយសនៃសាធារណៈរដ្ឋសាយព្រឹស បានជម្រាបជូន ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ថា លោកជំទាវប្រធាន រដ្ឋសភាសាយព្រឹស មានបំណងចង់ភ្ជាប់ទំនាក់ទំនង រវាងសភាទាំងពីរកម្ពុជា សាយព្រឹស ដោយឯកឧត្ដម មានផែនការរៀបចំ ឱ្យមាន ដំណើរទស្សនកិច្ចរបស់លោកជំទាវប្រធានរដ្ឋសភាសាយព្រឹស ឱ្យអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា នៅឆ្នាំក្រោយនេះ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា ជានិច្ចកាល រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ត្រៀមខ្លួនជាស្រេច ក្នុងការធ្វើការ យ៉ាងជិតស្និទ្ឋជាមួយ សភាសាយព្រឹស ដើម្បីជំរុញមិត្តភាព និងសហប្រតិបត្តិការ នៃសភាទាំងពីរ ឱ្យកាន់តែរឹងមាំ ថែមទៀតនៅពេលអនាគត។ ចំពោះគម្រោងដំណើរទស្សនកិច្ចរបស់លោកជំទាវ ប្រធានរដ្ឋសភាសាយព្រឹស អញ្ជើញមកកាន់កម្ពុជា នាឆ្នាំក្រោយនេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បញ្ជាក់ថា ឯកឧត្ដមនឹងរាយការណ៍ជម្រាបជូនទៅសម្ដេចប្រធានរដ្ឋសភា ដើម្បីសម្ដេច បានជ្រាបអំពីព័ត៌មាននេះ។