Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចប្រធានរដ្ឋសភាសង្ឃឹមយ៉ាងមុតមាំថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា​ និងថៃ​ នឹងសម្រេចបាន១៥ពាន់លានដុល្លារនៅឆ្នាំ២០២៥
សម្តេចប្រធានរដ្ឋសភាសង្ឃឹមយ៉ាងមុតមាំថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា​ និងថៃ​ នឹងសម្រេចបាន១៥ពាន់លានដុល្លារនៅឆ្នាំ២០២៥
Prepaired By: NA002 ​ Date: (9/4/2024 7:43:34 PM )
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី រំពឹងយ៉ាងជឿជាក់ថា​ ទំហំពាណិជ្ជកម្មរវាងកម្ពុជា​ និងថៃ​ អាចនឹងសម្រេចបានតាមគោលដៅគ្រោងទុក ក្នុងទំហំទឹកប្រាក់ប្រមាណ ១៥ពាន់លានដុល្លារ​ នាឆ្នាំ២០២៥ខាងមុននេះ នៅក្នុងខណៈដែលឆ្នាំ២០២៣សម្រចបានជាង៩ពាន់លានដុល្លារ។
 
សម្តេចប្រធានរដ្ឋសភា មានសុទិដ្ឋិនិយមបែបនេះនៅក្នុងឱកាសសម្តេចអនុញ្ញាតឱ្យ ឯកឧត្តម ឆឺតគៀត អាត់ថាកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូត ប្រទេសថៃប្រចាំកម្ពុជា​ដែលត្រូវចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងជម្រាបលានៅវិមានរដ្ឋសភា ក្នុងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤។
 
សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមឯកអគ្គរាជទូត​ ឆឺតគៀត អាត់ថាកន ក៏ដូចជាឯកអគ្គរាជទូតមុនៗ ដែលបានខិតខំ ប្រឹងប្រែងយ៉ាងសកម្មក្នុងការបំពេញតួនាទីរបស់ខ្លួនប្រកបដោយបទពិសោធ​ និងវិជ្ជាជីវៈខ្ពស់ ដើម្បីបន្តថែរក្សា ពូនជ្រំ ពង្រឹងពង្រីក និងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ដែលមានជាយូរលង់មកហើយកាន់តែល្អប្រសើរ ទូលំទូលាយ និងស៊ីជម្រៅ ក្នុងនោះការផ្លាស់ប្តូរ ទស្សនកិច្ចថ្នាក់ដឹកនាំកំពូល ថ្នាក់បច្ចេកទេសនៅគ្រប់កម្រិត ការសម្របសម្រួល​ និងជំរុញពាណិជ្ជកម្ម និងវិនិយោគ សុខាភិបាល អប់រំ និងវប្បធម៌ ជាដើម។
 
ឯកឧត្តម ឆឺតគៀត អាត់ថាកន ក៏បានបង្ហាញនូវសុទិដ្ឋិនិយមលើកំណើនសេដ្ឋកិច្ច​ និងទំហំពាណិជ្ជកម្មប្រទសទំាងពីរផងដែរ ជាពិសេសទំនាក់ទំនងកម្ពុជា​ និងថៃ ដែលបានឈានដល់ខួប៧៥ឆ្នាំហើយនោះ កាន់តែជិតស្និទ្ធ​ និងរឹងមាំឡើង នៅលើគ្រប់វិស័យ នៅក្នុងនោះវិស័យពាណិជ្ជកម្ម ត្រូវបានពង្រីកគួរឱ្យកត់សម្គាល់។ ប្រទេសថៃបានក្លាយជាអ្នកវិនិយោគលំដាប់ទី៦នៅក្នុងប្រទេសកម្ពុជា ជាដៃគូផ្នែកពាណិជ្ជកម្មសំខាន់មួយ ហើយចំនួនទេសចរថៃក៏ឈរនៅលំដាប់ទី១ផងដែរ។ ឯកឧត្តមសង្ឃឹមថា ទេសចរថៃនឹងមកទស្សនាកម្ពុជាកាន់ច្រើនថែមទៀត នាពេលអនាគត។
 
សម្តេចប្រធានរដ្ឋសភា បានបញ្ជាក់ជំហរថា​ រដ្ឋសភាកម្ពុជាស្វាគមន៍ជានិច្ចនូវរាល់កិច្ចសហការជាមួយប្រទេសថៃ នៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ដៃគូយុទ្ធសាស្រ្ត ឱ្យបានចេញជាលទ្ធផលកាន់តែច្រើនបន្ថែមទៀត ដើម្បីបម្រើផលប្រយោជន៍ប្រទេសទំាងពីរ មិនថានៅក្នុងវិស័យការទូតសភា ពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍នោះទេ។ នៅក្នុងនោះ រួមទាំងការជំរុញ​ និងគំាទ្រនូវយន្តការព្រះរាជាណាចក្រពីរគោលដៅទេសចរណ៍តែមួយ ជាដើម ៕