ពិធីបដិសណ្ឋារកិច្ចផ្លូវការ បានប្រារព្ធធ្វើឡើងនៅវិមានរដ្ឋសភាថៃ ក្នុងរាជធានីបាងកក បានស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ក្រោមវត្តមានរបស់ ឯកឧត្តម វ៉ាន់មូហាម៉ាត់ ណ័រ មៈថា ប្រធានសភាតំណាងរាស្រ្ត និងជាប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រថៃ និងថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋសភាថៃជាច្រើនរូបទៀត នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤។
នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា អញ្ជើញចុះហត្ថលេខាលើសៀវភៅក្រាំងមាស ដែលមានខ្លឹមសារថា “តាងនាមគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវក្តីរីករាយជាអនេកចំពោះកិច្ចស្វាគមន៏និងការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុតពីសំណាក់ ឯកឧត្តម វ៉ាន់មូហាម៉ាត់ ណ័រ មៈថា (Wanmuhamad noor Matha) ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រថៃឡង់ដ៍ និងសហការី ទាំងអស់។ សម្តេចរដ្ឋសភាធិបតី បានសរសេរទៀតថា “ដំណើរទស្សនកិច្ចនាពេលនេះពិតជាមានអត្ថន័យជ្រាលជ្រៅ និងជាកាតាលីករដ៏ សំខាន់ក្នុងការជំរុញនិងពង្រឹងបន្ថែមទៀតដល់ភាពជាដៃគូរយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ កម្ពុជា-ថៃឡង់ដ៍ ដែលជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងដៃគូប្រកបដោយភាពជឿជាក់។ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានឈានដល់កម្រិតខ្ពស់ជាងពេលណាៗទាំងអស់ ហើយយើងប្តេជ្ញាបន្តថែរក្សា ពង្រឹង និងពង្រីកភាពជាដៃគូរយុទ្ធសាស្ត្រដោយយកប្រជាជនជាស្នូល។”
ក្រៅតែពីកិច្ចស្វាគមន៍ ការចុះហត្ថលេខាលើសៀវភៅក្រាំងមាស និងការថតរូបអនុស្សាវរីយ៍ប្រកបដោយមេត្រីភាពយ៉ាងជ្រាលជ្រៅហើយនោះ សម្តេចរដ្ឋសភាធិបតី នឹងបន្តជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម វ៉ាន់មូហាម៉ាត់ ណ័រ មៈថា ដើម្បីបន្តពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ឱ្យកាន់តែប្រសើរថែមទៀត។
សូមជម្រាបជូនថា ទស្សនកិច្ចផ្លូវការ និងមិត្តភាពរបស់ សម្ដេចរដ្ឋសភាធិបតី ទៅកាន់ព្រះរាជាណាចក្រថៃនាពេលនេះ មានសារៈសំខាន់ណាស់នៅក្នុងការលើកកម្ពស់ទំនាក់ទំនងដ៏យូរអង្វែង ស៊ីជម្រៅ និងឈរលើស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែងរវាងកម្ពុជា និងថៃ ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ៕