Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះសិក្សាស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅខេត្តប៉ៃលិន
គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះសិក្សាស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅខេត្តប៉ៃលិន
Prepaired By: NA002 ​ Date: (3/4/2024 9:17:15 PM )

គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា (គណៈកម្មការទី៦) ដឹកនាំដោយ ឯកឧត្តម អង្គ វង្សវឌ្ឍានា ប្រធានគណៈកម្មការ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញទៅកាន់ខេត្តប៉ៃលិន ដើម្បីសិក្សាស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅខេត្តប៉ៃលិន។

នៅក្នុងដំណើរបំពេញបេសកកម្មនេះ គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តប៉ៃលិន ដឹកនាំដោយ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គោស៊ុ ប៊ុនសឿត អភិបាលរង នៃគណៈអភិបាលខេត្ត ព្រមទាំងស្នងការនគរបាល កងរាជអាវុធហត្ថ មន្ទីរអង្គភាពជំនាញជុំវិញខេត្ត។ ទន្ទឹមនឹងនោះគណៈប្រតិភូរដ្ឋសភាក៏បាន ជួបពិភាក្សាការងារដាច់ដោយឡែកជាមួយ ឯកឧត្តម គឹម ម៉េង ប្រធានសាលាដំបូងខេត្តប៉ៃលិន និងឯកឧត្តម សេង គីមឡាក់ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត និងចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្រ្តីរាជការនៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តប៉ៃលិនផងដែរ។

ឯកឧត្តម អង្គ វង្សវឌ្ឍានា ប្រធានគណៈកម្មការទី៦ នៃរដ្ឋសភា បានលើកឡើងថា គោលបំណងសំខាន់របស់គណៈកម្មការមកកាន់ខេត្តប៉ៃលិនពេលនេះ គឺដើម្បីឈ្វេងយល់ ប្រមូលព័ត៌មាន ពីវឌ្ឍនភាពការងារ ប្រសិទ្ធភាព និងបញ្ហាប្រឈមនានាក្នុងការអនុវត្តច្បាប់ ក៏ដូចជាលិខិតបទដ្ឋានគតិយុត្តនានា ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចទទួលខុសរបស់រដ្ឋបាលខេត្ត និងការអនុវត្តវិស័យយុត្តិធម៌របស់តុលាការខេត្តប៉ៃលិននេះ។

ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងតុលាការខេត្ត បានជម្រាបជូនគណៈកម្មការទី៦ នៃរដ្ឋសភា អំពីស្ថានភាពទូទៅក្នុងខេត្ត បញ្ហាប្រឈម ពិសេសគឺបានជម្រាបជូនពីការងារមួយចំនួន ដែលទាក់ទងនឹងវិស័យទទួលខុសត្រូវរបស់គណៈកម្មការ ដូចជា យន្តការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ដែលមិនពាក់ព័ន្ធរឿងព្រហ្មទណ្ឌ ពិសេសទំនាស់ដីធ្លីរវាងបុគ្គល ឫក្នុងក្រុមគ្រួសារជាមួយគ្នា ដែលរដ្ឋបាលខេត្តនិងតុលាការ បានប្រើយន្តការសម្របសម្រួល និងដោះស្រាយតាមយន្តការអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី គណៈកម្មការសុរិយោដី ដោយប្រើនីតិវិធីទទួលពាក្យបណ្តឹង បំពេញឯកសារ និងចុះស្រាវជ្រាវដល់ទីតាំងជាក់ស្តែង។ ការដោះស្រាយជម្លោះក្រៅប្រព័ន្ធតុលាការដែលបានអនុវត្តន៍កន្លងមកទទួលបានលទ្ធផលល្អ ដែលភាគីទំនាស់ទាំងសងខាង ទទួលយកដោយពេញចិត្ត រក្សាបាននូវសាមគ្គីភាពនិងការយោគយល់គ្នា។

ជាទូទៅរាល់ការងារទាំងអស់ ដែលពាក់ព័ន្ធនិងការនុវត្តច្បាប់ គឺគណ:អភិបាលខេត្ត ជាមួយនិងស្ថាប័នតុលាការ មានកិច្ចសហការគ្នាល្អ ក្នុងការរកដំណោះស្រាយជូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះរដ្ឋបាលខេត្តក៏បានលើកឡើងនូវបញ្ហាប្រឈមមួយចំនួន ដែលស្នើសុំឱ្យគណៈកម្មការរដ្ឋសភា ជួយធ្វើអន្តរាគមន៍ដោះស្រាយផងដែរ។

ក្រោយពីបានស្តាប់ការរាយការណ៍ របស់រដ្ឋបាលខេត្តនិងតុលាការ រួចមក ឯកឧត្តម អង្គ វង្សវឌ្ឍានា បានសម្តែងនូវការកោតសរសើរនិងគាំទ្រ ចំពោះយន្តការដោះស្រាយទំនាស់របស់ខេត្ត។ ឯកឧត្តមបានបន្តថា ការអនុវត្តច្បាប់ និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាកក្តាដ៏សំខាន់មួយ ដែលមិនគួរមើលរំលងនោះទេ។ ដំណោះស្រាយនេះនឹងជួយសម្រាលដល់តុលាការ និងមិនធ្វើឱ្យសំណុំរឿងកកស្ទះនៅតុលាការ នាំឱ្យមានការចោទប្រកាន់ពីប្រជាពលរដ្ឋ។

ឯកឧត្តម អង្គ វង្សវឌ្ឍានា ក៏បានជំរុញដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តនិងតុលាការ សូមយកចិត្តទុកដាក់ឱ្យបានហ្មត់ចត់ដើម្បីស្វែងរកយុវត្តិធម៌ និងតម្លាភាពជូនដល់ប្រជាពលរដ្ឋ និងសង្គមទាំងមូលដើម្បីរក្សាបាននូវគោលការណ៍នីតិរដ្ឋ។

ចំពោះបញ្ហាប្រឈម និងសំណូមពរដែលបានលើកឡើង ឯកឧត្តមប្រធានគណៈកម្មការទី៦ បានលើកឡើងថា នឹងពាំនាំយកទៅជម្រាបជូនសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីជ្រាប និងជូនព័ត៌មានទៅក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើការពិនិត្យដោះស្រាយ៕