Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » កិច្ចប្រជុំគណៈកម្មការ សន្តិសុខ ការពារជាតិ នៃកិច្ចប្រជុំកំពូលលើកទី១ CLV
កិច្ចប្រជុំគណៈកម្មការ សន្តិសុខ ការពារជាតិ នៃកិច្ចប្រជុំកំពូលលើកទី១ CLV
Prepaired By: NA002 ​ Date: (12/5/2023 8:52:32 PM )

កិច្ចប្រជុំគណៈកម្មការ សន្តិសុខ ការពារជាតិ នៃកិច្ចប្រជុំកំពូលលើកទី១ CLV នៃកិច្ចប្រជុំកំពូលសភាលើកទី១ CLV ដឹកនាំដោយប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិរដ្ឋសភាប្រទេសទាំងបី កម្ពុជា-ឡាវ និងវៀតណាម។  ភាគីកម្ពុជា មានឯកឧត្តម កែប ជុតិមា ប្រធាន គណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា  ចូលរួមជាសហប្រធានកិច្ចប្រជុំ។

ចំណែកគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម សុខ ឥសាន ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ នៃព្រឹទ្ធសភា។

កិច្ចប្រជុំបានធ្វើការកោតសរសើរ គាំទ្រ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាង សភានិងសភា រដ្ឋាភិបាលនិងរដ្ឋាភិបាល ដែលខិតខំប្រឹងប្រែងសាមគ្គីគ្នាបន្តអនុវត្តន៍នូវសកម្មភាពជាស្នូលរបស់តំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA យ៉ាងសកម្ម។ រដ្ឋាភិបាលប្រទេសទាំងបី បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ ប្រកបដោយភាពម៉ឺងម៉ាត់ជាបន្តបន្ទាប់ ដើម្បីកសាងភាពធន់ ស្តារការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ពង្រឹងសន្តិភាព សន្តិសុខ សុវត្ថិភាព និងជីវភាពរស់នៅរបស់ប្រជាជន រួមជាមួយ និងការពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការរួមឱ្យកាន់តែរឹងមាំថែមទៀត ដើម្បីផលប្រយោជន៍ និងការអភិវឌ្ឍរួមគ្នា ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV។

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា រដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានចូលរួមក្នុងកិច្ចប្រជុំកំពូលសភា កម្ពុជា-ឡាវ-វៀតណាម(CLV) ក្រោមប្រធានបទ “ការពង្រឹងតួនាទីសភាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសកម្ពុជា ឡាវ និងវៀតណាម” ក្នុងគោលបំណងលើកកម្ពស់សន្តិភាព មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដើម្បីវិបុលភាព និងនិរន្តរភាព។

កិច្ចប្រជុំកំពូលសភា CLV លើកទី១ គឺជាការអនុវត្តកិច្ចសហប្រតិបត្តិការនៃស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងបី អនុលោមតាមសេចក្តីថ្លែងការណ៍រួមរវាងប្រធានរដ្ឋសភានៃប្រទេសទាំងបី នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ដែលបានសម្រេច «លើកកម្ពស់យន្តការកិច្ចប្រជុំគណៈកម្មាធិការនៃរដ្ឋសភា CLV ទៅកម្រិតកិច្ចប្រជុំកំពូលសភា CLV ដែលរៀបចំឡើងរៀងរាល់ពីរឆ្នាំម្តង»៕