នៅក្នុងថ្ងៃទី២នៃដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាពរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃសុក្រ ទី១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម វឿង ឌិញហ្វេ (VUONG Dinh Hue) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមានរដ្ឋសភាវៀតណាម នាទីក្រុងហាណូយ។
នៅក្នុងជំនួបនោះ សម្តេចរដ្ឋសភាធិបតី និងឯកឧត្តមប្រធានរដ្ឋសភាវៀតណាម បានលើកឡើងពីទំនាក់ទំនងដ៏ល្អ រវាងព្រះរាជាណាចក្រកម្ពុជា និងវៀតណាម ដែលមានតំាងពីយូរលុងមកហើយ និងបានពូនជ្រុំឡើងដោយថ្នាក់ដឹកនាំប្រទេសទំាងពីរនៅគ្រប់ជំនាន់។ ជាទំនាក់ទំនងដែលបានប្រកៀកស្មាគ្នាដើម្បីបញ្ចប់សង្រ្គាម ការបង្រួបបង្រួមទឹកដី និងឯករាជ្យជាតិ។ ទំនាក់ទំនងជាប្រពៃណីអ្នកជិតខាងល្អ ដៃគូសហប្រតិបត្តិការជានិរន្ត មានការរីកចម្រើនឥតឈប់ឈរដោយឈរលើស្មារតីស្មោះត្រង់ ជឿជាក់ និងការយោគយល់គ្នាទៅវិញទៅមក បាននាំមកនូវផលប្រយោជន៍ដល់ប្រទេសទំាងសងខាង។
ភាគីទាំងពីរបានឯកភាពរួមគ្នានៅក្នុងការពូនជ្រុំ និងផ្សព្វផ្សាយវប្បធម៌ នៃទំនាក់ទំនងដ៏ល្អ និងកម្រនេះ ដល់យុវជនជំនាន់ក្រោយបានដឹងនិងបន្តថែរក្សាឱ្យបានគង់វង្សតរៀងទៅ។ ទំនាក់ទំនងកិច្ចសហប្រតិបត្តិរវាងប្រទេសជិតខាងនេះ មិនត្រឹមតែបានផ្តល់នូវសុខសន្តិភាព និងការអភិវឌ្ឍដល់ប្រទេសទំាងពីរប៉ុណ្ណោះទេ តែបានចូលរួមចំណែកកសាងនូវសន្តិភាព និងវិបុលភាពដល់តំបន់ និងពិភពលោកទំាងមូល ថែមទៀត។
នៅក្នុងឱកាសនោះ ឯកឧត្តម វឿង ឌិញហ្វេ បានអបអរសាទរជូនចំពោះកម្ពុជា ដែលបានរៀបចំការបោះឆ្នោតប្រកបដោយភាពជោគជ័យយ៉ាងធំធេង ឈានដល់ការបង្កើតរដ្ឋសភា និងរាជរដ្ឋាភិបាលអាណត្តិថ្មី ដែលមានអ្នកបន្តវេនប្រកបដោយថាមពល និងសមត្ថភាព ក្នុងការដឹកនាំនាវាកម្ពុជាឆ្ពោះទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ តាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការអភិវឌ្ឍកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសអភិវឌ្ឍន៍មានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ឯកឧត្តមបានបញ្ជាក់ថា ផែនការអភិវឌ្ឍន៍ប្រទេសរបស់រាជរដ្ឋាភិបាលនេះ ជាផែនការដ៏ល្អ និងជាទីកោតសរសើរយ៉ាងក្រៃលែង។
ជាមួយគ្នានេះ ឯកឧត្តមប្រធានរដ្ឋសភា ក៏បានចូលរួមអបអរសាទរជូន សម្តេចរដ្ឋសភាធិបតី ដែលជាស្រ្តីទី១ ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតំាងជាប្រធានរដ្ឋសភា។ ឯកឧត្តម វឿង ឌិញហ្វេ បានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំ និងសមាជិកសមាជិការដ្ឋសភាវៀតណាម បានប្តេជ្ញាចិត្ត និងផ្តល់អាទិភាពខ្ពស់ក្នុងការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរដ្ឋសភាក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត នៅលើគ្រប់វិស័យ មានទំាងវិស័យការទូតសភា ពាណិជ្ជកម្ម សេដ្ឋកិច្ច សន្តិសុខ ការអប់រំ បណ្តុះបណ្តាល កសិកម្ម ជាដើម។
សម្តេចរដ្ឋសភាធិបតី បានអបអរសាទរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសវៀតណាម និងជឿជាក់ថាក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសប់របស់បក្ស និងរដ្ឋ ប្រទេសវៀតណាមនឹងទទួលបានការអភិវឌ្ឍបន្ថែមទៀត ជាប្រទេសដែលមានសក្តានុពលសេដ្ឋកិច្ច នៅក្នុងតំបន់។ សម្តេច ក៏បានគំាទ្រប្រសាសន៍លើកឡើងរបស់ភាគី និងបានគូសបញ្ជាក់ពីសារៈសំខាន់នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្នារវាងប្រទេសជិតខាងភូមិផងរបងជាប់គ្នាថា មានសារៈសំខាន់នៅក្នុងស្ថានការណ៍ពិភពលោកមានភាពស្មុគស្មាញ និង ហានិភ័យខ្ពស់។ ឈរលើចំណងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជានិរន្ត នេះហើយទើបរដ្ឋសភាកម្ពុជាបានជ្រើសរើសដំណើរទស្សនកិច្ចមកកាន់ប្រទេសវៀតណាម និងឡាវ ជាដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពដំបូងគេបង្អស់ នៅដើមរដ្ឋសភានីតិកាលទី៧នេះ។ សម្តេចរដ្ឋសភាធិបតី ក៏បានសម្តែងការពេញចិត្តជាខ្លំាងនៃការរីកចម្រើន លើកិច្ចសហប្រតិបត្តិការគ្រប់វិស័យរបស់រដ្ឋាភិបាលប្រទេសទំាងពីរ ជាពិសេសកំណើនពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម ដែលសម្រេចដល់១០ពាន់លានដុល្លារក្នុងមួយឆ្នាំ ជាចំនុចវិជ្ជមានមួយ បានបម្រើផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទំាងពីរ។ រដ្ឋសភាកម្ពុជា គំាទ្រនូវការដាក់ចេញគោលនយោបាយទេសចរណ៍របស់ប្រទេសកម្ពុជា វៀតណាម និងឡាវ គឺកញ្ចប់ទេសចរណ៍មួយគោលដៅបី។
ភាគីទាំងពីរបានប្តេជ្ញារួមគ្នានៅក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរ ទំាងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដូចជាបន្ត និងពង្រីកការផ្លាស់ប្តូរដំណើរទស្សនកិច្ចថ្នាក់ដឹកនាំ សមាជិករដ្ឋសភា ក្រុមមិត្តភាព សមាជិកសភាស្រ្តី និងសមាជិកសភាវ័យក្មេង។ លើកកម្ពស់ជំរុញដល់កិច្ចសហប្រតិបត្តិការរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទំាងពីរ និងជំរុញដល់ការអនុវត្តឱ្យមានប្រសិទ្ធភាពនូវរាល់កិច្ចព្រមព្រៀង ដែលប្រទេសទំាងពីរបានធ្វើកន្លងមក ដូចជាការកសាងបន្ទាត់ព្រំដែនទៅជាបន្ទាត់ព្រំដែនសន្តិភាព និងអភិវឌ្ឍន៍ ការរុករកនិងបញ្ជូនឥដ្ឋិធាតុយុទ្ធពលីវៀតណាមនៅកម្ពុជា ការបង្កើតកិច្ចសហប្រតិបត្តិការលើបញ្ហាសន្តិសុខអ៊ីនធឺណែត ជាដើម ៕
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន