នៅរសៀលថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ គណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា បានអញ្ជើញមកដល់អាកាសយានដ្ឋានទីក្រុងម៉ានីល នៃសាធារណរដ្ឋហ្វីលីពីន ដើម្បីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៣១ (APPF-31) ក្រោមមូលបទ “ភាពជាដៃគូមានភាពធន់ ដើម្បីសន្តិភាព វិបុលភាព និងនិរន្តរភាព” ដែលរដ្ឋសភាហ្វីលីពីន ធ្វើជាម្ចាស់ផ្ទះ នៅមជ្ឈមណ្ឌល សន្និបាតអន្តរជាតិ នាទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ ឯកឧត្តម ហ័ន មីហ្គែល (Juan Miguel) ប្រធានព្រឹទ្ធសភា និង ឯកឧត្តម ហ្វឺឌីណាន់ ម៉ារទីន រ៉ូម៉ូលដេស (Ferdinand Martin Romualdez) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋហ្វីលីពីន។
នៅអាកាសយានដ្ឋាននៃទីក្រុងម៉ានីល ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប និងគណៈប្រតិភូ ត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំសភានៃប្រទេសហ្វីលីពីន និង ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសាធារណរដ្ឋហ្វីលីពីន និងសហការី។
តាមការគ្រោងទុក ក្រៅពីការចូលរួមក្នុងកិច្ចប្រជុំនានារបស់វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក(APPF) ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប នឹងគ្រោងទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាលក្ខណៈទ្វេភាគី ជាមួយប្រធាន គណៈប្រតិភូសភាឡាវ វៀតណាម ថៃ និង ប្រធានសភាហ្វីលីពីន ដែលជាម្ចាស់ផ្ទះ ព្រមទាំងគ្រោងជួបជាមួយអគ្គនាយកវិទ្យាស្ថានស្រាវជ្រាវដំណាំស្រូវអន្តរជាតិ(IRRI)ផងដែរ ៕
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន