Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជាចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៣១ នៅសាធារណរដ្ឋហ្វីលីពីន
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជាចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៣១ នៅសាធារណរដ្ឋហ្វីលីពីន
Prepaired By: NARA1472 ​ Date: (11/21/2023 8:04:06 PM )
នៅព្រឹកថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ចាកចេញពីអាកាស​យានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះទៅកាន់ទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ដេីម្បីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើក​ទី៣១ (APPF-31) ក្រោមមូលបទ “ភាពជាដៃគូមានភាពធន់ ដើម្បីសន្តិភាព វិបុលភាព និងនិរន្តរភាព” ដែលរដ្ឋសភាហ្វីលីពីន ធ្វើជាម្ចាស់ផ្ទះ នៅមជ្ឈមណ្ឌលសន្និបាតអន្តរជាតិ នាទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ ឯកឧត្តម ហ័ន មីហ្គែល (Juan Miguel) ប្រធានព្រឹទ្ធសភា និង ឯកឧត្តម ហ្វឺឌីណាន់ ម៉ារទីន រ៉ូម៉ូលដេស (Ferdinand Martin Romualdez) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋហ្វីលីពីន

អញ្ជេីញជូនដំណេីរគណៈប្រតិភូ នាឱកាសនេះ រួមមាន ឯកឧត្តម លោកជំទាវ សមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា ទីប្រឹក្សា និងថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។

នៅក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប នឹងចូលរួមថ្លែងបទអន្តរាគមន៍ក្នុងកិច្ចប្រជុំជាផ្លូវការលើប្រធានបទ “ការប្រយុទ្ធប្រឆាំងទៅនឹងបទឧក្រិដ្ឋឆ្លងដែន”។ គណៈប្រតិភូសភាកម្ពុជា ក៏គ្រោងទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាលក្ខណៈទ្វេភាគី ជាមួយ ប្រធានគណៈប្រតិភូសភាឡាវ វៀតណាម ថៃ និងប្រធានសភាហ្វីលីពីន ដែលជាម្ចាស់ផ្ទះ ព្រមទាំងគ្រោងជួបជាមួយអគ្គនាយកវិទ្យាស្ថានស្រាវជ្រាវដំណាំស្រូវអន្តរជាតិ(IRRI)។ ចំណែកសមាជិកគណៈប្រតិភូដទៃទៀត នឹងចូលរួមកិច្ចប្រជុំជាច្រើនរបស់ APPF ស្របតាមកម្មវិធីដែលបានរៀបចំ។

សូមជម្រាបថា កិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី៣១ (APPF-31) មានគណៈកម្មាធិការចំនួន៤គឺ៖ ១-កិច្ចប្រជុំសមាជិក​សភាជាស្ត្រី ២-គណៈកម្មាធិការស្តីពីនយោបាយ និងសន្តិសុខ ៣-គណៈកម្មាធិការស្តីពីសេដ្ឋកិច្ច និងពាណិជ្ជកម្ម ៤-គណៈកម្មាធិការកិច្ចសហប្រតិ​បត្តិការក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងកិច្ចពិភាក្សាតុមូល សម្រាប់សមាជិកសភាវ័យក្មេង។

វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលមានឈ្មោះពេញជាភាសាអង់គ្លេស “The Asia-Pacific Parliamentary Forum” ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយអតីតនាយករដ្ឋមន្រ្តីជប៉ុន ឯកឧត្តម Yasuhiro Nakasone ក្នុងឆ្នាំ១៩៩៣ ដើម្បីជំរុញយន្តការសភាក្នុងការកសាងសុខសន្តិភាព ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ និងពិភពលោកដោយចីរភាព។ សភានៃព្រះរាជាណាចក្រកម្ពុជាបានចូលជាសមាជិកនៅក្នុងឆ្នាំ១៩៩៥ និងបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រចំាឆ្នាំ APPF លើកទី២៧ កាលពីខែមករា ឆ្នាំ២០១៩ នៅខេត្តសៀមរាប។ បច្ចុប្បន្ន APPF មានសមាជិកពេញសិទ្ធិចំនួន ២៨ប្រទេស ៕
 
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន