សេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា​ __ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៤ __ ព័ត៌មានវីដេអូ| សម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ របៀបវារៈទី៤៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើអនុសញ្ញាស្តីពី ឯកភាវូបនីយកម្មនៃវិធានមួយចំនួន ... __ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញ គោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ង្វៀន ហ៊្វូចុង អគ្គលេខាធិការបក្ស នៃគណបក្សកុម្មុយនីស្ត វៀតណាម __ រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពី ឯកភាវូបនីយកម្មនៃវិធានមួយចំនួន ពាក់ព័ន្ធនឹងការដឹកជញ្ជូន អន្តរជាតិតាមផ្លូវអាកាស និងប្រកាសបិទ សម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ __ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា អញ្ជើញដឹកនាំបន្តសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧​៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំសម័យប្រជុំរដ្ឋសភា លេីកទី១ នីតិកាលទី៧ ដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួនបី និងសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំសម័យប្រជុំរដ្ឋសភា លេីកទី១ នីតិកាលទី៧ ដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួនបី និងសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា
Prepaired By: NARA1472 ​ Date: (11/15/2023 7:23:30 PM )
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ចំនួនបី និងសេចក្តីស្នើវិសោធនកម្មប្រការមួយចំនួននៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា។

សេចក្តីព្រាងច្បាប់ដែលរដ្ឋសភាលើកមកពិភាក្សា និងអនុម័តនាឱកាសនេះមាន៖

-សេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២

-សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤

-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃអេមីរ៉ាតអារ៉ាប់រួម

-សេចក្តីស្នើវិសោធនកម្មប្រការ ៤ថ្មី ប្រការ ៦ថ្មី(ពីរ) និងប្រការ ២៩ថ្មី បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។

សេចក្តីព្រាងច្បាប់ និងសេចក្តីស្នើវិសោធនកម្មច្បាប់ខាងលើ នឹងក្លាយជាច្បាប់ និងបទដ្ឋានគតិយុត្តដ៏សំខាន់ នៅក្នុងការដឹកនាំប្រទេសជាតិ ក៏ដូចជាស្ថាប័ន និងសម្រាប់ធ្វើការអភិវឌ្ឍប្រទេសជាតិ ពង្រីកវិសាលភាពទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសជាមិត្ត ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ និងជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើងជាលំដាប់ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧។

តួយ៉ាងដូចជា សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ គឺត្រូវបានតាក់តែងឡើង នៅក្នុងបរិការណ៍ ដែលរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានប្រសូតចេញពីការបោះឆ្នោតដោយសេរី យុត្តិធម៌ ត្រឹមត្រូវ និងមានតម្លាភាព ស្របទៅតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមានប្រជាពលរដ្ឋចូលរួមបោះឆ្នោត រហូតដល់ជាង៨លាន២សែននាក់ ត្រូវជាប្រមាណ ៨៤,៥៩% នៃចំនួនប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីអ្នកបោះឆ្នោត។

សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ មានគោលបំណងសំខាន់ៗ បន្តពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ បន្តធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ ជំរុញការអភិវឌ្ឍប្រព័ន្ធសុខាភិបាល ប្រព័ន្ធគាំពារសង្គម ដើម្បីលើកកម្ពស់សុខុមាលភាពសង្គម ដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រាក់ឧបត្ថម្ភមន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងកម្រិតសមស្រប ដោយផ្អែកលើសមិទ្ធកម្ម ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងពង្រឹងសមត្ថភាពស្ថាប័ន និងគុណភាពនៃការផ្តល់សេវាសាធារណៈ ជាដើម។

ចំណែកសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងរដ្ឋាភិបាល នៃព្រះរាជាណា​ចក្រកម្ពុជា និងរដ្ឋាភិបាល នៃអេមីរ៉ាតអារ៉ាប់រួមវិញ មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ស្របតាមឯកទេសភាវូបនីយកម្ម និងសក្តានុពលដែលមានស្រាប់រវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម។ កិច្ចព្រមព្រៀងនេះ នឹងជំរុញការធ្វើពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគ សំដៅចូលរួមជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ចូលរួមបង្កើនផលិតភាព គុណភាព និងលើកកម្ពស់ការប្រកួតប្រជែង សម្រាប់ផលិតផល ទំនិញ និងសេវា តាមរយៈការផ្ដល់ការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ជំរុញការធ្វើពិពិធកម្មទីផ្សារនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារថ្មីៗ ពិសេសទីផ្សារមជ្ឈឹមបូព៌ា និងអាហ្វ្រិក។

អង្គប្រជុំរដ្ឋសភាបាននឹងកំពុងធ្វើការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ខាងលើម្តងមួយៗ។ នៅក្នុងការពិភាក្សាអនុម័តរបៀបវារៈខាង​លើនេះ សមាជិកសមាជិការដ្ឋសភា បានលើកឡើងនូវសំណួរ និងចម្ងល់នានា ហើយមានការបកស្រាយ ឆ្លើយពន្យល់ ពីតំណាងរាជរដ្ឋាភិបាល ដែលជាអ្នកការពារសេចក្តីព្រាងច្បាប់ ស្របតាមនីតិវិធី ទើបឈានដល់ការអនុម័តជាឯកច្ឆន្ទ លើសេចក្តីព្រាងច្បាប់នីមួយៗ ក៏ដូចជាសេចក្តីស្នើវិសោធនកម្មប្រការ ៤ថ្មី ប្រការ ៦ថ្មី(ពីរ) និងប្រការ ២៩ថ្មី បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ៕
 
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន