នាយករដ្ឋមន្រ្តីឡាវ និងសម្តេចរដ្ឋសភាធិបតីប្តេជ្ញាជំរុញទំនាក់ទំនងប្រជាជននិងពាណិជ្ជកម្មប្រទេសទំាងពីរ ឱ្យកាន់តែរីកចម្រើនឡើង __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ជម្រាបឯកឧត្តមប្រធានរដ្ឋឡាវថា រដ្ឋសភាកម្ពុជានិងឡាវ ប្តេជ្ញាខិតខំឱ្យអស់លទ្ធភាពដើម្បីបម្រើផលប្រយោជន៍ប្រជាជននៃប្រទេសទំាងពីរ__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃជំនួបពិភាក្សាការងារទ្វេភាគីរវាង អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា ជាមួយ អគ្គលេខាធិការដ្ឋានរដ្ឋសភាឡាវ__ អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា-ឡាវ ជួបពិភាក្សាការងារទ្វេភាគី ដើម្បីពង្រឹងការអនុវត្តអនុស្សរណៈយោគយល់គ្នា ដែលភាគីទាំងពីរបានចុះហត្ថលេខាកន្លងមក​ __ ក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ឡាវ ប្តេជ្ញាបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែប្រសើរឡើង ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អញ្ជើញថ្វាយព្រះរាជដំណើរ ព្រះមហាក្សត្រជីវិតតម្កល់លើត្បូង ស្តេចយាងបំពេញព្រះរាជទស្សនកិច្ចនៅសាធារណរដ្ឋបារំាង
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អញ្ជើញថ្វាយព្រះរាជដំណើរ ព្រះមហាក្សត្រជីវិតតម្កល់លើត្បូង ស្តេចយាងបំពេញព្រះរាជទស្សនកិច្ចនៅសាធារណរដ្ឋបារំាង
រៀបរៀងដោយ ៖​ NARA1472 ​ នៅថ្ងៃទី (11/12/2023 6:34:47 PM )
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមថ្វាយព្រះរាជដំណើរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងទៅបំពេញព្រះរាជទស្សនកិច្ច នៅសាធារណរដ្ឋបារំាង នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងទៅបំពេញព្រះរាជទស្សនកិច្ច នៅសាធារណរដ្ឋបារំាង ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ តបតាមការសូមយាងរបស់ ឯកឧត្តម Emmanuel MACRON ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង

ក្នុងព្រះរាជទស្សនកិច្ចជាប្រវត្តិសាស្ត្រនេះ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នឹងមានព្រះរាជសវនាការ ជាមួយ ឯកឧត្តម Emmanuel MACRON នៅវិមានប្រធានាធិបតី Palais de l'Élysée នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ និងយាងចូលរួមសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្តីពីការអភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គរ ដែលនឹងរៀបចំឡើងក្នុងឱកាសសម័យប្រជុំលើកទី៤២នៃសន្និសីទអង្គរការយូណេស្កូ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ក៏នឹងប្រទានព្រះរាជសវនាការជូន លោកជំទាវ Audrey AZOULAY អគ្គនាយិកា នៃអង្គការយូណេស្កូ ហើយក៏នឹងយាងទៅប្រាសាទ Fontainebleau ស្ថិតនៅទីក្រុង Fontainebleau ដែលមានសម្ព័ន្ធមេត្រីភាពជាមួយទីក្រុងសៀមរាប និងយាងទត​បណ្ណសាររបស់ ព្រះករុណា ព្រះបាទ សម្ដេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ផងដែរ។

អញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងដ៏ខ្ពង់ខ្ពស់បំផុត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានឥស្សរជនជាតិជាន់ខ្ពស់ជាច្រើនមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្ដេច ឯកឧត្តម ជាសមាជិក សមាជិកា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួនទៀត។

សូមរាជាអនុញ្ញាតក្រាបបង្គំថ្វាយព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុ​យឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាពតរៀងទៅ និងទទួលបានព្រះរាជជោគជ័យដ៏ឧត្តុង្គឧត្តមនៅក្នុងព្រះរាជបេសកកម្ម នាពេលនេះ ៕
 
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន