នាយករដ្ឋមន្រ្តីឡាវ និងសម្តេចរដ្ឋសភាធិបតីប្តេជ្ញាជំរុញទំនាក់ទំនងប្រជាជននិងពាណិជ្ជកម្មប្រទេសទំាងពីរ ឱ្យកាន់តែរីកចម្រើនឡើង __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ជម្រាបឯកឧត្តមប្រធានរដ្ឋឡាវថា រដ្ឋសភាកម្ពុជានិងឡាវ ប្តេជ្ញាខិតខំឱ្យអស់លទ្ធភាពដើម្បីបម្រើផលប្រយោជន៍ប្រជាជននៃប្រទេសទំាងពីរ__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃជំនួបពិភាក្សាការងារទ្វេភាគីរវាង អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា ជាមួយ អគ្គលេខាធិការដ្ឋានរដ្ឋសភាឡាវ__ អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា-ឡាវ ជួបពិភាក្សាការងារទ្វេភាគី ដើម្បីពង្រឹងការអនុវត្តអនុស្សរណៈយោគយល់គ្នា ដែលភាគីទាំងពីរបានចុះហត្ថលេខាកន្លងមក​ __ ក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ឡាវ ប្តេជ្ញាបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែប្រសើរឡើង ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សិក្ខាសាលាសភាស្តីពីការកសាងក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈសម្រាប់រៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤
សិក្ខាសាលាសភាស្តីពីការកសាងក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈសម្រាប់រៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤
រៀបរៀងដោយ ៖​ NARA1472 ​ នៅថ្ងៃទី (11/6/2023 8:11:18 PM )
សិក្ខាសាលាសភាស្តីពីការកសាងក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រាប់រៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ បានប្រារព្ធធ្វើក្រោមអធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១​រដ្ឋសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហការី ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា និងលោក លោកស្រី ជាតំណាងអង្គការ និងក្រសួងពាក់ព័ន្ធអញ្ជើញចូលរួម នៅសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

សិក្ខាសាលានេះ មានគោលបំណងបញ្ជ្រាបការយល់ដឹងជូន សមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា និងសាធារណជន អោយយល់ជ្រួតជ្រាបពីការកសាងក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រាប់រៀបចំសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។

នៅក្នុងចំណាប់អារម្មណ៍គន្លឹះរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា សម្រាប់ឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជានឹងបន្តនិន្នាការកើនឡើង ដោយរំពឹងថានឹងសម្រេចបានកំណើនក្នុងរង្វង់៦,៦%។ ការរំពឹងទុកនូវកំណើន៦,៦%នេះ ត្រូវបានគាំទ្រដោយវិស័យសេដ្ឋកិច្ចសំខាន់ៗ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានបន្តថា ដើម្បីឆ្លើយតបនឹងនិន្នាការថ្មីៗ ក៏ដូចជាការគ្រប់គ្រងហានិភ័យដែលអាចកើតមាន រាជរដ្ឋាភិបាលបាននឹងកំពុងដាក់ឲ្យអនុវត្តនូវវិធានការអន្តរាគមន៍សមស្រប និងទាន់ពេលវេលា តាមរយៈការដាក់ចេញដោយប្រទាក់ក្រឡានូវគោលនយោ​បាយ​ហិរញ្ញវត្ថុសាធារណៈ គោលនយោបាយរូបិយវត្ថុ និងគោលនយោបាយជារចនាសម្ព័ន្ធ ដើម្បីសម្រេចឲ្យបាននូវការរក្សាលំនឹង និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន ចាប់យកឲ្យបាននូវកាលានុវត្តភាពថ្មីៗ ដែលកំពុងលេចឡើង ស្របនឹងនិន្នាការតំបន់ និងសកល និងកសាងភាពធន់នៃសង្គម-សេដ្ឋកិច្ច។ ជាមួយគ្នានេះ ជាទិសដៅយុទ្ធសាស្ត្រ និងគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា នឹងបន្តជំរុញការកែទម្រង់ជារចនាសម្ព័ន្ធ និងជាប្រព័ន្ធ ព្រមទាំងក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ គឺជាមូលដ្ឋានសម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ និងផ្តល់ទិសដៅគោលនយោបាយបន្ថែមសម្រាប់ការបន្តពង្រឹងសក្តានុពលនៃចន្ទល់កំណើនសេដ្ឋកិច្ច បន្តចាប់យកកាលានុវត្តភាពថ្មីៗ ដើម្បីលើកកម្ពស់កំណើនប្រកបដោយចីរភាព និងដែលកាន់តែមានពិពិធកម្ម ជាពិសេសការកសាងភាពធន់នៃសង្គម-សេដ្ឋកិច្ច ដែលជាលក្ខខណ្ឌសម្រាប់តម្រង់ទិសក្នុងការរៀបចំរបៀបវារៈអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នេះ។

ថ្លែងក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា សិក្ខាសាលាសភាស្តីពីការកសាងក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រាប់រៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ​២០២៤ត្រូវបានរំពឹងនឹងសម្រេចបានកំណើនល្អ ជាមួយការថមថយអត្រាអតិផរណា ដែលនាំអោយសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៤ រំពឹងថានឹងសម្រេចបានអត្រា៦,៦% ជាមួយនឹងអត្រាអតិផរណា២,៥% និងរក្សាបាននូវស្ថិរភាពអត្រាប្តូរប្រាក់៤០៦៥ក្នុងមួយដុល្លារអាមេរិក។

ក្នុងនាមស្ថាប័ននីតិប្បញ្ញត្តិ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត សូមលើកទឹកចិត្តដល់ សមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា បន្តគាំទ្រ និងលើកទឹកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពន្លឿនជំរុញការអនុវត្តកម្មវិធីកែទម្រង់សំខាន់ៗលើគ្រប់វិស័យ ដើម្បីបង្កភាពងាយស្រួល និងបង្កើតបរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា។ ចុងបញ្ចប់ ឯកឧត្តម សូមលើកទឹកចិត្តដល់សមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា ពិសេសគណៈកម្មការជំនាញនីមួយៗរបស់សភាទាំងពីរ បន្តស្រាវជ្រាវពីឯកសារនានា និងពីស្ថាប័នពាក់ព័ន្ធដទៃទៀត ទាក់ទងនឹងម៉ាក្រូសេដ្ឋកិច្ច គោលនយោបាយពាក់ព័ន្ធយុទ្ធសាស្រ្តនានា ក្នុងគោលបំណងសិក្សាអោយបានហ្មត់ចត់គ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅ ដើម្បីជាមូលដ្ឋានក្នុងការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ នាពេលខាងមុចឆាប់ៗនេះ សំដៅធានាបានថាជាការវិភាជន៍ថវិកាជាតិឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងវិស័យអាទិភាពរបស់ជាតិ ៕
 
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន