សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈប្រតិភូរដ្ឋសភាកម្ពុជា បានអញ្ជើញត្រឡប់មកពីចូលរួមកិច្ចប្រជុំទល់មុខគ្នា រវាងថ្នាក់ដឹកនាំអាយប៉ាជាមួយប្រមុខដឹកនាំអាស៊ាន នៅឡាបួនបាចូ-នូសាតេងហ្គារ៉ាទីមួរ នៃប្រទេសឥណ្ឌូនេស៊ី
គណៈប្រតិភូរដ្ឋសភាកម្ពុជា បានអញ្ជើញត្រឡប់មកពីចូលរួមកិច្ចប្រជុំទល់មុខគ្នា រវាងថ្នាក់ដឹកនាំអាយប៉ាជាមួយប្រមុខដឹកនាំអាស៊ាន នៅឡាបួនបាចូ-នូសាតេងហ្គារ៉ាទីមួរ នៃប្រទេសឥណ្ឌូនេស៊ី
រៀបរៀងដោយ ៖​ NARA1472 ​ នៅថ្ងៃទី (5/12/2023 2:45:44 AM )

នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ គណៈប្រតិភូរដ្ឋសភាកម្ពុជាដែលដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានអញ្ជើញ ត្រឡប់មកពីចូលរួមកិច្ចប្រជុំទល់មុខគ្នា រវាងថ្នាក់ដឹកនាំអាយប៉ាជាមួយប្រមុខដឹកនាំអាស៊ាន ដែលប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី៧ ដល់ថ្ងៃ ទី១២ ខែឧសភា ឆ្នាំ២០២៣ នៅឡាបួនបាចូ-នូសាតេងហ្គារ៉ាទីមួរ នៃប្រទេសឥណ្ឌូនេស៊ី ប្រកបដោយសុខសុវត្ថិភាព។

នៅក្នុងកិច្ចប្រជុំទល់មុខគ្នា រវាងថ្នាក់ដឹកនាំអាស៊ាន និងអន្តរជាតិសភាអាស៊ាន នៅក្នុងឱកាសជំនួបកំពូលអាស៊ាន លើកទី៤២ ដែល សាធារណៈរដ្ឋឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំនេះ នៅទីក្រុងឡាបួនបាចូ កាលពីថ្ងៃទី៩-១០ ខែឧសភា ឆ្នាំ២០២៣ ដោយ នៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ គណៈប្រតិភូរដ្ឋសភាកម្ពុជាបានចូលរួមកិច្ចប្រជុំត្រៀមរៀបចំដើម្បីប្រមូល និងអនុម័តធាតុចូល នានា សម្រាប់ដាក់ក្នុងសាររួមរបស់ប្រធានអាយប៉ា ហើយនៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ បានចូលរួមប្រជុំទល់មុខគ្នាជាមួយ ថ្នាក់ដឹកនាំកំពូលអាស៊ាន។ កិច្ចប្រជុំទល់គ្នា រវាងថ្នាក់ដឹកនាំអាស៊ាន និងអន្តរសភាអាស៊ាន គឺធ្វើឡើងដូចបណ្តាឆ្នាំមុនៗដែរ ដោយ លោកជំទាវបណ្ឌិត ពួន មហារ៉ានី ប្រធានរដ្ឋសភាឥណ្ឌូនេស៊ី និងក្នុងនាមប្រធានអាយប៉ា បានថ្លែងសាជាជំហររួមរបស់អន្តរសភា- អាស៊ាន ទៅកាន់ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលអាស៊ាន ដោយសម្តែងការអបអរសាទរដ៏កក់ក្តៅបំផុតចំពោះ ឯកឧត្តមប្រធានាធិបតី ឥណ្ឌូនេស៊ី ចូកូ វីដូដូ ជាប្រធានអាស៊ានឆ្នាំ២០២៣ ដែលបានលើកយកមូលបទស្តីពីសារៈសំខាន់អាស៊ានជាស្នូលនៃកំណើន មកធ្វើជា របៀបវារៈពិភាក្សា ដោយសារគំរោងកំណើនជាមធ្យមរបស់អាស៊ានឆ្នាំ២០២៣គឺ4,8% (ធៀបនឹងកំណើនសេដ្ឋកិច្ចពិភពលោកត្រឹម2,8% ប៉ុណ្ណោះ) បើទោះបីជាយើងនៅមានការប្រឈមជាសកល និងតំបន់ ដូចជា ការទើបតែងើបឡើងពីជំងឺរាតត្បាតកូវីដ-១៩ ការប្រែប្រួល អាកាសធាតុ និងវិបត្តិថាមពល និងស្បៀងអាហារដោយសារសង្គ្រាម និងជំលោះផលប្រយោជន៍ភូមិសាស្ត្រនយោបាយ ដែលមាន ឥទ្ធិពលលើសេដ្ឋកិច្ច ឫសង្គមរបស់យើង ហើយមានការងារចាំបាច់ជាច្រើនដែលត្រូវធ្វើដើម្បីធានាស្ថិរភាពតំបន់ ដែលជាបុព្វរេលក្ខខ័ណ្ឌ សម្រាប់ការអភិវឌ្ឍបន្ត។ លោកជំទាវបណ្ឌិត ពួន មហារ៉ានី ប្រធានអាយប៉ា២០២៣ ក៏បានរំលឹកពីលទ្ធផលជោគជ័យជាច្រើនរបស់ អាយប៉ា២០២២ ក្រោមការដឹកនាំរបស់សភាកម្ពុជា ដូចជាការសម្រេចបង្កើតឱ្យមានបណ្ណាល័យច្បាប់អាស៊ានឌីជីថល ការបង្កើតវេទិកា សភាវ័យក្មេងជាគណៈកម្មាធិការអចិន្ត្រៃមួយរបស់អន្តរសភាអាស៊ាន AIPA ការបង្កើនកម្រិតសន្ទនាជាមួយដៃគូកាន់តែច្រើន ដោយផ្តល់ ឋានៈជាអ្នកសង្កេតការណ៍អាយប៉ាថ្មីៗទៀត រហូតដល់២០ប្រទេស រួមទាំងសហរដ្ឋអាមេរិកផងដែរ។ ជាងនេះទៅទៀត អាយប៉ាAIPA ក៏បានសម្របសម្រួលឱ្យបណ្តាញសភា នៃចលនាមិនចូលបក្សសម្ព័ន្ធ ធ្វើជាដៃគូជាមួយសភាសមាជិកអាយប៉ាផងដែរ។ ទាំងអស់នេះ បានឆ្លុះបង្ហាញពីតួនាទីស្ថាបនាការទូតសភារបស់អាយប៉ាAIPA ដែលបានបង្កើតឡើងតាំងពី៤៥ឆ្នាំមុននោះកាន់តែមានសារៈសំខាន់ជួយ គាំទ្រអាស៊ានឱ្យក្លាយជាស្នូលពិតប្រាកដ នៃកំណើន និងភាពធន់កាន់តែរឹងមាំ។

កិច្ចប្រជុំធ្វើឡើងដើម្បីឆ្លុះបញ្ចាំងពីភាពស៊ីសង្វាក់គ្នា និងគាំទ្រដល់មូលបទនៃជំនួបកំពូលអាស៊ានឆ្នាំ២០២៣នេះគឺ «សារៈសំខាន់អាស៊ាន ជាស្នូលនៃកំណើន ASEAN Matters: Epicentrum of Growth» ដែលបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់រដ្ឋសមាជិកអាស៊ានបន្តស្តារ សេដ្ឋកិច្ចពីវិបត្តិ លើកកម្ពស់ការតភ្ជាប់ ជំរុញបង្កើនសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងជំរុញកំណើនឱ្យកាន់តែមានបរិយាប័ន្ននោះ AIPA ឆ្នាំ២០២៣នេះ នឹងកំណត់យកមូលបទរបស់ខ្លួនថា“សភាមានការទទួលខុសត្រូវសម្រាប់អាស៊ានមួយប្រកបដោយស្ថិរភាពនិងវិបុលភាព Responsive Parliament for a Stable and Prosperous ASEAN” ជារួមក្នុងជំនួបថ្នាក់ដឹកនាំអាស៊ានឆ្នាំនេះ អាយប៉ាលើកអនុសាសន៍ សំខាន់ៗមួយចំនួនជូនទៅប្រមុខថ្នាក់ដឹកនាំអាស៊ានរួមមាន៖

១.បន្តថែរក្សាសន្តិភាព ឯកភាព មជ្ឈភាព និងភាពក្លៀវក្លារបស់អាស៊ាន ដែលជាកត្តាធានាដល់សន្តិភាព ស្ថិរភាព និងវឌ្ឍនភាពតំបន់។

២.លើកកម្ពស់កំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាពដ៏ខ្លាំងក្លានៅក្នុងតំបន់ លើកស្ទួយសមត្ថភាពទទួលខុសត្រូវ ប្រកបដោយភាពធន់ របស់អាស៊ាន ដោយផ្តោតលើសន្តិសុខស្បៀង និងថាមពលនៅក្នុងបរិបទប្រែប្រួលយ៉ាងឆាប់រហ័សរបស់តំបន់ និងសកលលោក។

៣.ធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រសិទ្ធភាពប្រតិបត្តិការនៃយន្តការអាស៊ាន និងរវាងអាស៊ានជាមួយដៃគូរបស់ខ្លួនរួមទាំងអាយប៉ាផងដែរ។

៤.បន្តជំរុញឱ្យមានការវិនិយោគបៃតង លើកទឹកចិត្តឱ្យមានហិរញ្ញវត្ថុបៃតងប្រកបដោយចីរភាព និងសមធម៌ អភិវឌ្ឍន៍ផែនទីបង្ហាញផ្លូវ ក្របខណ្ឌច្បាប់ និងគោលនយោបាយដើម្បីសម្រេចបានតាមគំនិតផ្តួចផ្តើម និងកិច្ចព្រមព្រៀងបៃតងក្នុងតំបន់អាស៊ាន។

៥.ជំរុញឱ្យមាននវានុវត្តន៍ច្នៃប្រឌិត ការផ្ទេរ ការអនុវត្តន៍ និងការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដើម្បីកំណើន និងការអភិវឌ្ឍដោយ ចីរភាព។

៦.ដើម្បីគាំទ្រដល់កិច្ចការទាំងនេះ យើងក៏ត្រូវសហការ និងសម្របសម្រួលជួយជំរុញ និងពង្រឹងដំណើរការប្រជាធិបតេយ្យរបស់ប្រទេស ជាសមាជិកនីមួយៗ ដោយបញ្ជូនគណៈប្រតិភូ ទៅចូលរួមសង្កេតការណ៍បោះឆ្នោតជាតិ តាមការអញ្ជើញរបស់ប្រទេសម្ចាស់ផ្ទះរៀបចំ ការបោះឆ្នោត។

ក្នុងឱកាសចូលរួមកិច្ចប្រជុំទល់មុខគ្នា រវាងថ្នាក់ដឹកនាំអាស៊ាន និងអាយប៉ា គណៈប្រតិភូរដ្ឋសភាកម្ពុជា បានជួបទ្វេរភាគីជាមួយគណៈ- ប្រតិភូរដ្ឋសភាវៀតណាមដែលដឹកនាំដោយ ឯកឧត្តម ង្វៀន ដុកហៃ អនុប្រធានរដ្ឋសភាវៀតណាម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ សភានៃប្រទេសទាំងពីរ បានជួបគណៈប្រតិភូសភាឡាវដឹកនាំដោយ លោកជំទាវ សួនថន សាយ៉ាចក្រ អនុប្រធានរដ្ឋសភាឡាវ និង បានជួបគណៈប្រតិភូសភាម៉ាឡេស៊ី ដឹកនាំដោយ ឯកឧត្តម DATO’ JOHARI BIN ABDUL ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន