ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភា កម្ពុជា-តួកគី នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ សារ៉ាប យ៉ាសារ (Sarap Yasar) សមាជិកាសភា និងជាប្រធាន ក្រុមមិត្តភាពសភាតួកគី-កម្ពុជា នៅវិមានរដ្ឋសភា។
ក្នុងនាម សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានវាយតំលៃខ្ពស់ ចំពោះដំណើរទស្សនកិច្ចរបស់លោកជំទាវ ប្រធានក្រុមមិត្តភាពរដ្ឋសភាតួកគី-កម្ពុជា នៅក្នុងការផ្លាស់ប្ដូរទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទៅវិញទៅមក រវាងសភា នៃប្រទេសទាំងពីរកម្ពុជា-តួកគី។ តាមរយៈក្រុមមិត្តភាពនេះ ទំនាក់ទំនងរវាងសភា នៃ ប្រទេសទាំងពីរនឹងត្រូវបានពង្រឹង និងពង្រីកកាន់តែប្រសើរឡើងថែមទៀត។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានមានប្រសាសន៍ទៀតថា សភាកម្ពុជា មានការពេញចិត្តចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដ៏ល្អរវាងប្រទេសទាំងពីរកម្ពុជា-តួកគី ពិសេសតាមរយៈលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ប្រទេសតួកគីកាលពីឆ្នាំ២០១៨កន្លងមក។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត អនុប្រធានទី១រដ្ឋសភា ក៏បានរំលឹកពីចំណងការទូត នៃប្រទេសទាំងពីរ កម្ពុជា តួកគី ដែលបានបង្កើតឡើង តាំងពីឆ្នាំ១៩៥៩មក ហើយត្រូវបានកាត់ផ្ដាច់កាលពីរបបប៉ុលពត និងបានបន្តជាថ្មីឡើងវិញ នៅក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០១៣។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប មានជំនឿថា ប្រទេសទាំងពីរនឹងបន្តកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យបន្ថែមទៀត ហើយ ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរក៏នឹងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយគ្នាផងដែរ ព្រោះកន្លងមកសភា នៃប្រទេសទាំងពីរ ក៏ធ្លាប់បានគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរសភានានា ដូចជា IPU និង APA ជាដើម។
លោកជំទាវ សារ៉ាប យ៉ាសារ (Sarap Yasar) សមាជិកាសភា និងជាប្រធានក្រុមមិត្តភាពសភាតួកគី-កម្ពុជា បានមានប្រសាសន៍ ថ្លែងអំណរគុណកម្ពុជា ចំពោះការទទួលស្វាគមន៍ដ៏កក់ក្ដៅដោយលោកជំទាវបានអះអាងថា ក្នុងនាមលោកជំទាវ ជាប្រធានក្រុមមិត្តភាព សភាតួកគី-កម្ពុជា លោកជំទាវ នឹងខិតខំអស់ពីលទ្ធភាព ក្នុងការជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងសភានៃប្រទេសទាំងពីរតួកគី និងកម្ពុជាអោយកាន់តែល្អប្រសើរឡើងថែមទៀត។
លោកជំទាវក៏បានលើកឡើងពីលទ្ធផលដ៏ល្អនៃដំណើរទស្សនកិច្ចក្នុងរយៈពេលពីរថ្ងៃកន្លងមករបស់លោកជំទាវ នៅកម្ពុជា និងបានរំលឹក ពីដំណើរទស្សនកិច្ចរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ប្រទេស តួកគីកាលពីឆ្នាំ២០១៨ ដំណើរទស្សកិច្ចរបស់ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិ- ការអន្តរជាតិ ទៅកាន់ប្រទេសតួកគីកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២២ និងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសតួកគីមកកាន់កម្ពុជា កាលពីឆ្នាំ២០២២កន្លងមក ក្នុងអំឡុងពេលនៃកិច្ចប្រកំពូលរដ្ឋមន្ត្រីការបរទេសអាស៊ាន គឺសុទ្ធតែបានជំរុញដល់ការរឹតចំណងមិត្តភាព និង កិច្ចសហប្រតិបត្តិការដ៏ល្អនៃប្រទេសទាំងពីរ តួកគី កម្ពុជា។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភា កម្ពុជា-តួកគី បានមានប្រសាសន៍ អបអរសាទរ ចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកជំទាវនៅកម្ពុជា និងថា ជំនួបនាពេលនេះ ក៏បានឆ្លុះបញ្ចាំងពីការជំរុញនូវ ទំនាក់ទំនងចំណងមិត្តភាពនៃស្ថាប័ននីតិប្បញ្ញត្តិ ក៏ដូចជាប្រទេសយើងទាំងពីរ កម្ពុជា តួកគី ផងដែរ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានសំណូមពរដល់លោកជំទាវប្រធានក្រុមមិត្តភាពសភាតួកគី-កម្ពុជា បន្តបង្កើនកិច្ចសហប្រតិបត្តិការស៊ីជំរៅ រវាងសភានៃប្រទេសទាំងពីរលើការបណ្ដុះបណ្ដាលសមត្ថភាពធនធានមនុស្ស ទាំងកម្រិតសភា និងអគ្គលេខាធិការដ្ឋានសភា ព្រមទាំង ស្នើសុំលោកជំទាវជួយជំរុញប្រជាពលរដ្ឋតួកគី មកទស្សនាប្រទេសកម្ពុជាអោយបានច្រើនបន្ថែមទៀត។
នៅចុងបញ្ចប់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជនតួកគីដែល បានជួយឧបត្ថម្ភគាំទ្រដល់ប្រជាជនកម្ពុជា ដើម្បីឲ្យកម្ពុជាមានលទ្ធភាពក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេស ឱ្យមានភាពរីកចម្រើនលើ គ្រប់វិស័យ ៕
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន
















