សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឱ្យ ឯកឧត្តម កែវ ពិសិដ្ឋ តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ និងជានាយកខុទ្ទកាល័យសម្តេច និង ឯកឧត្តម គី តិច មេធាវីតំណាងអាណត្តិ នាំយកថវិកា ដែលជាប្រាក់សំណងផ្លូវជំងឺចិត្តពីបទបរិហាកេរ្តិ៍របស់ ទណ្ឌិត សម រង្ស៊ី លើរូប សម្តេចទៅប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ជាដើម្បីចូលរួមបម្រើដល់សកម្មភាពមនុស្សធម៌របស់មន្ទីរពេទ្យ ក្នុងការព្យាបាលជំងឺដល់កម្ពុជា។
ថវិកាដែលបានប្រគល់ជូនមន្ទីរពេទ្យនាឱកាសនោះមានចំនួន ៤៨,៤៤៨.២៨ ដុល្លារ។ នៅក្នុងឱកាសនោះ ឯកឧត្តម កែវ ពិសិដ្ឋ បាន ពាំនាំនូវសេចក្តីនឹករលឹក និងការគោរពកោតសរសើររបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និង សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ជូនថ្នាក់ដឹកនាំ មន្រ្តីសុខាភិបាល បុគ្គលិកជាតិ និងអន្តរជាតិ នៃមន្ទីរពេទ្យទាំងអស់ ដែលបានខិតខំបំពេញបេសកកម្ម មនុស្សធម៌ ប្រកបដោយវិជ្ជាជីវៈក្នុងការព្យាបាលថែទាំសុខុមាលភាពជូនកុមារកម្ពុជាជារៀងរាល់ថ្ងៃ។
ឯកឧត្តម កែវ ពិសិដ្ឋ បានគូសបញ្ជាក់ថា នៅពេលគេនិយាយដល់មន្ទីរពេទ្យគន្ធបុប្ផា ពលរដ្ឋកម្ពុជាបាននឹកឃើញដល់ឈ្មោះ លោក វេជ្ជបណ្ឌិត Beat Richner ដែលលោកបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីស្ទើរពេញមួយជីវិតដើម្បីកុមារកម្ពុជា។ ឯកឧត្តម បាន គូសបញ្ជាក់ថា ដើម្បីចូលរួមចំណែកដល់សកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លារបស់មន្ទីរពេទ្យគន្ធបុប្ផា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និង សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន តែងតែបានបរិច្ចាគថវិកា និងសម្ភារៈវេជ្ជសាស្រ្តដល់មន្ទីរពេទ្យ ហើយនៅពេលនេះ សម្តេច បានបង្វែរថវិកា ដែលជាសំណងជំងឺចិត្តជូនមន្ទីរពេទ្យប្រើប្រាស់ ចាត់ចែងក្នុងការជួយសង្រ្គោះអាយុជីវិតកុមារដែលបានមកព្យាបាលជំងឺ នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផាបន្តទៀត។
លោកវេជ្ជបណ្ឌិត គី សង់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងលោកវេជ្ជបណ្ឌិត Denis Laurent អគ្គនាយក នៃមន្ទីរពេទ្យគន្ធបុប្ផា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តមនុស្សធម៌របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និង សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលជាកម្លាំងចិត្តយ៉ាងសំខាន់ក្នុងការជំរុញដល់ប្រសិទ្ធភាព ការងារមន្ទីរពេទ្យក្នុងការផ្តល់សេវាសុខាភិបាលជូនកុមារកម្ពុជាជារៀងរហូតមក។
ឯកឧត្តមមេធាវី គី តិច បានគូសបញ្ជាក់ថា ថវិកាដែល សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា នាឱកាសនេះ ជាផ្នែកទាំងអស់ដែលសម្តេចទទួលបានពីកញ្ចប់ថវិកា នៃការអនុវត្តសាលក្រមស្ថាពរលើ ទណ្ឌិត សម រង្ស៊ី ក្នុងបទបរិហារ- កេរ្តិ៍ លើថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា មាន សម្តេចតេជោ ហ៊ុន សែន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និង សម្តេច ក្រឡាហោម ស ខេង និងរាជរដ្ឋាភិបាល ៕
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន













