រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបន្តសម័យប្រជុំលើកទី៨ នីតិកាលទី៦ ក្រោម អធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី ដោយមានរបៀបវារៈសម័យប្រជុំ គឺការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ចំនួនបួនមាន៖
១-សេចក្តីស្នើវិសោធនកម្មប្រការ ២ថ្មី (ពីរ) ប្រការ ៥ថ្មី (ពីរ) ប្រការ ១០ថ្មី (បី) ប្រការ ១៦ និងប្រការ ៣៥ថ្មី នៃបទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
២-សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១
៣-សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣
៤-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖
-ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិដោយបន្ថែមមាត្រា៣ស្ទួន
-ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មមាត្រា៥០(ក) នៃអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ
-ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មមាត្រា៥៦ នៃអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ។
សម័យប្រជុំរដ្ឋសភា បានធ្វើការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ខាងលើម្តងមួយៗ តាមនីតិវិធី។ ដោយឡែកចំពោះសេចក្តីព្រាង- ច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ បានបង្ហាញថវិកាឆ្នាំ២០២៣ ជាការដាក់ចេញគោលដៅច្បាស់លាស់ប្រាកដនិយម ដើម្បីរក្សាឱ្យបាននូវតុល្យភាពថវិកា ដែលជាមូលដ្ឋានគ្រឹះក្នុងការធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជារួម ស្របជាមួយការតម្រង់ទិសក៏ដូចជាការផ្តល់អាទិភាពខ្ពស់បំផុតដល់តម្រូវការចំណាយចំបាច់ទំាងឡាយនៅក្នុងឆ្នាំ២០២៣។
ថវិកាឆ្នាំ២០២៣ត្រូវបានសន្និដ្ឋានថា ជាឧបករណ៍ដ៏មានប្រសិទ្ធភាពដែលអាចឱ្យរាជរដ្ឋាភិបាលឆ្លើយតបបញ្ហាប្រឈមទំាងពួង សំដៅបន្ត ការពារអាយុជីវិត លើកកម្ពស់នូវជីវភាពរស់នៅប្រជាពលរដ្ឋ ព្រមទំាងស្តារ និងជំរុញការងើបឡើងវិញនូវសេដ្ឋកិច្ចកម្ពុជា ទន្ទឹមនឹងការ- រៀនរស់ជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ៕
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន







































