មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ដែលសភានៃព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នឹងចាប់ដំណើរការពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។ គិតមកដល់ល្ងាចថ្ងៃទី២០ ខែវិច្ឆិកានេះ គណៈប្រតិភូដែលជាថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា នៃបណ្តា ប្រទេសសមាជិកអាយប៉ា ប្រទេសសង្កេតការណ៍ និងភ្ញៀវម្ចាស់ផ្ទះ ដែលគ្រោងនឹងចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៣នេះ បាន អញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា ជាបណ្តើរៗហើយ។ ក្រៅពីគណៈប្រតិភូ ក៏មាន ប្រទេសសង្កេតការណ៍ ភ្ញៀវរបស់ម្ចាស់ផ្ទះ និងអង្គការជាគូរបស់អាយប៉ា ក៏បានអញ្ជើញមកចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាពេលនេះដែរ។
នៅវេលាម៉ោង២០:០០នាទី ល្ងាចថ្ងៃទី២០ ខែវិច្ឆិកានេះដែរ គណៈប្រតិភូអាយប៉ាទាំងអស់ក៏នឹងត្រូវចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការ ប្រតិបត្តិអាយប៉ា ដើម្បីពិភាក្សា និងអនុម័តលើរបៀបវារៈ និងសកម្មភាពមហាសន្និបាតអាយប៉ាលើកទី៤៣ ព្រមទាំងកិច្ចការងារមួយចំនួន ទៀត។
ពិធីបើកមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ជាផ្លូវការ នឹងប្រារព្ធធ្វើ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៩:៤៥នាទី ដោយមានព្រះរាជសាររបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនគណៈប្រតិភូទាំងអស់ និងមានការថ្លែងសុន្ទរកថាស្វាគមន៍ដោយ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សុន្ទរកថា គន្លឹះរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសុន្ទរកថាបើកមហាសន្និបាត ដោយ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានអន្តរសភាអាស៊ាន អាយប៉ា លើកទី៤៣។
បន្ទាប់ពីពិធីបើកមហាសន្និបាត គណៈប្រតិភូអាយប៉ា និងគណៈប្រតិភូប្រទេសសង្កេតការណ៍ទាំងអស់ ក៏នឹងមានកិច្ចប្រជុំពាក់ព័ន្ធជាបន្ត បន្ទាប់ទៀតរហូតដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលជាថ្ងៃចុងបញ្ចប់នៃមហាសន្និបាតអាយប៉ា លើកទី៤៣ ៕
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន































