សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអន្តរសភាអាស៊ានលើកទី៤៣ (AIPA) បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អាយប៉ា ជួបប្រជុំទល់មុខ ជាមួយប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាលអាស៊ាន ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ នៅ សណ្ឋាគារសុខាភ្នំពេញ នារសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
នៅក្នុងកិច្ចប្រជុំនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍លើកឡើងថា សព្វថ្ងៃនេះ អាស៊ាន ក៏ដូចជាប្រទេសដទៃ នៅលើសកលលោក កំពុងស្ថិតនៅក្នុងចំណុចមួយប្រឈមទៅនឹងបញ្ហាកាន់តែស្មុគស្មាញ។ សម្តេចបានបញ្ជាក់ថា ការទូតសភាកាន់តែ មានសារៈសំខាន់ខ្លាំងឡើង ក្នុងការបង្កើតនូវវិធីសាស្រ្តពហុភាគី ដើម្បីដោះស្រាយបញ្ហាដ៏ស្មុគស្មាញទាំងនេះ ដោយផ្អែកលើគុណតម្លៃរួម របស់AIPA ដូចមានចែងនៅក្នុងលក្ខន្តិកៈ ដូចជាការលើកកម្ពស់គោលការណ៍សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ សន្តិភាព សន្តិសុខ និង វិបុលភាពក្នុងតំបន់អាស៊ាន។
ជំនួបប្រជុំទល់មុខរវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិអាស៊ាន ជាព្រឹត្តិការណ៍សំខាន់មួយនៃកិច្ចប្រជុំកំពូលអាស៊ាន ដើម្បី AIPA ដែល ជាស្ថាប័ននីតិប្បញ្ញត្តិ និងអាស៊ាន ដែលជាស្ថាប័ននីតិប្រតិបត្តិ ស្វែងយល់អំពីសភាពការណ៍រួម ធ្វើបច្ចុប្បភាពនៃកិច្ចសហប្រតិបត្តិការ និង ផ្លាស់ប្តូរទស្សនៈ បទពិសោធន៍ពីគ្នាទៅវិញទៅមក នៅលើទិសដៅរួមមួយ គឺវិបុលភាពរបស់ពលរដ្ឋអាស៊ាន។
ប្រធានអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍បន្តថា AIPA សូមគាំទ្រ យ៉ាងពេញទំហឹងចំពោះមូលបទ ដែលត្រូវបានជ្រើសរើសសម្រាប់កិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៣ គឺ "អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយ បញ្ហាប្រឈមទាំងអស់គ្នា"ដែលជាមូលបទមានសារៈសំខាន់ និងស្របតាមបរិបទពិភពលោកដែលកំពុងវិវត្ត និងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស នាពេលបច្ចុប្បន្ននេះ។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា សម្រាប់មហាសន្និបាតអាយប៉ា ដែលនឹងប្រព្រឹត្តទៅនៅចុងខែនេះ នឹងជ្រើសរើសមូលបទ “កាបោះជំហ៊ានជាមួយគ្នាដើម្បីតំបន់អាស៊ានមួយ ប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់” ផ្តោតលើការស្តារសេដ្ឋកិច្ចសង្គមឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ ក៏ដូចជាការពង្រឹងពហុភាគីនិយម ដើម្បីធានាសន្តិភាព និងសន្តិសុខក្នុងតំបន់។
សូមជម្រាបថា ក្នុងនាមប្រធានអន្តរសភាអាស៊ានប្តូរវេននៅក្នុងឆ្នាំ២០២២នេះ សភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត AIPA លើកទី៤៣ ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកានេះដែរ បន្ទាប់ពីខាងរាជរដ្ឋាភិបាល ដែលជាប្រធានអាស៊ានឆ្នាំ២០២២ រៀបចំកិច្ចប្រជុំកំពូល អាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធនាពេលនេះ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា កិច្ចសន្ទនា និងការពិគ្រោះយោបល់នាពេលនេះនឹងផ្តល់នូវលទ្ធផលដ៏ប្រសើរ ដោយធានាបានថា ឯកភាព និងមជ្ឈភាពរបស់អាស៊ាននឹងត្រូវរក្សាបាន យើងអាចធ្វើការងាររួមគ្នា ដើម្បីជំរុញឲ្យការងើបឡើងវិញពីជំងឺ រាតត្បាតនេះ កាន់តែមានភាពរឹងមាំ និងល្អប្រសើរជាងមុន ហើយធ្វើយ៉ាងណា ដើម្បីពង្រឹងមូលដ្ឋានគ្រឹះសំដៅសម្រេចបាននូវសហគមន៍ អាស៊ានមួយដែលមានភាពធន់ និងប្រកបដោយវិបុលភាព ៕
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន











