ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » និស្សិតវិទ្យាស្ថានវ៉ាន់ដាមកធ្វើទស្សនកិច្ចសិក្សានៅវិមានរដ្ឋសភា
និស្សិតវិទ្យាស្ថានវ៉ាន់ដាមកធ្វើទស្សនកិច្ចសិក្សានៅវិមានរដ្ឋសភា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (5/13/2022 10:24:52 PM )

និស្សិតចំនួន៩០នាក់មកពីវិទ្យាស្ថានវ៉ាន់ដា បានមកធ្វើទស្សនកិច្ចសិក្សានៅវិមានរដ្ឋសភា នាព្រឹកថៃ្ងទី១២ ខែឧសភា ឆ្នាំ២០២២ ដើម្បី សិក្សាស្វែងយល់ពីប្រវត្តិរដ្ឋសភា រចនាសម្ព័ន្ធ តួនាទី និងភារកិច្ចរបស់ស្ថាប័នកំពូលរបស់ជាតិមួយនេះ។

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងសហការី បានទទួលស្វាគមន៍ និងធ្វើបទបង្ហាញពីតួនាទី និងភារកិច្ចរដ្ឋសភា និងអគ្គលេខាធិការដ្ឋានរដ្ឋសភាដល់និស្សិត ដែលបានមកសិក្សាស្វែងយល់ដោយផ្ទាល់នៅវិមានរដ្ឋសភានាពេលនេះ។

ឯកឧត្តមបានបញ្ជាក់ថា អគ្គលេខាធិការដ្ឋានរដ្ឋសភា ជាអង្គភាពរដ្ឋបាលមួយ ដែលមានបេសកកម្មក្នុងការផ្តល់សេវារដ្ឋបាល បច្ចេកទេស ធនធានមនុស្ស និងថវិកា ជូនរដ្ឋសភា និងត្រូវមានមធ្យោបាយ ជូនសមាជិករដ្ឋសភាទំាងអស់ក្នុងការបំពេញភារកិច្ចជូនប្រជាពលរដ្ឋ និង ប្រទេសជាតិ។ ឯកឧត្ដមអគ្គលេខាធិការ ក៏បានប្រគល់តួនាទីដល់សហការី ក្នុងការធ្វើបទបង្ហាញពីការងារជំនាញមួយចំនួន ជូនដល់ និស្សិតទាំងអស់បានយល់ដឹងផងដែរ។

ឯកឧត្តម ឡាយ ប៊ុនម៉េង អគ្គនាយករងនៃអគ្គនាយកដ្ឋាននីតិកម្ម និងស្រាវជ្រាវ បានធ្វើការបង្ហាញយ៉ាងលម្អិតពីប្រវត្តិស្ថាប័នរដ្ឋសភា កម្ពុជា និងបង្ហាញពីតួនាទីភារកិច្ចសំខាន់ៗក្នុងការធ្វើច្បាប់របស់រដ្ឋសភា ដែលមាន៦ចំណុចសំខាន់គឺ ១.មូលដ្ឋានគតិយុទ្ធ ២.ដំណើរការ រៀបចំសេចក្តីព្រាងច្បាប់ និងសេចក្តីស្នើច្បាប់ ៣.ការពិនិត្យ និងឣនុម័តនៅរដ្ឋសភា ៤.ការពិនិត្យ និងឲ្យយោបល់របស់ព្រឹទ្ធសភា ៥.ការ- ពិនិត្យឣំពីធម្មនុញ្ញភាព ៦.ការប្រកាសឲ្យប្រើ និងការចូលជាធរមាន ដោយឯកឧត្តមបាធ្វើការនពន្យល់លំឣិតបន្ថែមម្តងមួយចំណុចៗឲ្យ និស្សិតទាំងឣស់បានយល់ច្បាស់ផងដែរ។ ឯកឧត្តមក៏បានជម្រាបជូនដែរថា ព្រះរាជាណាចក្រកម្ពុជាមានស្ថាប័នរដ្ឋសភាចាប់តាំងពីឆ្នាំ ១៩៤៧មក និងមានការប្រែប្រួលផ្លាស់ប្តូរទៅតាមរបបដឹកនាំជាច្រើន។ ចាប់ពីការបោះឆ្នោតឆ្នាំ១៩៩៣មក រដ្ឋសភាកម្ពុជាមានអាយុកាល ៦ អាណត្តិហើយ ដែលសមាជិករដ្ឋសភាកើតចេញពីការបោះឆ្នោត៥ឆ្នាំម្តង។

កញ្ញា មិត្ត ចាន់លីនដា ប្រធាននាយកដ្ឋានស្រាវជ្រាវកិច្ចការជាតិ បានធ្វើបទបង្ហាញទាក់ទងលើប្រធានបទស្ត្រីនិងយេនឌ័រ ក្នុងវិស័យ ច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលស្ត្រីត្រូវបានទទួលគំនាបពីទំនៀមទំលាប់ ប្រពៃណី សាសនា និងមានការទទួលខុសត្រូវ ជាច្រើនលើការងារសង្គមគ្រួសារ និងប្រទេសជាតិ ដែលជាហេតុធ្វើឲ្យស្ត្រីបានចូលបម្រើការក្នុងស្ថាប័នជាតិ មានប្រមាណប្រហែល២៦% នៅរដ្ឋសភា តុលាការប្រហែល១៥% និងក្នុងរដ្ឋាភិបាលប្រហែល២០% ប៉ុណ្ណោះ។

បន្ទាប់ពីបានស្តាប់ការធ្វើបទបង្ហាញរបស់ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភារួចមក លោក នៅ ម៉ាល័យ តំណាងឲ្យវិទ្យាស្ថានវ៉ាន់ដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលបានទទួលស្វាគមន៍ និងបានធ្វើបទបង្ហាញយ៉ាងលម្អិតពី ស្ថាប័នរដ្ឋសភា។ លោកបានសម្តែងក្តីរីករាយថា ដំណើរទស្សនកិច្ចនេះជាឱកាសដ៏មានតម្លៃដែលនិស្សិតនៃវិទ្យាស្ថានរបស់លោកទទួល បានចំណេះដឹង និងបានទស្សនាដោយផ្ទាល់នូវវិមានរដ្ឋសភា និងទីតាំងសំខាន់ៗមួយចំនួនក្នុងវិមានរដ្ឋសភាផងដែរ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន