នៅរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានក្រុម សភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី បានអញ្ជើញចូលរួមជាវាគ្មិនពិសេស ក្នុងសិក្ខាសាលារៀបចំដោយ សភាសហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការអាស៊ាន (European Parliament in ASEAN) តាមប្រព័ន្ធនិម្មិត ដោយមានការផ្សាយផ្ទាល់តាមបណ្តាញសង្គម និង គេហទំព័រសភាសហភាពអឺរ៉ុបពីទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក។
ការអញ្ជើញចូលរួមនាពេលនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់សភាសហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការអាស៊ាន ក្នុងគោលបំណង ពិភាក្សា ផ្លាស់ប្តូរយោបល់គ្នា ពាក់ព័ន្ធនឹងស្រ្តី និងយេនឌ័រ ស្របពេលដែលពិភពលោកកំពុងប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ក្រោម មូលបទរួម “សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត”។ ដោយឡែកសិក្ខាសាលានាពេលនេះ បានផ្តោតលើប្រធានបទ សំខាន់មួយគឺ “ធ្វើឱ្យសមភាពយេនឌ័រក្លាយជាការពិត”។
សិក្ខាសាលានាពេលនេះបានអញ្ជើញវាគ្មិនសំខាន់ៗ ដែលជាឥស្សរជនជាន់ខ្ពស់ស្រ្តីមកពីស្ថាប័ននីតិប្បញ្ញត្តិ គណបក្សនយោបាយ និង ធុរកិច្ច រួមមាន លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា លោកជំទាវ Marina Kaljurand សមាជិកសភា សហភាពអឺរ៉ុប មកពីប្រទេសអេស្តូនី លោកជំទាវ Silvana Koch-Mehrin ប្រធាន និងជាស្ថាបនិកមេដឹកនាំនយោបាយស្រ្តី និងជាអតីតអនុប្រធានសភាសហភាពអឺរ៉ុប និង លោកជំទាវ Siti Rozaimeriyanty DSLJ Haji Abdul Rahman សមាជិកក្រុម- ប្រឹក្សានីតិប្បញ្ញត្តិ ប្រ៊ុយណេដារូសាឡឹម។
ថ្លែងក្នុងអង្គសិក្ខាសាលា លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានមានប្រសាសន៍ថា សហភាពអឺរ៉ុបគឺជាដៃគូសន្ទនាដ៏សំខាន់ មួយរបស់អាស៊ាន ហើយភាពជាដៃគូសន្ទនានេះ ត្រូវបានលើកកម្ពស់ទៅជាភាពជាដៃគូយុទ្ធសាស្ត្រកាលពីឆ្នាំ២០២០ ដែលនេះពិតជា ឆ្លុះបញ្ចាំងពីភាពរីកចំរើននៃការប្តេជ្ញាចិត្ត និងផលប្រយោជន៍រួមគ្នារវាងតំបន់ទាំងពីរ ក្នុងការជំរុញប្រព័ន្ធពហុភាគីប្រកបដោយភាពបើក- ចំហ បរិយាប័ន្ន ដោយផ្អែកលើច្បាប់ ព្រមជាមួយនឹងកិច្ចសហប្រតិបត្តិការដែលយកប្រជាជនជាស្នូល។
ឆ្លៀតក្នុងឱកាសនេះដែរ ក្នុងនាមលោកជំទាវជាប្រធានកិច្ចប្រជុំគណៈកម្មាធិការស្រ្តី (WAIPA) នៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី ៤៣ លោកជំទាវបានជម្រាបជូនអង្គសិក្ខសាលាថា រាជរដ្ឋាភិបាលកម្ពុជា និងសភាកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បាននឹងកំពុងចូលរួមយ៉ាងសកម្មប្រកបដោយស្មារតីយកចិត្តទុកដាក់ខ្ពស់ក្នុងការ ជំរុញលើកកម្ពស់កិច្ចសន្ទនា និងការពិគ្រោះយោបល់ពហុភាគី ការជះឥទ្ធិពលលើគោលនយោបាយសាធារណៈ និងការរៀបចំសេចក្តី- ព្រាងសេចក្តីសម្រេចស្តីពីការជំរុញលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្ត្រី និងក្មេងស្រី។
កិច្ចពិភាក្សាថ្ងៃនេះ ផ្តោតសំខាន់ទៅលើវឌ្ឍនភាព នៃសមភាពយេនឌ័រ នៅក្នុងតំបន់អាស៊ាន និងអឺរ៉ុប ស្ថានភាពស្រ្តីនៅក្នុងភាពជា អ្នកដឹកនាំ និងផ្នត់គំនិតយេនឌ័រស្តីពីការគម្រាមកំហែងពីប្រព័ន្ធសុវត្ថិភាពក្នុងលំហរ។ ជាងនេះទៅទៀត យោងទៅតាមទិន្នន័យថ្មីៗនេះ នៅលើវិស័យ ចំនួន២៣ បានបង្ហាញអំពីទស្សនៈខុសគ្នារវាងស្រ្តី និងបុរសចូលរួមនៅក្នុងសកម្មភាពនានា ក្នុងសេដ្ឋកិច្ច និងសង្គម ជាពិសេសនៅក្នុងវិស័យនយោបាយ ដែលទស្សនៈនោះបានបង្ហាញថា មានការទទួលស្គាល់តិចតួចអំពីការចូលរួមរបស់ស្រ្តីនៅក្នុងតួនាទី ដឹកនាំ ដែលធ្វើឱ្យមានគម្លាតយេនឌ័រកាន់តែធំនៅក្នុងស្ថាប័នកំពូលក្នុងតំបន់អាស៊ាន និងអឺរ៉ុប។
ទោះបីជាការតំណាងរបស់ស្រ្តីមានការកើនឡើងនៅក្នុងតួនាទីនយោបាយ និងក្នុងតំណែងគ្រប់គ្រង ស្រ្តីនៅតែប្រឈមនឹងផ្នត់គំនិត នៃ ការបែងចែករវាងគំរូ និងការរើសអើងភេទ (Gender stereotype) ឧបសគ្គចំពោះកំណើនអាជីព ឬពិដានកញ្ចក់ (glass ceiling) ផ្នត់គំនិត សង្គម និងអំពើហិង្សាលើស្រ្តី ដែលធ្វើឱ្យស្ត្រីមិនអាចចូលរួមដោយពេញលេញក្នុងនយោបាយ សេដ្ឋកិច្ច និងសង្គម។
ទន្ទឹមនឹងនេះ វាគ្មិនបានលើកឡើងផងដែរអំពីបទពិសោធន៍ផ្ទាល់ខ្លួន ក៏ដូចជាគោលនយោបាយជាតិ ក្នុងការឆ្លើយតបទៅវិសមភាព- យេនឌ័រ រាប់ចាប់តាំងពីវិស័យនយោបាយ ការប្រែប្រួលអាកាសធាតុ ការចូលរួមនៅក្នុងដំណើរការស្វែងរកសន្តិភាព ដែលបញ្ហាជម្លោះ នៅភូមា និងអ៊ុយក្រែនត្រូវបានលើកឡើង។ ក្រៅពីនេះ បានលើកឡើងអំពីបញ្ហាវិបត្តិកូវីដ១៩ ដែលជះឥទ្ធិពលដល់សេដ្ឋកិច្ច និង សុខមាលភាពរបស់ស្រ្តី រហូតដល់ការទទួលបានការអប់រំដោយស្មើភាព។ ជាពិសេសក្នុងបរិបទកូវីដ១៩ ប្រទេសទាំងអស់ត្រូវផ្តោតការ គិតគូរកាន់តែខ្លាំងទៅលើសមភាពយេនឌ័រ នៅក្នុងបរិការណ៍ដែលប្រទេសនីមួយៗខិតខំប្រឹងប្រែងកសាងភាពធន់នៃសង្គម និងសេដ្ឋកិច្ច ដើម្បីងើបចេញពី វិបត្តិកូវីដ១៩។
ជាចុងបញ្ចប់ វាគ្មិនចូលរួម បានបង្ហាញនូវចំណាប់អារម្មណ៍ និងការវាយតំលៃខ្ពស់ចំពោះសិក្ខាសាលានេះ ដោយបានគូសបញ្ជាក់ថា វាជាមធ្យោបាយជាក់ស្តែងមួយ ដើម្បីបង្កើតការសន្ទនា និងចំណាប់អារម្មណ៍ផ្សេងៗចំពោះប្រធានបទដែលជាក្តីកង្វល់រួមសម្រាប់អាស៊ាន និងសហភាពអឺរ៉ុប។ មានការរំពឹងយ៉ាងមុតមាំថា សិក្ខាសាលានេះនឹងបន្តជួយកសាងទំនាក់ទំនងរវាងសមាជិកសភា និងអ្នកពាក់ព័ន្ធផ្សេង ទៀតក្នុងតំបន់ទាំងពីរ(អាស៊ាន-អឺរ៉ុប) ក៏ដូចជាជំរុញឱ្យអាស៊ាន និងសហភាពអឺរ៉ុប ធ្វើសកម្មភាពរួមគ្នាបានកាន់តែប្រសើរឡើងលើបញ្ហា ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួម។
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន