Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី៩២ នៃវេទិកាសមាជិកសភាអាស៊ី ដើម្បីប្រជាជន និងការអភិវឌ្ឍ (AFPPD)
លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី៩២ នៃវេទិកាសមាជិកសភាអាស៊ី ដើម្បីប្រជាជន និងការអភិវឌ្ឍ (AFPPD)
Prepaired By: NA1472 ​ Date: (2/17/2022 6:28:40 PM )

លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា និងជាហេរញ្ញឹក CAPPD បានដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ លើកទី៩២ នៃវេទិកាសមាជិកសភាអាស៊ីដើម្បីប្រជាជន និងការអភិវឌ្ឍ (AFPPD) តាមរយៈប្រព័ន្ធនិម្មិត ដែលភ្ជាប់ពីវិមានរដ្ឋសភាកម្ពុជា ទៅកាន់រដ្ឋធានីតូក្យូ ប្រទេសជប៉ុន នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។

កិច្ចប្រជុំខាងលើបានធ្វើឡើងបន្ទាប់ពីសន្និសីទអន្តរជាតិ ស្តីពីការតាមដាន ការអនុវត្តគោលដៅនៃសន្និសីទកំពូល ស្តីពីប្រជាជន និងការ- អភិវឌ្ឍ ( ICPD25) ដែលបានប្រជុំអស់រយៈពេល២ថ្ងៃ ដោយគណ:កម្មាធិការនាយក  នៃ AFPPD និងបានអនុម័តលើ៖

១-របាយការណ៍កិច្ចប្រជុំគណ:កម្មាធិការប្រតិបត្តិលើកទី៩១

២-របាយការណ៍ចន្លោះសម័យប្រជុំគណ:កម្មាធិការប្រតិបត្តិលើកទី៩១-៩២

៣-សំណើសហប្រតិបត្តិការជាមួយសមាជិកគណៈកម្មាធិការជាតិដើម្បីរៀបចំកិច្ចប្រជុំតាមប្រធានបទក្នុងឆ្នាំ២០២២ ដែលមាន៣ប្រធាន- បទគឺ យុវជន យេនឌ័ និងមនុស្សចាស់។

៤-ផែនការយុទ្ធសាស្ត្រ AFPPD 2022

៥-ការពិភាក្សាសំរាប់សកម្មភាពឆ្នាំ២០២២

៦-សំណើរបៀបវារ:កិច្ចប្រជុំគណ:កម្មាធិការប្រតិបត្តិលើកទី៩៣។

នៅក្នុងឱកាសនោះ លោកជំទាវ ឡោក ខេង បានមានប្រសាសន៍ ស្នើសុំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំប្រចាំឆ្នាំ២០២២ ស្តីពីយុវជន និង សមភាពយេនឌ័រ។

លោកជំទាវបានមានប្រសាសន៍បន្តថា វេទិការសមាជិកសភាអាស៊ី ដើម្បីប្រជាជន និងការអភិវឌ្ឍ គឺជាវេទិការប្រជុំចែករំលែកចំណេះដឹង ដល់សមាជិកសភាអាស៊ី លើការងារគោលនយោបាយអំពីប្រជាជន  និងការអភិវឌ្ឍដោយប្រើយន្តការមួយចំនួនដូចជា៖

ទី១-ធ្វើយុទ្ធនាការផ្សព្វផ្សាយព័ត៌មាននានាយ៉ាងសកម្មដល់សមាជិកភាពគោលដៅប្រកបដោយគុណភាពរបស់AFPPD

ទី២-បង្កើនការយល់ដឹងដល់អ្នកពាក់ព័ន្ធដែលមានអត្ថប្រយោជន៍ដល់ប្រជាជន

ទី៣-ផ្តល់វេទិការពិភាក្សាផ្លាស់ប្តូរ ប្រឹក្សាយោបល់ ដើម្បីបង្កើនចំណេះដឹងពីគ្នាទៅវិញទៅមក អំពីគ្រប់ប្រទេសនិងតំបន់

និងទី៤-បំពាក់បំប៉នសមត្ថភាពលើការទំនាក់ទំនងថ្នាក់ជាតិនិងតំបន់៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន