Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អង្គប្រជុំកិច្ចសហប្រតិបត្តិការតំបន់ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជំរុញសកម្មភាពសភារួមគ្នា ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព
អង្គប្រជុំកិច្ចសហប្រតិបត្តិការតំបន់ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជំរុញសកម្មភាពសភារួមគ្នា ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព
Prepaired By: NA1472 ​ Date: (12/14/2021 6:23:26 PM )

នៅក្នុងកិច្ចប្រជុំពិចារណាលើកិច្ចសហប្រតិបត្តិការតំបន់ ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៃសម័យប្រជុំពេញអង្គ លើកទី៣ នៃវេទិកាសភា អាស៊ី-ប៉ាស៊ីហ្វិក លើកទី២៩ (APPF29) សមាជិកប្រតិភូដែលបានចូលរួមបានលើកឡើងពីការជំរុញសកម្មភាពសភារួមគ្នា ក្នុងការឆ្លើយ- តបទៅនឹងការប្រែប្រួលអាកាសធាតុ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

សម័យប្រជុំពេញអង្គលើកទី៣នេះ ដឹកនាំសម្របសម្រួលដោយ ឯកឧត្ដម Jin Park មកពីលេខាធិការដ្ឋានសភានៃសាធារណរដ្ឋកូរ៉េឯកឧត្តម ខៀវ មុត អនុប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា និងជាប្រធានប្រតិភូសភាកម្ពុជា សម្រាប់កិច្ចប្រជុំពេញអង្គលើកទី៣ បានដឹកនាំសហការីចូលរួមក្នុងសម័យប្រជុំនេះ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ តាមប្រព័ន្ធនិម្មិត ដែលភ្ជាប់ពីវិមានរដ្ឋសភាទៅកាន់រដ្ឋធានីសេអ៊ូលនៃសាធារណរដ្ឋកូរ៉េ។

ក្រៅពីការជំរុញសកម្មភាពសភារួមគ្នាក្នុងការបន្តឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ហើយនោះ ប្រតិភូប្រទេសសមាជិកនៃកិច្ចប្រជុំក៏បានលើកឡើងពីតួនាទីរបស់សភាក្នុងតុល្យភាពការគ្រប់គ្រងជំងឺ សេដ្ឋកិច្ច សិទ្ធិមនុស្ស និងគំនិតសម្រាប់កិច្ចសហប្រតិបត្តិការអន្តរសភា ព្រមទាំងការកែលម្អការយល់ដឹងអំពីភាពចម្រុះនៃវប្បធម៌នៅអាស៊ីប៉ាស៊ីហ្វិកផងដែរ។

ប្រទេសជាសមាជិកបានធ្វើការរំលឹកឡើងវិញនូវលទ្ធផល នៃសន្និសីទភាគី(COP) និងអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិ ស្តីពី ការប្រែប្រួលអាកាសធាតុ (UNFCCC) កិច្ចព្រមព្រៀងទីក្រុងប៉ារីស និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDGs) ដោយបានស្នើ ឱ្យប្រទេសនីមួយៗ ខិតខំប្រឹងប្រែងដើម្បីរក្សាគោលដៅ នៃកិច្ចព្រមព្រៀងប៉ារីស និងបន្តកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ដើម្បីឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ។

ប្រទេសសមាជិកក៏បានស្នើឱ្យសភាសមាជិកចូលរួមសាមគ្គីភាព និងចែករំលែកបទពិសោធន៍ និងយុទ្ធសាស្រ្តរបស់ពួកគេក្នុងការឆ្លើយ- តបទៅនឹងស្ថានភាពគ្រាអាសន្ន ដើម្បីធ្វើឱ្យមានតុល្យភាពនៃការគ្រប់គ្រងជំងឺ សេដ្ឋកិច្ច និងសិទ្ធិមនុស្ស និងសម្រាប់ការទទួលបានថ្នាំ- បង្ការ និងការព្យាបាលប្រកបដោយសមធម៌ ជាទំនិញសាធារណៈចំពេលមានការរាតត្បាតនៃជំងឺកូវីដ-១៩។

ឯកឧត្តម ខៀវ មុត បានថ្លែងទៅកាន់សម័យប្រជុំថា វិបត្តិសុខភាពសកលនៃជំងឺកូវីដ-១៩ បានរុញច្រានថយក្រោយនូវវឌ្ឍនភាពសង្គម- សេដ្ឋកិច្ចរបស់ប្រទេសជាច្រើន និងដាក់សម្ពាធបន្ថែមទៅលើធនធានចាំបាច់ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយ ចីរភាពឆ្នាំ២០៣០។ វ៉ារីយ៉ង់ថ្មីនៃជំងឺកូវីដ-១៩ នៅតែជាការគំរាមកំហែង ដែលធ្វើឱ្យការស្តារសេដ្ឋកិច្ច-សង្គមរបស់យើង នៅតែជាបញ្ហា ប្រឈម។ ទន្ទឹមនឹងនេះ ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ បានបង្ហាញរូបរាងកាន់តែច្បាស់ និងធ្ងន់ធ្ងរ ដែលជះឥទិ្ធពលកាន់តែ អាក្រក់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍ។

ឯកឧត្តមបានបន្ថែមថា កម្ពុជាបានចូលរួមចំណែកដល់ការដោះស្រាយការប្រែប្រួលអាកាសធាតុ។ យើងបានបង្កើនថវិកាប្រយុទ្ធប្រឆាំង ការប្រែប្រួលអាកាសធាតុបីដងច្រើនជាងមុន ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ដែលបច្ចុប្បន្នស្មើនឹង២% នៃGDP និងបានដាក់ដំណើរ- ការ ការប្រើប្រាស់ថាមពលដោយពន្លឺព្រះអាទិ្យទំហំជាង៤០០MW ដែលស្មើនឹង១៥%នៃ ថាមពលសរុប បញ្ឈប់ការកសាងរោងចក្រ អគ្គិសនីដុតធ្យូងថ្មថ្មី និងបញ្ឈប់ការសាងសង់ទំនប់វារីអគ្គិសនីថ្មីតាមដងទន្លេមេគង្គ។ ត្រឹមឆ្នាំ២០៣០ កម្ពុជាប្តេជ្ញាកាត់បន្ថយឧស្ម័នផ្ទះ- កញ្ចក់ប្រមាណ៤២% ដូចដែលបានកំណត់នៅក្នុងរបាយការណ៍បច្ចុប្បន្នភាព នៃការចូលរួមចំណែករបស់ជាតិ(NDC)។ លើសពីនេះ «យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអាព្យាក្រឹតកាបូន» កំពុងត្រូវបានកសាងឡើង ដើម្បីលើកកម្ពស់សកម្មភាពដែលអាច សម្រេចបានកាបូនទាប ធន់នឹងអាកាសធាតុ និងកំណើនប្រកប ដោយបរិយាប័ន្ន។

ឯកឧត្តម ខៀវ មុត បានលើកឡើងនូវការកត់សម្គាល់ថា មេរៀនដ៏សំខាន់ដែលយើងទទួលបានពីការរាតត្បាតជំងឺកូវីដ-១៩ គឺគ្មាន ប្រទេសណាមួយ អាចដោះស្រាយបញ្ហាប្រឈមនេះ តែម្នាក់ឯងបានឡើយ។ សកម្មភាពរួបរួមគ្នា និងពហុភាគីនិយមរបស់យើង ទាំងអស់គ្នាគឺជាដំណោះស្រាយតែមួយគត់ ដើម្បីកសាងសង្គមប្រកបដោយវិបុលភាព និងចីរភាពសម្រាប់មនុស្សទាំងអស់គ្នា និងឆ្លើយ- តបទៅនឹងការគំរាមគំហែងកម្រិតសកលនៃការប្រែប្រួលអាកាសធាតុ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន