សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ ដែលសភាកម្ពុជាជាម្ចាស់ផ្ទះ បានប្រារព្ធពិធីបើកជាផ្លូវការ
កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ ដែលសភាកម្ពុជាជាម្ចាស់ផ្ទះ បានប្រារព្ធពិធីបើកជាផ្លូវការ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (11/15/2021 10:17:38 PM )

កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ ហៅកាត់ថា (ASEP11) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោមមូលបទ “ការលើកកម្ពស់ ភាពជាដៃគូសភា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ទាំងក្នុងសម័យ និងក្រោយវិបត្តិកូវីដ-១៩” បានប្រារព្ធពិធីបើកជា ផ្លូវការ នៅរសៀលថ្ងៃទី១៦ ខែវិចិ្ឆកា ឆ្នាំ២០២១នេះ តាមប្រព័ន្ធនិម្មិត ផ្សាយចេញពីវិមានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលមាន សភាប្រទេសជាសមាជិក និងដៃគូជាង៣០ មានសមាជិកប្រតិភូជិត២០០នៅក្នុងទ្វីបអាស៊ី និងអឺរ៉ុប បានចូលរួម។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាសហប្រធាន ASEP11 សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន នៃកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើកទី១៣ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកកិច្ចប្រជុំនេះ ដែលមានវត្តមាន លោកជំទាវ ហេឌី ហូតាឡា (Heidi Hautala) អនុប្រធានសភាអឺរ៉ុប ចូលផងដែរ។

ក្នុងនាមសភាកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានគណៈប្រតិភូទំាងអស់ ដែលបាន ចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់ សម្រាប់ពលរដ្ឋនៅក្នុងទ្វីបអាស៊ី និងអឺរ៉ុប ក៏ដូចជាពលរដ្ឋនៅក្នុងពិភពលោកទំាងមូល។ សម្តេច ប្រធានព្រឹទ្ធសភាបានគូសបញ្ជាក់ថា មូលបទស្តីពី “ការលើកកម្ពស់ភាពជាដៃគូសភា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ទាំងក្នុងសម័យ និងក្រោយវិបត្តិកូវីដ-១៩” ដែលសភាពកម្ពុជាកំណត់យក បានទទួលការគំាទ្រពីប្រទេសជាសមាជិក មានសារៈសំខាន់ ឆ្លុះបញ្ចំាងពីស្ថានភាពបច្ចុប្បន្ន និងចក្ខុវិស័យទៅអនាគត ខណៈដែលទំាងអស់គ្នាកំពុងធ្វើដំណើរឆ្លងកាត់វិបត្តិកូវីដ១៩ និងខិតខំប្រឹង- ប្រែងឆ្ពោះទៅរកការស្តារសង្គម សេដ្ឋកិច្ចឡើងវិញ នៅក្នុងយុគសម័យក្រោយវិបត្តិកូវីដ១៩។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សហប្រធានASEP11 បានគូសបញ្ជាក់ថា ទោះបីជាក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ តំបន់អាស៊ី និងអឺរ៉ុប ទទួលបាននូវសុខសន្តិភាព ស្ថិរភាព និងវឌ្ឍនភាព គួរឱ្យកត់សម្គាល់យ៉ាងនេះក្តី តំបន់ទាំងពីរនៅតែជួបបញ្ហា ប្រឈមជាច្រើន ដែលបានជះឥទ្ធិពលដោយផ្ទាល់ មកលើជីវិត និងក្តីសង្ឃឹម របស់ប្រជាពលរដ្ឋ។ ជាមួយនឹងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ បណ្តាលមកពីជំងឺរាតត្បាតសកលកូវីដ-១៩ តំបន់ទាំងពីរទទួលរងនូវផលប៉ះពាល់ ពីបញ្ហាប្រឈមធំៗជាច្រើនទៀត រួមមាន បញ្ហា សន្តិសុខ ភេរវកម្ម ការប្រកួតប្រជែងពាណិជ្ជកម្ម និងបច្ចេកវិទ្យា ការប្រែប្រួលអាកាសធាតុ សន្តិសុខនៃធនធានធម្មជាតិ វិសមភាពសង្គម និងយេនឌ័រ ពិសេសការប្រែប្រួលតុល្យភាពអំណាច ដែលជាឃ្នាស់អាចបង្ករឱ្យមានសង្រ្គាមក្នុងរូបភាពណាមួយក៏ថាបាន។

ក្នុងនាមសហប្រធានកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងនូវការអបអរសាទរ យ៉ាងជ្រាលជ្រៅចំពោះ (ASEM) នាឱកាសប្រារព្ធខួបលើកទី២៥ ព្រមទំាងសម្តែងនូវការសាទរ ចំពោះសមិទ្ធផលសំខាន់នានា ដែល សម្រេចបានក្រោមសសរស្តម្ភទាំងបី នៃកិច្ចសហប្រតិបត្តិការតំបន់ទាំងពីរ រួមមាន នយោបាយ សេដ្ឋកិច្ច ហិរញ្ញវត្ថុ សង្គមវប្បធម៌ និង អប់រំ។

សម្តេចបានលើកឡើងថា នេះជាការជួបជុំគ្នាក្នុងកិច្ចប្រជុំ ក្រោមមូលបទស្តីពី “ការលើកកម្ពស់ភាពជាដៃគូសភា ដើម្បីសន្តិភាព និង ការអភិវឌ្ឍប្រកបដោយចីរភាព ទាំងក្នុងសម័យ និងក្រោយវិបត្តិកូវីដ-១៩” នាពេលនេះ ពិតជាមានសារៈសំខាន់ និងសមស្របបំផុត ទៅនឹងបរិបទបច្ចុប្បន្ន។ ការជួបជុំនេះមិនត្រឹមតែផ្តល់នូវឱកាសដល់ការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ព្រមទាំង បង្កើនការយល់ដឹងពីគ្នាទៅវិញទៅមកប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវកាលានុវត្តភាពដ៏ប្រសើរមួយ ដើម្បីយើងរួមគ្នា ស្វែងរកដំណោះ- ស្រាយចំពោះបញ្ហាប្រឈម និងក្តីកង្វល់រួមរបស់យើង សំដៅលើកកម្ពស់សុខសន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយ ចីរភាព ដែលជាបំណងប្រាថ្នារួមរបស់ប្រជាជនក្នុងតំបន់ទាំងពីរ ក៏ដូចជាសកលលោកទាំងមូល។ ជាមួយគ្នានេះ ការជួបជុំគ្នានៅពេល នេះ ក៏ជាការសាទរនូវក្តីសង្ឃឹមជាថ្មី នៃការបើកឱ្យដំណើរការនូវសេដ្ឋកិច្ចសង្គមឡើងវិញ និងការរៀនរស់តាមប្រក្រតីភាពថ្មី។

សម្តេច ហេង សំរិន បានកត់សម្គាល់ថា “យើងត្រូវចងចាំថា សង្រ្គាមអាចនឹងកើតឡើងដោយងាយ និងឆាប់រហ័ស ហើយរីករាលដាល យ៉ាងលឿន ក៏ប៉ុន្តែវាមិនអាចបញ្ចប់បានដោយងាយស្រួលនោះបានទេ ជាអាទិ៍ សង្គ្រាមនៅអាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ ស៊ីរ៉ី តំបន់ទីក្រេ និង កន្លែងផ្សេងៗទៀតជាដើម។ ក្នុងនាមជាប្រជាជាតិមួយ ដែលធ្លាប់ឆ្លងកាត់សង្រ្គាម កម្ពុជាសូមចូលរួមសោកស្តាយយ៉ាងខ្លាំង ចំពោះ ប្រជាជននៃប្រទេសទាំងនោះ ដែលកំពុងរងទុក្ខវេទនាគ្រប់បែបយ៉ាងដោយសារសង្រ្គាម និងសូមបួងសួងឱ្យវិបត្តិ និងសោកនាដកម្មដ៏ អាក្រក់នេះ ផុតរលត់ពីភពផែនដី ហើយអាចឱ្យប្រជាជនបានរស់នៅដោយសុខសន្តិភាព និងសុខដុមរមនា”។

ជាមួយគ្នានេះ ការជួបជុំគ្នានៅពេលនេះ ក៏ជាការសាទរនូវក្តីសង្ឃឹមជាថ្មី នៃការបើកឱ្យដំណើរការនូវសេដ្ឋកិច្ចសង្គមឡើងវិញ និងការរៀន រស់តាមប្រក្រតីភាពថ្មី។

សូមជម្រាបថាកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ជាផ្នែកសំខាន់មួយនៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប លើកទី១៣ (ASEM13) ដែលរាជរដ្ឋាភិបាលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅចុងខែវិច្ឆិកានេះដែរ។ ASEM ជាកិច្ចប្រជុំក្រៅផ្លូវការមួយសម្រាប់ ជំរុញកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការរវាងទ្វីបអាស៊ី និងអឺរ៉ុប ដែលផ្តោតលើការពង្រឹងភាពជាដៃគូ លើកកម្ពស់សន្តិភាព សន្តិសុខ វឌ្ឈនភាពសង្គម សេដ្ឋកិច្ចប្រកបដោយចីរភាព។

នៅក្នុងសុន្ទរកថាគន្លឹះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប លើកទី១៣ បានគូសបញ្ជាក់ថា កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប គឺជាយន្តការស្នូលដ៏សំខាន់មួយ សម្រាប់តភ្ជាប់ប្រជាជន និង ប្រជាជនរវាងទ្វីបទំាងពីរ ហើយលទ្ធផលនៃកិច្ចប្រជុំនេះនឹងក្លាយជាធាតុចូល និងអនុសាសន៍ដ៏មានតម្លៃ សម្រាប់កិច្ចប្រជុំកំពូលអាស៊ី- អឺរ៉ុប។ សម្តេចបានគូសបញ្ជាក់ថា ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ អាទិភាពរបស់កម្ពុជាគឺផ្តោតសំខាន់ទៅលើ ការលើកកម្ពស់ពហុភាគីនិយមឲ្យកាន់តែរឹងមាំ ដើម្បីជំរុញកំណើនរួមគ្នា ក្នុងការស្ដារសង្គម សេដ្ឋកិច្ច ឡើងវិញ ប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់នៅក្រោយវិបត្តិ។

លោកជំទាវ ហេឌី ហូតាឡា អនុប្រធានសភាអឺរ៉ុប ក្នុងនាមម្ចាស់ផ្ទះនៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ីអឺរ៉ុបលើកទី១០ កាលពីឆ្នាំ២០១៨ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសភាកម្ពុជា ដែលបានរៀបចំកិច្ចប្រជុំនាពេលនេះបានល្អឥតខ្ចោះ ទោះបីពិភពលោកកំពុង ស្ថិតនៅក្នុងស្ថានភាពរក្សាអនាម័យការពារជំងឺកូវីដ១៩ក្តី។ លោកជំទាវបានសង្កត់ធ្ងន់ថា “យើងទំាងអស់គ្នាមានការចាប់អារម្មណ៍ចំពោះ របៀបគ្រប់គ្រងរបស់កម្ពុជាក្នុងការជម្នះនូវរាល់ឧបសគ្គ ដើម្បីរៀបចំកិច្ចប្រជុំនេះដោយវិជ្ជាជីវៈ ទោះបីទទួលបន្ទុកជាច្រើនដែលបណ្តាល មកពីភាពមិនច្បាស់លាស់នៃជំងឺរាតត្បាតក៏ដោយ”។

លោកជំទាវ ហេឌី ហូតាឡា បានលើកឡើងថា សភាជាកិច្ចការដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេស។ អភិបាលកិច្ចល្អទាមទារ ឲ្យមានស្ថាប័ននីតិប្បញ្ញត្តិមួយរឹងមាំ និងប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធិផល។ ការណ៍នេះគឺដោយសារការចូលរួមរបស់សភាក្នុង ការវិនិច្ឆ័យ ប្រៀបធៀប និងបង្ហាញនូវទស្សនៈ និងតម្រូវការរបស់ប្រជាពលរដ្ឋ រួមជាមួយនឹងការសម្តែងនូវក្តីសង្ឃឹម និងសេចក្តីប្រាថ្នា របស់ពួកគាត់ក្នុងការកំណត់របៀបវារៈនៃការអភិវឌ្ឍជាតិ។ លោកជំទាវបានបន្តថា ជាផ្នែកមួយនៃដំណើរការដ៏ធំ នៃភាពជាដៃគូតំបន់ អាស៊ី និងអឺរ៉ុប កិច្ចប្រជុំភាពជាដៃគូសភាអាស៊ីអឺរ៉ុប គឺតំណាងឲ្យមតិរបស់ពលរដ្ឋនៅក្នុងតំបន់អាស៊ី និងអឺរ៉ុប សម្រាប់ចូលរួមផ្តល់វិភាគ- ទានដល់កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ដោយធានាថាកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប អាចឆ្លើយតបនឹងតម្រូវការទំាងឡាយរបស់ប្រជាពលរដ្ឋ។

ជាមួយការប្រកាសបើកកិច្ចប្រជុំជាផ្លូវការ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា សភាត្រូវបន្តលើកកម្ពស់បន្ថែម- ទៀតនូវវប្បធម៌សន្ទនា និងតម្លៃនៃសន្តិភាព សម្រាប់ដោះស្រាយបញ្ហាទាំងឡាយខាងលើ។ សម្តេចបានសង្កត់ធ្ងន់ថា យន្តការ “ការទូត សភា” រួមមាន ការទូតបង្ការជម្លោះ និងការទូតផ្សះផ្សារ ជាយន្តការគន្លឹះក្នុងការដោះស្រាយបញ្ហាទាំងនេះ។ បន្ថែមពីនេះ ដើម្បីឱ្យ សន្តិភាពបានស្ថិតស្ថេរគង់វង្សយូរអង្វែង យើងចាំបាច់ត្រូវលើកកម្ពស់នូវវិបុលភាពរួម យុត្តិធម៌សង្គម អភិបាលកិច្ចល្អ សិទ្ធិមនុស្ស និង គុណតម្លៃ នៃប្រជាធិបតេយ្យ។

ក្រោយពីប្រកាសបើកកិច្ចប្រជុំជាផ្លូវការ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាសហប្រធាន ASEP11 បាន អញ្ជើញដឹកនាំកិច្ចប្រជុំដោយផ្ទាល់បន្តទៀត។ កិច្ចប្រជុំភាពជាដៃគូសភាអាស៊ីអឺរ៉ុបលើកទី១១នេះ នឹងបិទបញ្ចប់នៅរាត្រីថ្ងៃខែឆ្នាំដដែល នេះ ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន