ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំសហការីស្វែងយល់ពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមរបស់ក្រសួងធម្មការ និងសាសនា តាមរយៈប្រព័ន្ធនិម្មិត
ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំសហការីស្វែងយល់ពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមរបស់ក្រសួងធម្មការ និងសាសនា តាមរយៈប្រព័ន្ធនិម្មិត
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/14/2021 2:10:54 AM )

គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការ និងដោយមានការចូលរួមពីគណៈកម្មការជំនាញនានានៃរដ្ឋសភា បានជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា តាមរយៈប្រព័ន្ធនិម្មិត ដែលផ្សាយចេញពីវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីស្វែងយល់ពីវឌ្ឍនភាពការងារ បញ្ហាប្រឈម ការអនុវត្តច្បាប់ និងគោលនយោបាយរបស់ក្រសួងធម្មការ និងសាសនា ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល។

ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានជម្រាបជូនគណៈកម្មការរដ្ឋសភាដោយសង្ខេប ពីវឌ្ឍនភាពការងារ របស់ក្រសួង ដែលបានខិតខំបំពេញភារកិច្ចដឹកនាំ និងគ្រប់គ្រងសាសនាទាំងអស់ ក្នុងព្រះរាជាណាចក្រកម្ពុជា និងជាពិសេសព្រះពុទ្ធ- សាសនាដែលជាសាសនារបស់រដ្ឋ។

ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការកត់សំគាល់នូវភារកិច្ចជាអាទិភាពនានារបស់ក្រសួង ដែលក្នុងនោះ រួមមានការលើកទឹកចិត្តឱ្យសាសនា ទាំងអស់ ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ជំរុញវត្តអារាម និងវិហារសាសនានានា ឱ្យក្លាយជាមជ្ឈមណ្ឌលអប់រំ ខាងផ្នែកស្មារតី សីលធម៌ វប្បធម៌ និងសង្គមកិច្ច ក៏ដូចជាការរក្សាឲ្យបាននូវសុខដុមនីយកម្ម និងសេរីភាព ខាងជំនឿសាសនាទាំងអស់ ដែលត្រូវបាន ការពារដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដម ក៏បានជម្រាបជូនពីទិសដៅការងាររបស់ក្រសួង និងបង្ហាញផងដែរពី បញ្ហាប្រឈមនានា ក្នុងការអនុវត្តការងារ ជាពិសេសក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ-១៩នេះ។

ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍លើកឡើងពីការយកចិត្តទុកដាក់របស់គណៈកម្មការទី៧ ចំពោះកិច្ចខិតខំ ប្រឹងប្រែងបំពេញការងាររបស់ក្រសួងធម្មការ និងសាសនា ក្នុងការងារសុខដុមនីយកម្មសាសនា ដែលធ្វើឲ្យសង្គមសុខសាន្តរស់នៅ ចុះសម្រុងគ្នា និងការងារអប់រំបណ្តុះបណ្តាលក្នុងសាសនា ដែលបព្វជិតជាកូនចៅប្រជាពលរដ្ឋបានទទួលចំណេះដឹងទាំងផ្លូវលោក និង ផ្លូវធម៌ ដែលជាការជួយសង្គមមួយយ៉ាងធំធេង។

ឯកឧត្តម ហ៊ុន ម៉ានី ក៏បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទទាំងអស់ នៃក្រសួងធម្មការ និងសាសនា ឲ្យបន្ត ខិតខំប្រឹងប្រែង បំពេញតួនាទីភារកិច្ចជាបន្តទៀត និងជួយផ្សព្វផ្សាយ ពីវិធានការរបស់ក្រសួង ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ជាពិសេសត្រូវបន្តយកចិត្តទុកដាក់ខិតខំបន្តអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយក រដ្ឋមន្រ្តី ដែលតែងតែជំរុញឲ្យមានការយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខរបស់ព្រះសង្ឃនៅតាមមវត្តអារាម និងមន្រ្តីរាជការ តាមរយៈការ ផ្តល់នូវអាទិភាពនានា ក្នុងការទទួលបាននូវវ៉ាក់សាំងទាន់ពេលវេលា ក៏ដូចជាការបន្តបើកប្រាក់បៀវត្សរ៍ ឲ្យបានទៀងទាត់ ទោះក្នុង កាលៈទេសៈលំបាកនេះក្តី។

ស្ថិតក្នុងកាលៈទេសៈដ៏លំបាកនេះ គណៈកម្មការ និងក្រសួង បានទទួលស្គាល់សារៈសំខាន់ នៃការចូលរួម នៃវិស័យសាសនា ដើម្បី ជាផ្នែកមួយ នៃដំណោះស្រាយចំពោះសង្គម ទាំងការផ្សព្វផ្សាយធម៌ឲ្យចិត្តស្ងប់ និងការជួយឧបត្ថម្ភជាសម្ភារៈផ្សេងៗរបស់ព្រះសង្ឃ ក៏ដូចជាបព្វជិតនានាដល់សង្គមវិញ។ ម្យ៉ាងទៀត គណៈកម្មការទី៧ និងក្រសួង ក៏បានទទួលស្គាល់ថា នៅមានកិច្ចការសំខាន់ជាច្រើន នៅចំពោះមុខក៏ដោយ ក៏ស្ថាប័នទាំង២ ឯកភាពថា អាទិភាពចំពោះមុខ គឺការពួតដៃគ្នាប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយប្រើប្រាស់ឱ្យអស់ លទ្ធភាព និងកម្លាំងសរុប ដើម្បីធ្វើយ៉ាងណារក្សាអាយុវជីវិត និងសុវត្ថិភាពជូនប្រជាពលរដ្ឋ សំដៅចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការ ជំរុញឱ្យឈានដល់ការបើកសេដ្ឋកិច្ចជាតិឡើងវិញក្នុងប្រក្រតីភាពថ្មី។

ដើម្បីជាការចូលរួមចំណែកក្នុងការជំរុញការយល់ដឹង និងបង្កើនការប្រុងប្រយ័ត្នពីគ្រោះថ្នាក់ នៃជំងឺកូវីដ-១៩ ក្នុងពេលបុណ្យទានតាម ទំនៀមសាសនា និងជាពិសេសពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌខាងមុខនេះ គណៈកម្មការទី៧ នឹងផ្តល់ជូនក្រសួងនូវបដា (Banner) ដើម្បីដាក់ចងនៅតាមបណ្តាវត្តអារាមនានាទូទាំង២៥ រាជធានី-ខេត្ត ក្រោមខ្លឹមសារ “ចូលរួមអបអរសាទរពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ព្រមទាំងជំរុញឱ្យប្រជាពលរដ្ឋបន្តអនុវត្តវិធានការ ៣ការពារ ៣កុំ”។

ឯកឧត្តមប្រធានគណៈកម្មការ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំជាមួយក្រសួង និងបានចាត់ទុកកិច្ចប្រជុំនេះ ជាវេទិកាសន្ទនាដ៏មាន ប្រសិទ្ធភាពមួយក្នុងស្មារតីសហការ កែលម្អ និងមានទិសដៅរួមគ្នា ដើម្បីជំរុញអនុវត្តការងារក្នុងវិស័យធម្មការ និងសាសនា នៅក្នុង នីតិកាលទី៦ នៃរដ្ឋសភានេះ ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន