ដោយសារបញ្ហារាតត្បាតជំងឺកូវីដ១៩ បានធ្វើឲ្យគម្រោងរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP11) ដែលសភា កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ នៅចុងឆ្នាំ២០២០ ប្តូរទៅធ្វើនៅឆ្នាំ២០២១វិញ។ ដូច្នេះការត្រៀមរៀបចំការងារខ្លះបានផ្លាស់ប្តូរ និងបត់បែន ទៅតាមសភាពការណ៍។ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា និងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ បានដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំ ដើម្បីកំណត់ កាលបរិច្ឆេទថ្មី និងការងារផ្សេងៗទៀតមួយចំនួន សម្រាប់កិច្ចប្រជុំASEP លើកទី១១នេះ។
ឯកឧត្តមប្រធានគណៈកម្មការរៀបចំបានគូសបញ្ជាក់ថា ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ជាសកល បានធ្វើឱ្យគម្រោងរៀបចំ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13) ដែលខាងរាជរដ្ឋាភិបាលទទួលធ្វើជាម្ចាស់ផ្ទះ និងកិច្ចប្រជុំ ASEP11 ដែលសភាធ្វើជា ម្ចាស់ផ្ទះ បានផ្លាស់ប្តូរ។ ឯកឧត្តមបានបញ្ជាក់ថា ផ្អែកតាមលិខិតជូនដំណឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ ឲ្យដឹងថា កិច្ចប្រជុំASEM13 គ្រោងនឹងធ្វើឡើងនៅថ្ងៃទី១-២ ខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ។ ចំណែកខាងសភាយើង មិនទាន់កំណត់ កាលបរិច្ឆេទ សម្រាប់កិច្ចប្រជុំASEP11 នៅឡើយទេ។
នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងជាប្រធានលេខាធិការដ្ឋានជាតិASEP11 បានលើកជា យោបល់ដើម្បីការសម្រេចពីថ្នាក់ដឹកនាំអំពីកាលបរិច្ឆេទរៀបចំកិច្ចប្រជុំ ASEP11 គឺគ្រោងរៀបចំនៅថ្ងៃទី២៦-២៧ ខែឧសភា ឆ្នាំ២០២១ នៅសណ្ឋាគារសុខាភ្នំពេញ ចំណែកនិមិត្តសញ្ញានៃកិច្ចប្រជុំ គឺត្រូវកែសម្រួលពីអ្វីដែលបានសម្រេចលើកមុនបន្តិចបន្តួច។
ចំណែកមូលបទកិច្ចប្រជុំ (Main Theme) គឺគួររក្សានៅដដែល ពីព្រោះខាងក្រសួងការបរទេស ក៏រក្សាទុកមូលបទរបស់ខ្លួនដដែលដែរ។ ប៉ុន្តែចំពោះប្រធានបទសម្រាប់ពិភាក្សាតាមក្រុមពិភាក្សានីមួយៗ គួរលើកឡើងពីការរំលេចខ្លឹមសារ ទាក់ទងនឹងក្នុងវិបត្តិកូវីដ១៩ និង ក្រោយវិបត្តិនេះ។
ឯកឧត្តមប្រធានលេខាធិការដ្ឋាន ASEP11 ឲ្យដឹងថា ចំពោះការចេញលិខិតអញ្ជើញ លេខាធិការដ្ឋាន ASEP11 ស្នើរង់ចាំពេលវេលា បន្តិចទៀតក្នុងការតាមដានសភាពនានាពិសេសស្ថានភាពជំងឺកូវីដ១៩ និងការសម្រេចខាងរាជរដ្ឋាភិបាល ដោយសារកិច្ចប្រជុំ ASEM13 នឹងត្រូវរៀបចំមុន កិច្ចប្រជុំ ASEP11។
ជាមួយគ្នានេះ ឯកឧត្តម ឡេង ប៉េងឡុង បានស្នើសុំធ្វើវិសោធនកម្មសេចក្តីសម្រេចរួមលេខ ១២៩ រ.ស ស្ដីពីការតែងតាំងសមាសភាព គណៈកម្មការរៀបចំ និងអនុគណៈកម្មការនានា ពីព្រោះថា មានអ្នកតំណាងរាស្ត្រមួយចំនួនបានទទួលតួនាទីថ្មីនៅស្ថាប័ននីតិប្រតិបត្ដិ។
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល បានស្នើដល់លេខាធិការដ្ឋានជាតិASEP11 ក៏ដូចជាអនុគណៈកម្មការទាំង៦ ត្រូវដំណើរការ ការងាររបស់ខ្លួនជាប្រក្រតីឡើងវិញ ជាពិសេសលេខាធិការដា្ឋនជាតិASEP11 ត្រូវរៀបចំការងារ និងឯកសារនានា ពាក់ព័ន្ធកិច្ចប្រជុំ ASEP11 ពីពេលនេះតទៅ។ ឯកឧត្តមបានណែនាំថា រាល់ខ្លឹមសារឯកសារទាំងអស់ពាក់ព័ន្ធកិច្ចប្រជុំ ត្រូវដាក់ជូនអនុគណៈកម្មការទី១ ទទួលបន្ទុកខ្លឹមសារ និងឯកសារ ដែលមាន ឯកឧត្ដមកិត្ដិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ជាប្រធាន ធ្វើការពិនិត្យអោយបានគ្រប់ ជ្រុងជ្រោយ និងទាន់ពេលវេលា។
រាល់សំណើ និងការលើកឡើង ដែលជាលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មការរៀបចំនាពេលនេះ នឹងធ្វើរបាយការណ៍ គោរពសូមការ សម្រេចពីសម្តេចប្រធានរដ្ឋសភានាពេលខាងមុខ។
សូមជម្រាបថា គណៈកម្មការរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ បានកំណត់ថា នឹងត្រូវប្រជុំបូកសរុបលទ្ធផល ការងារ និងដាក់ទិសដៅអនុវត្តបន្តក្នុងមួយខែម្តង។ មកដល់ពេលនេះ គណៈកម្មការបានប្រជុំចំនួន៥លើករួចមកហើយ ៕
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន