សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវ ឃួន សុដារី៖ បើទោះបីជាស្ថិតិអ្នកឆ្លង និងជាសះស្បើយពីជំងឺCOVID-19 នៅកម្ពុជាបានថយចុះ តែយើងទាំងអស់គ្នាត្រូវតែបន្តផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋដោយស្មារតីយកចិត្តទុកដាក់ និងម៉ឺងម៉ាត់ដដែល
លោកជំទាវ ឃួន សុដារី៖ បើទោះបីជាស្ថិតិអ្នកឆ្លង និងជាសះស្បើយពីជំងឺCOVID-19 នៅកម្ពុជាបានថយចុះ តែយើងទាំងអស់គ្នាត្រូវតែបន្តផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋដោយស្មារតីយកចិត្តទុកដាក់ និងម៉ឺងម៉ាត់ដដែល
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (4/29/2020 12:37:50 AM )

លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានថ្លែងថា បើទោះបីជាស្ថិតិអ្នកឆ្លង និងជាសះស្បើយពីជំងឺCOVID-19 នៅកម្ពុជាបាន ថយចុះមកនៅតិចតួចក៏ពិតមែន តែយើងទាំងអស់គ្នា មិនត្រូវព្រងើយកន្តើយ ឬគិតថាជំងឺនេះផុតរលត់នោះទេ គឺយើងទាំងអស់គ្នា ជាពិសេសមន្រ្តីរាជការជុំវិញស្រុកលើកដែកដែលនៅជាប់ប្រជាពលរដ្ឋប្រចាំថ្ងៃ ត្រូវតែបន្តផ្សព្វផ្សាយអប់រំដោយស្មារតីយកចិត្តទុកដាក់ និងម៉ឺងម៉ាត់ដដែល ដល់ប្រជាពលរដ្ឋអំពីហានិភ័យជំងឺCOVID-19 និងភាពប្រថុយប្រថាននូវការឆ្លងជំងឺនេះ។

ការថ្លែងបែបនេះធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយមន្រ្តី រដ្ឋបាលឃុំ-ភូមិ ផ្សព្វផ្សាយយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩ ដែលធ្វើឡើង នៅព្រឹកថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២០ នៅទីស្នាក់ការស្រុកលើកដែក ខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល និងដោយមានការចូលរួមពី ឯកឧត្តម អ៊ុក ដាមរី តំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល គណៈអភិបាលស្រុក ក្រុមការងារចុះជួយឃុំ-ភូមិក្នុងស្រុកលើកដែក មន្រ្តី- រាជការ អាជ្ញាធរឃុំ-ភូមិ និងគ្រូពេទ្យជុំវិញស្រុក ប្រមាណ១៥០នាក់។

លោកជំទាវ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចតេជោ  ហ៊ុន  សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង សម្តេចវិបុលសេនាភក្តី សាយ ឈុំ ដល់មន្រ្តីរាជការជុំវិញស្រុក និងបងប្អូន ប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក និងសូមកុំមានការព្រួយបារម្មណ៍ ហើយត្រូវគិតគូពីសុខភាព។

លោកជំទាវ បានគូសបញ្ជាក់បន្ថែមថា ជំងឺកូវីដ-១៩នេះ គឺជាជំងឺឆ្លងរាតត្បាតជាសកល ដែលភាសាអង់គ្លេសហៅថា (Pandemic)។ នេះគឺបានន័យថា វាបាននិងកំពុងកើតមានឡើងស្ទើរគ្រប់ប្រទេស និងដែនដីលើសកលលោក ហើយបើប្រទេសណាមួយមិនមានករណី ជំងឺនេះ ឬមានចំនួនតិចតួចក្តី ក៏មិនមែនមានន័យថា យើងអាចរស់នៅដោយសេរីដូចកាលពីពេលមិនទាន់មានជំងឺនេះទេ លុះត្រាតែ លែងមានអ្នកឆ្លងលើពិភពលោកទាំងមូល ឬមានថ្នាំព្យាបាល ថ្នាំបង្ការ ដែលត្រូវបានប្រើប្រាស់គ្រប់ទិសទី។ លោកជំទាវ បានបន្ត ទៀតថា ស្ថានការណ៍ក្នុងប្រទេសយើងនៅមានភាពស្រួចស្រាលនៅឡើយ ដូច្នេះសូមអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់ យកចិត្ត- ទុកដាក់ខ្ពស់ក្នុងការថែរក្សាសុខភាព។ លោកជំទាវបានរំលឹកពីជំងឺឆ្លងដ៏កាចសាហាវមួយចំនួន ដែលធ្លាប់កើតឡើងក្នុងប្រវត្តិសាស្ត្រលើ ពិភពលោក ដូចជាជំងឺផ្តាសាយអេស្ប៉ាញ (Spanish Flu) ដ៏កាចសាហាវ ដែលធ្លាប់បានកើតឡើងនៅក្នុងឆ្នាំ១៩១៨ ដល់១៩១៩ កាលពី ១០០ឆ្នាំមុន និងធ្លាប់បានសម្លាប់មនុស្សប្រមាណ៤០លាន ទៅដល់៥០លាននាក់ ក្នុងចំណោមអ្នកឆ្លងប្រមាណ៥០០លាននាក់។

ក្រៅពីការពន្យល់ណែនាំអំពីការសុខសុវត្ថិភាពផ្នែកសុខភាព  លោកជំទាវ ក៏បានសង្កត់ធ្ងន់ផងដែរទៅលើបញ្ហាសំខាន់ផ្សេងៗ ដែលជា ផលប៉ះពាល់កើតឡើងពីជំងឺនេះ ដែលនោះគឺការប៉ះពាល់ផ្នែកសង្គម សេដ្ឋកិច្ច រហូតដល់នយោបាយ។ លោកជំទាវ បានលើកជា ឧទាហរណ៍មួយចំនួនកាលពីសម័យកាលប្រទេសធ្លាប់មានសង្គ្រាម ដែលពេលនោះទោះបីជាវឹកវរលំបាកយ៉ាងណាក៏ដោយ ក៏មនុស្ស នៅអាចឆ្លៀតរៀនសូត្រ ឬធ្វើការប្រាស្រ័យទាក់ទងគ្នា។ ផ្ទុយទៅវិញ ចាប់តាំងពីការផ្ទុះឡើងនៃកូវីដ-១៩ មនុស្សក្នុងសង្គមទាំងអស់លើ ពិភពលោកបានផ្លាស់ទៅរបត់ថ្មីដើម្បីបង្ការខ្លួនពីការឆ្លង ដែលគេហៅថា គម្លាតសង្គម (social distancing) អំពីរបៀបនៃការស្វាគមន៍ ធ្វើដំណើរ ឬប្រាស្រ័យទាក់ទងគ្នា ដោយធ្វើយ៉ាងណាមិនប៉ះពាល់គ្នា និងស្ថិតនៅពីគ្នាយ៉ាងតិច១ម៉ែត្រ។

ដោយឡែកផ្នែកសេដ្ឋកិច្ច លោកជំទាវ ឃួន សុដារី បានអំពាវនាវអោយប្រជាពលរដ្ឋខិតខំដាំដុះភោគផលកសិកម្មបរិភោគ និងចិញ្ចឹម សត្វ ដោយបានសង្កេតឃើញថា ភូមិសាស្រ្តទឹកដីស្រុកលើកដែកស្ថិតនៅជាប់ទន្លេដែលជាប្រភពទឹក សម្រាប់ប្រព័ន្ធធារាសាស្រ្តដ៏ សំខាន់ក្នុងការបង្កបង្កើនផលគ្រប់ប្រភេទ។ លោកជំទាវបានបន្តថា សកម្មភាពពាណិជ្ជកម្មក្នុងឃុំមួយចំនួន ដែលមានព្រំដែនជាប់ ប្រទេសជិតខាងត្រូវបានផ្អាកបណ្តោះអាសន្ន ឬមានការលំបាក ដូចនេះការបង្កើន និងពង្រឹងផលិតផលក្នុងឃុំ-ភូមិ ជារឿងចាំបាច់ក្នុង ការប្រែក្លាយសហគមន៍មួយអោយមានភាពធន់មាំស៊ាំទៅនឹងស្ថានការណ៍ដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ន។

សួមបញ្ជាក់ផងដែរថា នេះជាលើកទី៥ហើយ ក្នុងសម្មភាពយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីត-១៩ ក្នុងស្រុកលើកដែក ដោយលើកទី១ កាលពីថ្ងៃទី២៩ ខែមីនា លើកទី២ ថ្ងៃទី០៤ ខែមេសា លើកទី៣ ថ្ងៃទី១១ ខែមេសា និងលើកទី៤ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា រួមទាំងក្រុមការងារជួយស្រុកលើកដែក និងសប្បុរសជននានា បានឧបត្ថម្ភថវិកា ស្បៀងឧបភោគបរិភោគ សម្ភារៈ និងបរិក្ខាពេទ្យមួយចំនួនដល់ស្រុកដើម្បីយកទៅចាត់ចែងតាមឃុំ-ភូមិ។ ដោយឡែក ជំនួយឧបត្ថមនាពេលនេះ សរុបរួមមានថវិកា ៣៨,៤០០,០០០រៀល អង្ករ ៩តោនកន្លះ អំបិល ៣០យួរ ទឹកស៊ីអ៊ីវ ៣០យួរ ទឹកត្រី ៣០យួរ ទឹកបរិសុទ្ធ វីតាល់ ៣០កេស មីរូបតុក្កតា ៣០កេស ជេលលាងដៃ ២០កេស និងម៉ាស៊ីនបាញ់អាកុលសំលាប់មេរោគ១គ្រឿង៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន